Friday, August 09, 2019

កិច្ចប្រជុំពិភាក្សាស្វែងយល់អំពីទិសដៅជាយុទ្ធសាស្ត្រនៃវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាក្នុងខេត្តក្រចេះ

ក្រចេះ៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានទទួលជួបប្រជុំពិភាក្សាការងារ និងសិក្សាស្វែងយល់ សកម្មភាពការងារ និងបញ្ហាប្រឈម នានានៅក្នុងខេត្ត ជាមួយគណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភាដែលដឹកនាំដោយលោក ជា វ៉ាន់ដេត ប្រធានគណ:កម្មការ ផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសមាជិករាជរដ្ឋាភិបាលតំណាងរាស្ត្រមណ្ឌលក្រចេះ តំណាងក្រសួងពាក់ព័ន្ធនានា គណ:អភិបាលខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ និងថ្នាក់ដឹកនាំជំនាញនានាក្នុងរចនាសម្ព័ន្ធសាលាខេត្តចូលរួមផងដែរ។
បន្ទាប់ពីធ្វើការណែនាំសមាសភាពរវាងភាគីទាំង២រួចមក លោក វ៉ា ថនអភិបាលនៃគណ:អភិបាលខេត្តបានរាយការណ៍ជូនអង្គប្រជុំដោយបានរៀបរាប់ពី លក្ខណ:ភូមិសាស្រ្ត ប្រជាពលរដ្ឋ ការប្រកបរបរ អាជីវកម្ម វិនិយោគ កសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ។
លោក បានបន្តថា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងខេត្តឱ្យកាន់តែមានវឌ្ឍនភាពបន្ថែមទៀត រដ្ឋបាលខេត្តបានដាក់ចេញទឹសដៅជាយុទ្ធសាស្ត្រ ដោយយកចិត្តទុកដាក់លើសំខាន់ៗរួមមាន ពង្រឹងសុខសន្តិភាពឱ្យបានរឹងមាំ ពង្រឹងពង្រីកវិសាលភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងអរូបវ័ន្ត លើកកម្ពស់ប្រជាធិបតេយ្យ ការពារបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់តាមព្រំដែន ទាកទាញវិនិយោគគិននិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សុខមាលភាពសង្គម និងវិបុលភាព ដើម្បីធានាបានសុខដុមនីយកម្មសង្គម។
នាឱកាសនោះ លោក ជា វ៉ាន់ដេត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភាបានសួនាំទៅកាន់ថ្នាក់ដឹកនាំនិងអាជ្ញាធរពាក់ព័ន្ធមួយចំនួនអំពីលទ្ធផលនិងដំណើរការនៃការងារ រួមទាំងបញ្ហាប្រឈមនានាដែលបានកើតឡើងក្នុងខេត្តក្រចេះកន្លងមក ដើម្បីស្វែងរកដំណោះមួយល្អប្រសើរ និងយកបញ្ហាប្រឈមទាំងនោះផ្តល់ជូនរាជរដ្ឋាភិបាលមានដំណោះស្រាយ។
លោក បានបញ្ជាក់ផងដែរថា គណៈកម្មាការទី៣នៃរដ្ឋសភាមានភារកិច្ចទទួលខុសត្រូវលើការងារ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដូចនេះក្នុងនាមគណ:កម្មការទី៣នៃរដ្ឋសភាជាតិ និងនាំរាល់សំណូមពររបស់មន្ទីរជំនាញជួយអន្តរាគមន៍ធ្វើការសម្របសម្រួលដោះស្រាយរវាងថ្នាក់មូលដ្ឋានទៅថ្នាក់ជាតិដើម្បីជួយដោះស្រាយបញ្ហាប្រឈមទាំងឡាយណាដែលអាចធ្វើទៅបាន។
នៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋបាលខេត្តមានបញ្ហាប្រឈមដែល បានលើកឡើងនិងសំណូមពរដល់គណៈកម្មាការទី ៣ ជួយដោះស្រាយ រួមមានបញ្ហាការកង្វះខាតមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលជលផល បញ្ហាកង្វះសាលាបណ្តុះបណ្តាលផ្នែកកសិកម្មជូនប្រជាពលរដ្ឋ បញ្ហាធនធានមនុស្ស ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមជនបទ បញ្ហាការគ្រប់គ្រងព្រៃឈើ បញ្ហាអាត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមានកម្រិតខ្ពស់ បញ្ហាទីផ្សារកសិកម្មនិងការស្វែងរកដៃគូវិនិយោគក្នុងខេត្ត៕




No comments:

Post a Comment