Friday, August 09, 2019

យុវជនស្ម័គ្រចិត្តស្រលាញ់បេតិកភណ្ឌពិភពលោក-យូណេស្កូ មកពីបណ្តាប្រទេស ចំនួន៨ បានចុះកម្មសិក្សាស្វែងយល់អំពីកិច្ចការអភិរក្ស និងគ្រប់គ្រងតំបន់អង្គរខេត្តសៀមរាប

សម្រាប់ឆ្នាំ២០១៩ គឺជាលើកទី៣ហើយនៃកម្មវិធីយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក-យូណេស្កូ នៅរមណីយដ្ឋានអង្គរ ដែលមានយុវជនចូលរួម១៨នាក់ មកពី៨ប្រទេស គឺកម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូឡុំប៊ី ប៊ុលហ្ការី ឥណ្ឌា និងចិន។ កម្មវិធីនេះមានរយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីសិក្សានិងទទួលបទពិសោធន៍អំពីការងារអភិរក្សនិងគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោកអង្គរពីអ្នកជំនាញអាជ្ញាធរជាតិអប្សរា។
ពិធីនេះបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែសីហា ក្រោមវត្តមានលោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទេសចរណ៍អង្គរ តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ម៉ី កុសល តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប និងអ្នកស្រី Boram SHIN នាយកវិទ្យាស្ថានកូរ៉េ-អង្គរ ដើម្បីបេតិកភណ្ឌ (KACHI)។
មានមតិទៅកាន់កម្មវិធី អ្នកស្រី Boram SHIN បានឱ្យដឹងថា កម្មវិធីយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌយូណេស្កូឆ្នាំ២០១៩ បានរៀបចំឡើងដោយកិច្ចសហការរវាងអង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យាស្ថានកូរ៉េ-អង្គរដើម្បីបេតិកភណ្ឌ។ កម្មវិធីនេះធ្វើឡើងក្នុងបំណងបង្កើនការយល់ដឹងនិងពង្រឹងការចូលរួមរបស់យុវជននៅថ្នាក់មូលដ្ឋាននិងពិភពលោកទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌និងបេតិកភណ្ឌធម្មជាតិ។
អ្នកស្រីបន្តទៀតថា សម្រាប់យុទ្ធនាការអ្នកស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកឆ្នាំ២០១៩ មានគម្រោងចំនួន៦៨ទាក់ទងនឹងបេតិកភណ្ឌចំនួន៦២ ក្នុងប្រទេសចំនួន៣៦ ហើយមានអង្គភាពយុវជនស្ម័គ្រចិត្តចំនួន៥៥ អាយុចន្លោះពី១៨ទៅ៣០ឆ្នាំ ដែលបានប្តេជ្ញាអនុវត្តសកម្មភាពឆ្ពោះទៅកាន់គោលដៅរួមនៃការអភិរក្សនិងផ្សព្វផ្សាយ។ អ្នកស្រីក៏បានសម្តែងការអរគុណដល់អាជ្ញាធរជាតិអប្សរា ស.ស.យ.ក.ខេត្តសៀមរាប និងអង្គការយូណេស្កូដែលគាំទ្រគម្រោងយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកលើកទី៣ឱ្យដំណើរការបានយ៉ាងរលូន ហើយសង្ឃឹមថារយៈពេល២សប្តាហ៍នេះ នឹងធ្វើឱ្យសិក្ខាកាមទាំង១៧នាក់ទទួលបានបទពិសោធន៍និងការចងចាំដ៏ល្អពីអង្គរ។
ជួសមុខឱ្យថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា លោក សុខ សង្វារ ក៏បានលើកឡើងពីគុណតម្លៃដ៏អស្ចារ្យនៃអង្គរ ដែលជាបុរាណដ្ឋានដ៏ធំមួយនៅក្នុងចំណោមបុរាណដ្ឋានល្បីៗលើពិភពលោក។ អង្គរ មានគម្រោងស្រាវជ្រាវជាច្រើនទាក់ទងនឹងសំណង់ស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ និងរបកគំហើញផ្សេងៗដែលបានបកសា្រយតាមបែបវិទ្យាសាស្ត្រគួរឱ្យកត់សម្គាល់។ ក្រៅពីនេះ អង្គរគឺជាដួងព្រលឹងនៃជនជាតិខ្មែរ ដែលសម្បូរទៅដោយមរតកវប្បធម៌រូបីនិងអរូបីជាច្រើន ហើយនៅតែមានការគោរពប្រតិបត្តិរហូតដល់សព្វថ្ងៃនិងបណ្តុះគំនិតនៃការគោរព ថែរក្សាអង្គររបស់ប្រជាជនក្នុងនោះជាស្រេច។
តាមរយៈការងារស្ម័គ្រចិត្តលើការងារបេតិភណ្ឌផ្ទាល់ ការចុះជួបសហគមន៍ និងស្តាប់បទបង្ហាញពីអ្នកជំនាញអាជ្ញាធរជាតិអប្សរាលើផ្នែកផ្សេងៗ លោកជឿជាក់ថា យុវជននឹងមានការយល់ដឹងកាន់តែច្បាស់អំពីបេតិកភណ្ឌ ស្រឡាញ់បេតិកភណ្ឌ គោរពបេតិកភណ្ឌ ហើយនឹងចូលរួមថែរក្សាបេតិកភណ្ឌគ្រប់ៗគ្នា។ ជាពិសេស សកម្មភាពនេះក៏នឹងបង្ហាញភាពជាគំរូដល់យុវជន និងសាធារណជនដទៃទៀត ឱ្យបណ្តុះស្មារតីគោរពស្រឡាញ់ និងចូលរួមការពារបេតិកភណ្ឌទាំងអស់គ្នា៕



No comments:

Post a Comment