Friday, August 09, 2019

ក្រសួងបរិស្ថាន បង្កើតសហគមន៍ការពារតំបន់ធម្មជាតិ ដើម្បីឱ្យមានដៃគូសន្ទនាសហការជាមួយប្រជាសហគមន៍មូលដ្ឋាន

វេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិក្រោមប្រធានបទ «ជីវភាពសហគមន៍រុងរឿងតាមរយៈការថែរក្សា និងប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព» បានប្រារព្ធឡើងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន អង្គការ សមាគម ដៃគូអភិវឌ្ឍន៍ និងតំណាងសហគមន៍មកពីខេត្តនានាសរុបប្រមាណ ៥០០នាក់។
លោករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថាក្រសួងបរិស្ថានបានបង្កើតសហគមន៍ការពារតំបន់ធម្មជាតិដើម្បីបង្កើតឱ្យមានដៃគូសន្ទនារវាងក្រសួងបរិស្ថាន និងប្រជាសហគមន៍មូលដ្ឋានក្នុងកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ។ បច្ចុប្បន្ននេះ សហគមន៍ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន មានចំនួន ១៦៨ សហគមន៍តំបន់ការពារធម្មជាតិ។ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា យើងគួរងាកចេញពីគំនិតនៃការប្រើប្រាស់ធនធានធម្មជាតិដោយចាប់យកអ្វីដែលថ្មីមិនដាក់សម្ពាធលើធនធានធម្មជាតិ។
ក្នុងក្របខណ្ឌនេះ ក្រសួងបរិស្ថានដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងលើកស្ទួយជីវភាពសហគមន៍ដោយផ្តោតលើការងារសហគមន៍ បង្កើតតំបន់អេកូទេសចរណ៍ និងការអភិរក្សបេតិកភណ្ឌនៅក្នុងតំបន់ការពារធម្មជាតិ។
ដើម្បីគាំទ្រនិងជំរុញលើការអភិវឌ្ឍសហគមន៍ មូលដ្ឋាន លោករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីការធ្វើទំនើបកម្មស្ថាប័នក្រសួង ការបង្កើតស្ថាប័នអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានដើម្បីរៀបចំផែនការយុទ្ធសាស្ត្រនានា។
ក្នុងនោះបានបណ្តុះបណ្តាលជំនាញ ការបង្កើនធនធានមនុស្សក្នុងសហគមន៍តាមរយៈការជំរុញឱ្យកូនៗប្រជាសហគមន៍មូលដ្ឋានសិក្សាឱ្យបានចប់ថ្នាក់ទី១២ ហើយផ្តល់អាហារូបករណ៍ដល់កូនៗបងប្អូនប្រជាពលរដ្ឋក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យនានា ដើម្បីយកចំណេះដឹងជួយចូលរួមអភិវឌ្ឍសហគមន៍របស់ខ្លួន។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឱ្យបណ្តាញសហគមន៍ការពារធម្មជាតិសិក្សាពីគ្នាទៅវិញទៅ មកដើម្បីដកបទពិសោធន៍ពីសហគមន៍ដែលមានការរីកចម្រើន ព្រមទាំងចូលរួមក្នុងការស្វែងរកដំណោះស្រាយរួមគ្នាចំពោះបញ្ហាប្រឈមនានាដែលមាន។
ជាមួយគ្នានេះ លោក សាយ សំអាល់ បានថ្លែងថា ក្រសួងបរិស្ថានបានបង្កើតមូលនិធិបរិស្ថានដើម្បីគាំទ្រថវិកាលើការអនុវត្តផែនការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ លោក សាយ សំអាល់ បានអំពាវនាវដល់សហគមន៍នានាមិនត្រឹមតែសហគមន៍តំបន់ការពារធម្មជាតិក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថានទេ ប៉ុន្តែសហគមន៍នេសាទ និងសហគមន៍ព្រៃឈើក៏អាចស្នើសុំមូលនិធិពីក្រសួងបរិស្ថានដើម្បីប្រើប្រាស់សម្រាប់ការងារអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ។
លោកបានគូសបញ្ជាក់ថា ការពារធនធានធម្មជាតិព្រៃឈើបានគង់វង្ស បានផ្តល់មកវិញនូវផលប្រយោជន៍ជាច្រើនក្នុងនោះរាប់ទាំងគម្រោងលកកាបូនដែល ទទួលបានថវិកាដើម្បីប្រើប្រាស់លើការងារអភិរក្ស។ ចំពោះទីផ្សារកាបូនស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ៩,៥ លានដុល្លារពីការលក់ឥណទានកាបូនក្នុងគម្រោងសាកល្បងចំនួនពីរ (ដែនជម្រកសត្វព្រៃកែវសីមា និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង) ឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney និង Shall។
ថវិកាទាំងអស់នេះ បានយកទៅប្រើប្រាស់សម្រាប់ការពារព្រៃឈើ និងអភិវឌ្ឍន៍ជីវភាពសហគមន៍ក្នុងតំបន់ការពារទាំងពីរ ដើម្បីធ្វើជាគំរូសម្រាប់ឈានទៅទទួលបានថវិកា «ការទូទាត់ផ្អែកតាមលទ្ធផល» ពីមូលនិធិអាកាសធាតុបៃតងនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលគ្រងនឹងអនុវត្តចាប់ពីឆ្នាំ២០២០។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត៕






No comments:

Post a Comment