Wednesday, September 06, 2017

រដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃស្អែក ដើម្បីពិភាក្សាអំពីករណីរបស់លោក កឹម សុខា

គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំមួយ នៅវេលាម៉ោង១០:០០ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០១៧ស្អែកនេះ ដោយក្នុងនោះក៏មានរបៀបវារៈ ពិនិត្យលើករណីលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះ ជាតិ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិផងដែរ នេះបើតាមការបញ្ជាក់ ពីលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ដែលបានបញ្ជាក់ប្រាប់នៅមុននេះបន្តិច។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព លោក ហេង សំរិន ប្រធាន រដ្ឋសភា បន្ទាប់ពីទទួលរបាយការណ៍ពីតុលាការ ក្នុងនោះមានរបៀបវារៈចំនួន៣ រួមមាន៖ ទី១ ពិនិត្យលើ របាយការណ៍តុលាការ ពាក់ព័ន្ធនឹងការចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួន លោក កឹម សុខា  ទី២ ពិនិត្យលើលិខិត របស់តំណាងរាស្រ្តដែលមានហត្ថលេខាចំនួន៤៨រូប ស្នើឱ្យកោះប្រជុំវិសាមញ្ញ ទី៣ គឺកំណត់ពេលដើម្បីបើក កិច្ចប្រជុំវិសាមញនេះតែម្តង។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ ១២:៣៥នាទី រំលង អាធ្រាត្រថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងសង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានអនុវត្តតាម ការបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពី ការបោះឆ្នោត។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ បានសម្រេចោទប្រកាន់ លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្ម ទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ហើយចៅក្រមស៊ើបសួរ ក៏បាន សម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្នផងដែរ។

គិតតាំងពីថ្ងៃចាប់ខ្លួន រហូតដល់ពេលនេះ លោក កឹម សុខា ត្រូវឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ស្ថិតនៅខេត្ត ត្បូងឃ្មុំ ៕



No comments:

Post a Comment