Wednesday, September 06, 2017

ក្រសួងទេសចរណ៍គ្រោងនឹងបង្កើតកំពង់ផែភ្ញៀវទេសចរណ៍ថ្មីមួយនៅខេត្តកំពតតម្លៃជាង១០លានដុល្លា

កំពង់ផែភ្ញៀវទេសចរណ៍ថ្មីមួយ ដែលជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលស្ថិតនៅក្នុងខេត្តកំពត គ្រោងសាងសង់នៅចុងឆ្នាំនេះ ដើម្បីពង្រីកការធ្វើពិពិធកម្មនៃការមកដល់របស់ភ្ញៀវទេសចរណ៍ពីតាមបណ្តាប្រទេសក្នុងតំបន់។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នថា កំពងផែទេសចរណ៍ថ្មីនេះ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ ២០២០ខាងមុខ។ កំពង់ផែនេះ នឹងជួយរួមចំណែកទាក់ទាញភ្ញៀវទេសចរ ពីតាមបណ្តាប្រទេសក្នុងតំបន់ ពិសេសប្រទេសវៀតណាម និងប្រទេសថៃ តាមរយៈការភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក តាមកប៉ាលលឿន ឬកប៉ាលទេសចរណ៍ខ្នាតធំ។
លោក បន្តថា កំពង់ផែនេះ ជាផ្នែកមួយនៃជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈក្របខ័ណ្ឌនៃបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ នៃច្រករបៀងភាគខាងត្បូង។ ក្នុងគម្រោងសាងសង់ផែនេះ មានទីតាំងក្នុង ភូមិជំគ្រាល ឃុំជំគ្រាល ស្រុកទឹកឈូ ខេត្តកំពត។
លោកថោង ខុន បានបន្តទៀតថា ការសាងសង់ផែទេសចរណ៍នេះ គ្រោងចំណាយថវិកា១០លានដុល្លារ នៃជំនួយ១៨លានដុល្លារជាជំនួយពីADB ដែលផ្នែកផ្សេងទៀតនៃថវិកានេះ នឹងជួយលើការសាងសង់ផែក្តាម នៅខេត្តកំពត និងគំរោងអភិវឌ្ឍដទៃទៀត។
លោកបានបញ្ជាក់ថា ទំហំវិសាលភាពនៃកំពង់ផែភ្ញៀវទេសចរណ៍នេះ នឹងមានលទ្ធភាពអាចឲ្យភ្ញៀវទេសចរណ៍ឆ្លងកាត់បានចំនួន១,៥លាននាក់ក្នុង១ឆ្នាំ។ ក្នុងគម្រោងសាងសង់នេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់តំបន់ទេសចរណ៍ជាច្រើនផ្សេងទៀតផងដែរដោយក្នុងនោះវាអាចបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ដែលមានបំណងចង់បន្តដំណើរពីតំបន់មួយ ទៅតំបន់មួយទៀតដូចជាពីខេត្តកំពតទៅភ្នំបូកគោខេត្តព្រះសីហនុ និងខេត្តសៀមរាប ៕




No comments:

Post a Comment