Wednesday, September 06, 2017

លិខិតមិត្តអ្នកអាន៖ សង្គ្រោះជាតិស្ងប់ស្ងាត់ទុកឱ្យ សម រង្ស៊ី ធ្វើការជំនួស ! តើជាការជួយបក្ស ឬធ្វើឱ្យបក្សកាន់តែឆាប់រលាយ ?

ទំព័រហ្វេសប៊ុកចៅចាក់ស្មុក ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៧ បានបង្ហោះផ្សាយនូវអត្ថបទមួយ ខណៈមេដឹកនាំបក្សសង្គ្រោះជាតិ នៅក្នុងស្រុកហាក់ដូចជា ស្ងប់ស្ងាត់នៅចំពោះមុខសំណុំរឿង កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស ឬអំពើក្បត់ជាតិ» ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចពីទោសទណ្ឌនៅកម្ពុជា និងត្រូវបាន ច្បាប់កម្ពុជាហាមមិនឱ្យពាក់ព័ន្ធនឹងនយោបាយ ត្រូវបានប្រភពផ្ទៃក្នុងពីបន្ទាយចាក់អង្រែទម្លាយឱ្យដឹងថា បាននិងកំពុងសហការជាមួយដៃជើងខ្លួន នៅក្រៅប្រទេស ដើម្បីធ្វើការងារក្នុងនាមគណបក្សសង្គ្រោះជាតិ ដើម្បីកៀងគររកជំនួយគាំទ្រហិរញ្ញវត្ថុដល់គណបក្ស ក៏ដូចជាស្វែងរកការគាំទ្រផ្នែកនយោបាយ ពីសម្ព័ន្ធមិត្រជា គណបក្សនៅតាមប្រទេសនានា ដើម្បីចេញសេចក្តីថ្លែងការណ៍វាយប្រហាររិះគន់លើរដ្ឋាភិបាលកម្ពុជា។
ពេលខ្លះបានត្រឹមតំណាងរាស្ត្របក្សប្រឆាំងម្នាក់ ឬពីរនាក់ ចេញសេចក្តីថ្លែងការណ៍ ឬអត្ថាធិប្បាយបន្លំតំណាងឱ្យប្រទេសមួយទាំងខុសច្បាប់។ តើទង្វើ សម រង្ស៊ី ដែលបាននិងកំពុងរំលោភច្បាប់ស្តីពីគណបក្សនយោបាយកម្ពុជានេះ ជួយសង្គ្រោះ ឬក៏កំពុងធ្វើឱ្យគណបក្សសង្គ្រោះជាតិរលាយកាន់តែឆាប់រហ័ស?
ទី១៖ ទោះបីជា សម រង្ស៊ី ស្ម័គ្រចិត្តធ្វើដោយខ្លួនឯង ឬមានការស្នើសុំ ឬទំនាក់ទំនងជាសម្ងាត់ពីសំណាក់មន្ត្រីគណបក្សសង្គ្រោះជាតិទៅ សម រង្ស៊ី ក៏នៅតែជាទង្វើ ខុសច្បាប់ ហើយបើគេរកឃើញថា បក្សសង្គ្រោះជាតិសុំឱ្យ សម រង្ស៊ី ជួយធ្វើដូច្នេះ គឺប្រាកដជាគ្រោះជាន់លើគ្រោះហើយ ព្រោះថាច្បាប់ស្តីពីគណបក្សនយោបាយ បានហាមឃាត់ មិនឱ្យអ្នកទោសពាក់ព័ន្ធនឹងគណបក្សនយោបាយ ឬគណបក្សនយោបាយ យកទណ្ឌិតមកទាញផលប្រយោជន៍ឡើយ។ យោងតាមមាត្រា ៦ ថ្មី (ពីរ) ត្រង់ចំណុចទី៦ នៃច្បាប់ស្តីពីគណបក្សនយោបាយថ្មី គ្រប់គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារ ជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិមដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន។
ទង្វើខុសពីច្បាប់ស្តីពីគណបក្សនយោបាយ ហើយអាចប្រឈមមុខនឹងការប្តឹងរំលាយគណបក្សបាន ព្រោះខុសនឹងមាត្រា ៦ថ្មី (ពីរ) នៃច្បាប់ស្តីពីគណបក្សនយោបាយ។ សម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា ទោះបីជារូបភាព សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ មិនធ្វើការជាមួយគ្នា ប៉ុន្តែនៅខាងក្រោយខ្នង ពួកគេនៅតែធ្វើការជាមួយគ្នា រៀបចំយុទ្ធសាស្ត្រ និងផ្តល់យោបល់ និងមានឥទ្ធិពលនយោបាយជាធម្មតា។
ទី២៖ កាលដែលមេដឹកនាំបក្សសង្គ្រោះជាតិ ក្នុងស្រុកដូចជា ប៉ុល ហំម, យឹម សុវណ្ណ, មូរ សុខហួរ រក្សាគោលជំហរស្ងៀមស្ងាត់ ព្រោះគណបក្សសង្គ្រោះជាតិ នៅតែជឿថាទោះបី សម រង្ស៊ី គ្មានតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ នៅតែមានឥទ្ធិពលនយោបាយនៅក្រៅស្រុក ហើយបានប្រើប្រាស់ សម រង្ស៊ី ដើម្បីទំនាក់ទំនងជាមួយបក្សប្រឆាំងនៅតាមប្រទេសមួយចំនួនដែលជាសមាជិក CALD ដូចគ្នា ឬអ្នកធ្លាប់មានទំនាក់ទំនងជិតស្និទ្ធគ្នា ដើម្បីបញ្ចេញប្រតិកម្មផ្សេងៗ ប្រឆាំងនឹងចំណាត់ការផ្លូវច្បាប់របស់រដ្ឋាភិបាលកម្ពុជាចំពោះបុគ្គល កឹម សុខា ដែលជាប់ចោទពីបទក្បត់ជាតិ និងខិតខំបំប៉ោងព័ត៌មានថា មានការគំរាមកំហែងប្រឆាំង នឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាច្រើនទៀត។ ដើម្បីផលប្រយោជន៍យោបាយផ្ទាល់ខ្លួន ពួកគេព្យាយាមធ្វើសោកនាដកម្មខុសពីការពិតលើស្ថានការណ៍ នយោបាយបច្ចុប្បន្នរបស់កម្ពុជា បន្ទាបបន្ថោកជាតិខ្មែរ និងមានជំងឺតួឯកនិយមថា បើគ្មានខ្លួន លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ ដើរថយក្រោយ ឬបានស្លាប់បាត់បង់ជីវិតជាដើម។
ប៉ុន្តែពួកគេធ្វើជាមើលមិនឃើញថា ប្រជាពលរដ្ឋភាគច្រើនយល់ថា កឹម សុខា ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ហើយជាប់ឃុំជារឿងរបស់បុគ្គល កឹម សុខា។ កឹម សុខា ជាប់គុកជារឿងរបស់ កឹម សុខា នឹងច្បាប់។ តើកម្ពុជាខុសដែរឬ ? ដែលចាត់វិធានការច្បាប់ប្រឆាំងនឹងជនក្បត់ជាតិដូច កឹម សុខា? ទោះបីជាមាន់មិនរងាវ ថ្ងៃនៅតែរះ! កម្មករ កម្មការិនី នៅតែចូលបំពេញការងារ រៀងរាល់ថ្ងៃ មន្ត្រីរាជការ ស្ថាប័នជាតិ និងឯកជនដំណើរការជាប្រក្រតី អាជីវករគ្រប់ប្រភេទប្រកបរបរជាធម្មតា។ ហេតុអ្វីក៏ពួកគេចូលចិត្តនិយាយខុសពីការពិតដូច្នេះ? នេះជាទម្លាប់របស់បក្សប្រឆាំង ដែលតែងតែដើរសម្អុយជាតិឯងនៅលើឆាកអន្តរជាតិ។
ទី៣៖ ទង្វើរបស់ សម រង្ស៊ី ពិតជាមិនបានជួយគណបក្សសង្គ្រោះជាតិឡើយ ប៉ុន្តែកាន់តែនាំយកគណបក្សដែលខ្លួនធ្លាប់ដឹកនាំ និងលះបង់តំណែងដើម្បីសង្គ្រោះបក្ស ពីការរំលាយដោយច្បាប់ស្តីពីគណបក្សនយោបាយ ដាក់នៅមាត់ជ្រោះមរណៈ មានន័យថា នឹងកាន់តែធ្វើឱ្យគណបក្សនោះប្រឈមនឹងការប្តឹងរំលាយចោលព្រោះ សម រង្ស៊ី គឺគ្រាន់តែជាដុំភ្លើង ដុំទុក្ខទោស តែប៉ុណ្ណោះ។ ប្រសិនបើគណបក្សសង្គ្រោះជាតិសមគំនិតជាមួយ សម រង្ស៊ី អំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធដល់ រាជរដ្ឋាភិបាលកម្ពុជាដើម្បីស្វែងរកដំណោះស្រាយនយោបាយលើករណីជនក្បត់ជាតិ កឹម សុខា តាមរយៈការបំភ្លៃ ការបំប៉ោង និងការប្រឌិតប្រត្តិការណ៍បន្ថែម ដោយរៀបចំឯកសារផ្សេងៗនៅឯក្រៅប្រទេស ឬស្នើសុំកាត់ជំនួយ នោះវាកាន់តែបញ្ជាក់ច្បាស់ថែមទៀតថា ពួកគេពិតជាក្បត់ជាតិ ជាយូរមកហើយព្រោះពួកគេបានធ្វើ សកម្មភាពប្រឆាំងនឹងផលប្រយោជន៍ជាតិនិងប្រជាជនដោយ អំពាវនាវឱ្យបរទេសកុំផ្តល់ជំនួយ កុំវិនិយោគនៅកម្ពុជា និងកុំទិញផលិតផលពីកម្ពុជា។ ទង្វើបំផ្លាញជាតិ សន្តិភាព ការអភិវឌ្ឍ និងប្រឆាំងការរស់រានរបស់ប្រជាជនកម្ពុជា នេះ គឺជាជំនាញរបស់បក្សប្រឆាំង រណបបរទេស ហើយពួកគេបានធ្វើជាច្រើនឆ្នាំមកហើយ។
ទី៤៖ សារដែល សម រង្ស៊ី បញ្ចេញតាមហ្វេសប៊ុក ដោយប្រៀបធៀបរបបបច្ចុប្បន្នទៅនឹងរបបខ្មែរក្រហម គឺជាបំភ្លៃនិងភូតកុហកបែបអាជីព ហើយបើទោះបី សម រង្ស៊ី មិននិយាយក៏ គេមិនថាខ្លួនមានវិបត្តិផ្លូវចិត្តដោយសារតែចាញ់យុទ្ធសាស្ត្រនយោបាយដៃគូខ្លួន ចាញ់ឡើងបោសគូថខោដែរ។ ប្រសិនបើរបបបច្ចុប្បន្ននេះដូចខ្មែរក្រហម ម្ល៉េះបក្សសង្គ្រោះជាតិមិនអាចមានវត្តមាននៅកម្ពុជាទេទេ ហើយពលរដ្ឋមិនអាចមានសេរី ភាពជ្រើសរើសបក្សនយោបាយមានសេរីភាពសារព័ត៌មានដែលល្អជាងគេក្នុង ចំណោមប្រទេសអាស៊ាន គ្មានបក្សនយោបាយរាប់សិប មានអង្គការក្រៅរដ្ឋាភិបាលជាច្រើនពាន់ និងមានការវិនិយោគបរទេសជាច្រើន បង្កើតការងារសម្រាប់ ប្រជាពលរដ្ឋឡើយ ហើយ សម រង្ស៊ី ក៏គ្មានឱកាសវិលមកកម្ពុជាវិញដើម្បីធ្វើនយោបាយបំផ្លាញជាតិ និងរាស្ត្រនាពេលកន្លងទៅដែរ រហូតដល់ធ្វើខុសច្បាប់ គេចពីពន្ធនាគារទេ។
តាមពិត សម រង្ស៊ី ពិតជាត្រេកអរក្នុងចិត្តខ្លាំងព្រោះឃើញដៃគូនយោបាយខ្លួនដែលធ្លាប់ធ្វើឱ្យខ្លួនឈឺចុកចាប់ ត្រូវបានគេចាប់ឃុំនិងប្រឈមការកាត់ទោស។ នេះជាការសងសឹក កឹម សុខា ដោយមិនចាំបាច់ចំណាយកម្លាំង។ ដើម្បីរុញឱ្យ កឹម សុខា ជាប់ជំពាក់នឹងច្បាប់កាន់តែខ្លាំង សារដែលបញ្ចេញដោយ សម រង្ស៊ី ពេលនេះមើលទៅដូចជាជួយ កឹម សុខា និងបក្សសង្គ្រោះជាតិតែភ្លេចគុកថា វាអាចជួយឱ្យបក្សសង្គ្រោះជាតិរលាយកាន់តែឆាប់ ព្រោះ សម រង្ស៊ី បានភ្ជាប់ខ្លួន ទៅនឹងបក្សសង្គ្រោះជាតិ ហើយបានលើកឡើងថា បរទេសទៅបង្រៀនមន្ត្រីគណបក្សដល់ស្នាក់ការបក្ស និងមាន មូរ សុខហួរ បច្ចុប្បន្នជាអនុប្រធាន គណបក្សសង្គ្រោះជាតិ ជាអ្នកដឹកនាំអនុវត្តដោយផ្ទាល់នៅទីលានប្រជាធិបតេយ្យ រហូតដល់មានផ្ទុះអំពើហិង្សា កុបកម្មប្រឆាំងនឹងកម្លាំងសមត្ថកិច្ចក្រោម ការរៀបចំយ៉ាងច្បាស់លាស់។ គម្រោងការនេះស្ថិតក្នុងគម្រោងនៃការធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយមានការគាំទ្រពីអាមេរិក។ ផែនការដែលសារភាពដោយ កឹម សុខា ក្នុងវិដេអូឃ្លីប ហើយបញ្ជាក់ដោយ សម រង្ស៊ី នៅពេលនេះ។
សរុបមកវិញ អ្វីដែល សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ ធ្វើនៅពេលនេះគឺគ្រាន់តែជាការរុញបក្សសង្គ្រោះជាតិទាំងមូលចូលរណ្តៅមរណៈប៉ុណ្ណោះ ព្រោះអ្វីៗវាផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយ។ បើពួកគេនៅតែបន្តធ្វើសកម្មភាពប្តូរ រូបភាពតែក្នុងខ្លឹមសារតែមួយ ទោះបីជា កឹម សុខា លះបង់តំណែងប្រធានបក្ស ដើម្បីសង្គ្រោះបក្សកុំឱ្យរលាយដោយសារតែខ្លួនអាចនឹងមានទោសពីបទក្បត់ជាតិ ក៏មិនអាចស្រោចស្រង់បានដែរគឺត្រូវតែរលាយបក្ស នៅពេលនោះទោះបី ជាព្រះពុទ្ធព្រះបរមគ្រូ ព្រះយេស៊ូក្នុងសាសនាគ្រឹះ ឬព្រះមហាម៉ាត់ក្នុងសាសនា អ៊ិស្លាម ក៏មិនអាចជួយប្រោះគណបក្សសង្គ្រោះជាតិបានដែរ។ ដូច្នេះកុំដើម្បីការពារ កឹម សុខា ជនក្បត់ជាតិម្នាក់ ហ៊ានចំណាយបក្សមួយទាំងមូល និងបំផ្លាញជីវិតនយោបាយមនុស្សជាច្រើនទៀតនោះ៕
ដោយ៖ ចៅចាក់ស្មុក



No comments:

Post a Comment