Wednesday, September 06, 2017

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ស្នើបរទេសទាំងឡាយ​ពិចារណាឱ្យបាន​ច្បាស់អំពី​សម្តីលោក កឹម សុខា បើជួបខ្លួនឯង តើទទួលបានទេ?

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃពុធនេះ បានស្នើដល់សហគមន៍អន្តរជាតិមួយចំនួន ដែលបានចេញ មុខមកការពារ លោក កឹម សុខា អំពីការប្រព្រឹត្តអំពើក្បត់ជាតិនៅថ្មីៗនេះ ឱ្យពិនិត្យឱ្យបានច្បាស់លាស់នូវ សម្តីមេបក្សប្រឆាំងមុននេះ ហើយលោកបានចោទជាសំណួរថា បើសិនជាករណីនេះ កើតឡើងនៅប្រទេស របស់ពួកគេនោះ តើពួកគេទទួលយកបានទេ។
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក សហគមន៍អ៊ីរ៉ុប រួមទាំង បណ្តាប្រទេសមួយចំនួនទៀត ប៉ុន្មានថ្ងៃមកនេះ បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបចំពោះការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សប្រឆាំងនៅកម្ពុជា។ ប្រទេសទាំងនោះ បានសម្តែងការព្រួយបារម្ភ អំពីលទ្ធិ ប្រជាធិប តេយ្យនៅកម្ពុជា ហើយស្នើឱ្យមានការដោះលែងមេបក្សប្រឆាំង ។
ការថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយ ផ្លូវវេង ស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានចាត់ទុកជាថ្មីថា ការលើកឡើងរបស់ប្រទេសទាំងនោះ ធ្វើឡើងដោយ ក្តាប់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ហើយលោកសង្ឃឹមថា បរទេសទាំងនោះនឹងពិនិត្យ ឱ្យបានល្អិតល្អន់ លើសម្តី របស់លោក កឹម សុខា។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា « ខ្ញុំសង្ឃឹមថា មិត្តភក្តិបរទេសទាំងឡាយ មើលឃ្លោងឃ្លាឱ្យបានច្បាស់ មួយម៉ាត់ៗៗ សូមកុំច្បោលៗ តើប្រទេសរបស់អ្នកអាចទទួលយកបានទេ ប្រសិន បើសម្តីបែបនេះ បើអ្នកជាខ្ញុំ។ អ្នកត្រូវស្តាប់ឱ្យច្បាស់ “គេបញ្ជា គេបញ្ជាគេប្រាប់ខ្ញុំឱ្យធ្វើនេះ គេប្រាប់ខ្ញុំឱ្យធ្វើ នោះ គេឱ្យខ្ញុំយកម៉ូឌែល យូហ្គោស្លាវី ខ្ញុំមិនមែនធ្វើតាមចិត្តនឹកឃើញទេ មានសាស្រ្តាចារ្យមកពីអាមេរិក មកពី កាណាដា”…។ លេងអញ្ចឹងៗ ហើយតាំងខ្លួនជាអ្នកស្នេហាជាតិស្អីទៀត »។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបន្ថែមទៀតថា លោក កឹម សុខា បានក្បត់ជាតិរបស់ខ្លួនឯង ហើយឃុប ឃិតជាមួយប្រទេស ព្រមទាំងបានធ្វើខុសនូវសម្បថរបស់ខ្លួន នៅមុខព្រះមហាស្វេតឆត្រ ព្រះមហាក្សត្រ និង សម្តេចសង្ឃ ដែលថាស្មោះត្រង់ចំពោះជាតិខ្មែរ មិនឱ្យបរទេសមកបង្គាប់បញ្ជា ឬជ្រៀតជ្រែកដល់ កិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយ។
ទោះបីជាប្រទេសមួយចំនួន បានប្រឆាំងចំពោះការចាប់ខ្លួន លោក កឹម សុខា ដែលជាដែនសមត្ថកិច្ចរបស់ កម្ពុជា យ៉ាងណាក៏ដោយ ប៉ុន្តែមហាអំណាចចិន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស កាលពីម្សិលមិញនេះ បានបង្ហាញជំហរ គាំទ្រចំពោះចំណាត់ការកម្ពុជា ចំពោះប្រធានគណបក្សប្រឆាំង។ ក្រសួងការបរទេសចិន បានចាត់ទុកថា វិធានការនេះ គឺជាការការពារដល់សន្តិសុខ សុវត្ថិភាពរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ១២:៣៥នាទី យប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថាលោកសារភាពអំពីការ អនុវត្តតាមការបញ្ជា របស់ សហរដ្ឋអាមេរិក ក្នុងការដណ្តើមអំណាចពីរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្មភាពរបស់ មេបក្សប្រឆាំង តាមរយៈការនិយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលចែង ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលបទល្មើសនឹងប្រឈមពីការជាប់ពន្ធនាគារពី ១៥ដល់៣០ឆ្នាំ ៕




No comments:

Post a Comment