Wednesday, September 06, 2017

លោក ហ៊ុន សែន អំពាវនាវជាថ្មីឱ្យកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមថែក្សាសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជាថ្មីថាសុខសន្តិភាពដែលយើងមាននៅពេលនេះរកបានដោយលំបាកណាស់ ព្រោះវាបានលះបង់នូវសាច់ស្រស់ឈាមស្រស់របស់បុព្វបុរសខ្មែរជាច្រើនដូចនេះ កម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវចូលរួមថែក្សាសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សាសន្តិភាព និងការអភិវឌ្ឍដើម្បីឱ្យប្រទេសជាតិកាន់តែរីកចម្រើន។ លោក ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុចដែលនាំមកនូវការរីកចម្រើនសម្រាប់ម្ចាស់រោងចក្រផង និងសម្រាប់ កម្មករកម្មការិនីផងដូចជា៖
១)- ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។
២)- ត្រូវរួមគ្នាថែរក្សាការងារចាស់ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកសង្វាក់ផលិតកម្ម និងបង្កើនទីផ្សារ។
ទី៣)- ត្រូវរួមគ្នាបង្កើនប្រាក់ចំណូលដល់កម្មករតាមរយៈការបណ្តុះបណ្តាលសមត្ថភាពចំណេះដឹងបន្ថែមដល់ពួកគាត់ឱ្យទទួលបានការងារល្អ និងប្រាក់ខែខ្ពស់។ រាជរដ្ឋាភិបាលនឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។
៤)- ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករ ចាប់ពីខែ មករា ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការិនី។ពេលនោះ បងប្អូនអាចនៅសល់ប្រាក់ប្រមាណពី៨,០០០៛-១២,០០០៛ក្នុង១ខែ។
ទី៥)- រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារចំពោះកម្មករកម្មការិនីដែលកំពុងធ្វើការនៅក្រៅប្រទេសដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវលក្ខខណ្ឌការងារល្អៗ ដែលមានប្រាក់ ខែល្អសមរម្យដល់កម្មករ ព្រមទាំងជួយសម្រួល នូវបែបបទលិខិតបទដ្ឋានផ្លុវច្បាប់នានាដែលពាក់ព័ន្ធ នឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។

ទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេស ផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេស ថៃដើម្បីផ្តល់នូវការងារ និងប្រាក់ខែល្អៗសម្រាប់ បងប្អូនកូនក្មួយកម្មករខ្មែរ។ ក្នុងឱកាសនោះ លោក ហ៊ុន សែន ក៏បានឧបត្ថម្ភនូវប្រាក់គាំពារសុខភាពមួយចំនួនដល់ស្រ្តីកម្មការិនីមានផ្ទៃពោះជាង៣០០នាក់ និងបានឧបត្ថម្ភប្រាក់លើកទឹកចិត្ត ដល់បងប្អូនកូនក្មួយកម្មករជាងមួយម៉ឺននាក់ផងដែរ៕








No comments:

Post a Comment