Wednesday, September 06, 2017

អភិបាលខេត្តសៀមរាប បើកការដ្ឋានតភ្ជាប់បណ្តាញ​អគ្គិសនីជូនប្រជាពលរដ្ឋ​នៅតំបន់ស្រះស្រង់ ដែលមាន ០៥ ភូមិ

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោក ឃឹម ប៊ុនស៊ុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អញ្ជើញជួប សំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងបើកការដ្ឋានតភ្ជាប់បណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋនៅតំបន់ស្រះស្រង់ ដែលមាន ០៥ ភូមិ សង្កាត់នគរធំ ក្រុងសៀមរាប ដែលស្ថិតក្នុងតំបន់អប្សរា ។
ដោយការខិតខំប្រឹងប្រែងជាបន្តបន្ទាប់តាមរយៈការធ្វើលិខិតស្នើសុំ ការជួបប្រជុំពិភាក្សាជាមួយអាជ្ញាធរអប្សរាជាច្រើនលើក និងការស្នើសុំឲ្យមានការគាំទ្រពីឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងការចូលរួមធ្វើបទបង្ហាញក្នុងអង្គប្រជុំ ICC អំពីផែនការសាងសង់បណ្តាញអគ្គិសនីក្នុងតំបន់អប្សរា ការចុះពិនិត្យទីតាំងរបស់ក្រុមការងារអាជ្ញាធរអប្សរា ជាមួយក្រុមការងារអគ្គិសនីសៀមរាប ជាលទ្ធផលយើងទទួលបានការឯកភាពគ្នារវាងអាជ្ញាធរអប្សរា និងអគ្គិសនីសៀមរាបក្នុងការសាងសង់អូសខ្សែចែកចាយអគ្គិសនីក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរអប្សរាដែលជាប់គាំងតាំងពីឆ្នាំ២០១៣ ។
ផ្តើមចេញពីដំណោះស្រាយ និងការឯកភាពគ្នានេះ អគ្គីសនីសៀមរាប បានសហការជាមួយអាជ្ញាធរអប្សរា សាលាក្រុងសៀមរាប សង្កាត់ស្លក្រាម សង្កាត់នគរធំ រៀបចំវេទិកាសាធារណៈនៅមណ្ឌល៣ ក្រោមអធិបតីភាព ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប្រធានអាជ្ញាធរអគ្គិសនី លោក ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដើម្បីជួសំណេះសំណាលស្វែងយល់អំពីការលំបាក អំពីសំណូមពររបស់ប្រជាជនដែលរស់នៅក្នុងតំបន់អប្សរា និងជម្រាបជូនប្រជាជនអំពីការអនុញ្ញាតឲ្យអគ្គិសនីសៀមរាប ដាំបង្គោល អូសខ្សែចែកចាយអគ្គិសនីក្នុងតំបន់អប្សរា ។
ក្រោយពីថ្ងៃបើកកិច្ចប្រជុំវេទិកាសាធារណៈ អគ្គីសនីសៀមរាប បានចាប់ផ្តើមអូសខ្សែលើបង្គោលដែលមានស្រាប់ និងលើកផែនការសាងសង់ពង្រីទៅកាន់តំបន់ដ៏ទៃទៀតជាជំហានបន្តបន្ទាប់ក្នុងតំបន់អប្សរាដែលមិនទាន់មាន
អគ្គិសនី ប្រើប្រាស់ សម្រេចបានចំនួន ៦ តំបន់ ( ក្នុងតំបន់អប្សរា ) សរុបបានភ្ជាប់ចរន្តរួចជូនប្រជាជនប្រើប្រាស់ ចំនួន ៦.១៣៨ អតិថិជន ហើយការចុះភ្ជាប់ចរន្តអគ្គិសនីជូនប្រជាជនក្នុងតំបន់អប្សរាកន្លងមកអគ្គិសនីសៀមរាបបានលុបបំបាត់ការធ្វើអាជីវកម្មផ្គត់ផ្គង់អគ្គិសនីរបស់ឯកជនដែលមានតម្លៃថ្លៃ ចំនួន ២០ ក្រុម ដែលនៅតំបន់នោះក្រុមអគ្គិសនីឯកជនទាំង ២០ ចែកចាយលក់ភ្លើងជូនប្រជាពលរដ្ឋ ចំនួន ២៥ ភូមិ ដែលលក់អគ្គិសនី ឲ្យប្រជាជនប្រើប្រាស់ពី ១.៨០០ រៀលទៅដល់ ៣.០០០ រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
ជាក់ស្តែង នៅតំបន់នេះត្រូវភ្ជាប់អគ្គិសនីជូនប្រជាជនចំនួន ៥ ភូមិ រួមមាន ភូមិស្រះស្រង់ខាងជើង ភូមិស្រះស្រង់ខាងត្បូង ភូមិរហាល ភូមិក្រវ៉ាន់ ភូមិអារក្សស្វាយ សង្កាត់នគរធំក្រុងសៀមរាប ដែលមាន ១,២៥២ ខ្នងផ្ទះ ដែលពីមុនប្រើប្រាស់អគ្គិសនីពីឯកជនដែលបញ្ឆេះម៉ាស៊ីនភ្លើងចែកចាយអគ្គិសនីចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង ១យប់ ( មិនមានអគ្គិសនីប្រើប្រាស់ដល់ ២៤ម៉ោងទេ ) និងមានថ្លៃលក់ពី ៣.៥០០ រៀល ទៅដល់ ៤.០០០ រៀលក្នុង ១គីឡូវ៉ាត់ម៉ោង ។ ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋចូលរួមប្រមាណ ៨០០ នាក់ ម្នាក់ៗទទួលបាន សារុង ម្នាក់ ១ ៕




No comments:

Post a Comment