Wednesday, September 06, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលឹកជាថ្មីពី «មរតកតេជោ» ដែលត្រូវថែរក្សាឱ្យបាន

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកជាថ្មីពីពាក្យថា «មរតកតេជោ» ដែលយុវជន យុវនារីខ្មែរជំនាន់ក្រោយត្រូវតែថែរក្សាការពារឱ្យបានដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេសជាតិរបស់យើងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មរតកតេជោ នោះគឺ៖ទី១- អាយុជីវិតរបស់ប្រជាជនកម្ពុជាដែលត្រូវបានជួយស្រោចស្រង់ចេញពីរបបកាប់ម្លាប់ប្រល័យពូជសាសន៍ ប៉ុល ពត ទី២- សន្តិភាពដែលកម្ពុជារកបានដោយការលំបាក តាមរយៈការរួមចំណែកធ្វើឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងទឹកដី និងទី៣- លោក ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំដទៃទៀត បានកសាងសេដ្ឋកិច្ចកម្ពុជាពីអត្រាភាពក្រីក្រ ១០០% ឱ្យធ្លាក់មកនៅត្រឹមកម្រិត១៣% នៅឆ្នាំ២០១៤។

ទន្ទឹមនឹងនោះ លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា លោកពិតជាមានមោទនភាពបើទោះបីជាសោកនាដកម្មបានធ្លាក់មកលើប្រជាជនកម្ពុជា រួមទាំងរូបលោកផងដែលបានក្លាយទៅជាជនពិការម្នាក់ ហើយបានត្រូវព្រាត់ប្រាស់និរាស្រ្តស្លាប់កូន។ លោក បានរួមដំណើរតាំងពីបាតដៃទទេ តាំងពីយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសកម្ពុជាចេញពីរបបប៉ុល ពត ហើយយកការខិតខំរបស់យើងពីបាតដៃទទេពីគំនរផេះផង់ដើម្បីធ្វើឱ្យប្រទេសនេះមានសន្តិភាពទប់ស្កាត់ការវិលត្រឡប់នូវរបបប៉ុល ពត ដោយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដើម្បីស្វែងរកសន្តិភាព៕








No comments:

Post a Comment