Wednesday, September 06, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាលជាមួយបងប្អូនកម្មករនៅសួនឧស្សាហកម្មកាណាឌីយ៉ា

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករនិយោជិតសរុបជាង ១០,៤៦១ នាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
លោក ហ៊ុន សែន បានសម្តែងក្តីសប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួបជុំជាមួយ បងប្អូនកូនក្មួយកម្មករ កម្មការិនីដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវការចាំបាច់នានាដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែមានកម្មវិធីជួបជុំកម្មករនិយោជិតក្នុងពេលកន្លងមកគឺក្នុងមួយឆ្នាំៗ លោក បានអញ្ជើញជួបបងប្អូនកម្មករនៅក្នុងថ្ងៃទី ១៣ ឧសភា នៃទិវាពលកម្មអន្តរជាតិ និងបាន អញ្ជើញចុះជួបផ្ទាល់ថែមទៀតនៅតាមបណ្តាលរោងចក្រផ្សេងៗទៀត។ ក្នុងឆ្នាំ២០១៧ នេះ លោក ហ៊ុន សែន បានសម្រេចអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកូនក្មួយយកម្មករនិយោជិតប្រមាណជាង១លាននាក់ ដែលបានគ្រោងធ្វើ២ដងក្នុងមួយសប្តាហ៍។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរម្លឹកដល់ការជួបជុំកម្មករកម្មការិនីនៅសួនឧស្សាហកម្មវឌ្ឍនៈទី២ កាលពីពេលថ្មីៗនោះ ដែលនៅទីនោះគឺម្ចាស់រោងចក្រ បានកំណត់ម៉ោងឱ្យកម្មការិនីស្ត្រីមានផ្ទៃពោះបានចេញ ពីកន្លែងធ្វើការមុន ១៥ នាទី។ លោក ក៏បានស្នើឱ្យគ្រប់បណ្តារោងចក្រនានាទៀតកំណត់ម៉ោងឱ្យបុគ្គលិកកម្មការិនីមានផ្ទៃពោះបានចេញពីកន្លែងធ្វើការមុន១៥នាទី ដូចៗគ្នា ព្រោះកន្លែងខ្លះឱ្យចេញមុន ៥ នាទី ហើយកន្លែងខ្លះទៀតឱ្យចេញមុន ១០នាទី៕




No comments:

Post a Comment