Wednesday, September 06, 2017

សាខាកាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ ប្រគល់ផ្ទះ​មនុស្សធម៌ទី៣៣​ ជូនគ្រួសារស្ត្រី​មេម៉ាយទីទ័លក្រ

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ទី៣៣ ដែលផ្ដួចផ្ដើមដោយលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ដែលផ្ទះនេះមានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ជូនគ្រួសារអ្នកមីង ភួន រឿន អាយុ៥៥ឆ្នាំ ជាស្ត្រីមេម៉ាយទីទ័លក្រ បច្ចុប្បន្នដើរស៊ីឈ្នួលគេដើម្បីទ្រទ្រង់ជីវភាពគ្រួសារ រស់នៅភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រីអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកស្រីក៏បានផ្តាំផ្ញើដល់សមាជិកគ្រួសារត្រូវចេះសម្អាត និងថែរក្សាផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅយូរអង្វែង។

ដោយឡែក អំណោយមនុស្សធម៌បន្ថែមរួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាមួយចំនួន។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗទទួលបានថវិកាមួយចំនួផងដែរ៕




No comments:

Post a Comment