Wednesday, September 06, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចចិត្តបន្តតំណែងមិនតិចជាង១០ឆ្នាំទៀតដើម្បីទប់ស្កាត់ការប៉ុនប៉ងបំផ្លាញកម្ពុជាពីជនមួយចំនួន

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោក បានបូជាច្រើនណាស់សម្រាប់ប្រទេសកម្ពុជា ដោយយកជីវិតធ្វើជាដើមទុនរំដោះប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់របស់ប៉ុល ពត ហើយលោក បានសម្រេចចិត្តបន្តកាន់តំណែងរយៈពេល១០ឆ្នាំ ឬពីរអាណត្តិទៀតដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិ។  លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចបន្តកាន់តំណែងមិនតិចជាង១០ឆ្នាំ ឬពីរអាណត្តិទៀតនោះ បន្ទាប់ពីបានមើលឃើញថាមានជនមួយចំនួនប៉ុនប៉ងធ្វើឱ្យកម្ពុជាធ្លាក់ក្នុងភាពវេទនាដូចកាលពីអតីតកាល។ ទន្ទឹមនឹងនោះ លោក ហ៊ុន សែន ក៏បានអំពាវនាវដល់កម្មករ កម្មការិនី ព្រមទាំងឪពុកម្តាយនៅតាមខេត្តផងដែរឱ្យបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីឱ្យលោកបានបន្តការ​ពារប្រទេសជាតិ ក៏ដូចជារោងចក្រ សហគ្រាសទាំងអស់ឱ្យមានការរីកចម្រើនទៅមុខជាបន្តទៀត។

ក្នុងឱកាសសំណេះសំណាលនោះ លោក ហ៊ុន សែន ក៏បានរម្លឹកពីមហិច្ឆតាអាក្រក់របស់លោក កឹម សុខា ដែលបានសហការជាមួយជនជាតិអាមេរិកដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ហើយលោក ក៏បានប្រកាសប្តេជ្ញាថាមិនឱ្យដានប្រវត្តិសាស្រ្តនៃការផ្តួលរំលំព្រះប្រមុខរដ្ឋ ព្រះបាទនរោត្តម សីហនុ នៅថ្ងៃទី១៨ មីនា ១៩៧០ វិលមកជាថ្មីទៀតនោះឡើយ៕




No comments:

Post a Comment