Wednesday, September 06, 2017

សាលាដំបូងរាធានីភ្នំពេញ សម្រេចឃុំខ្លួន លោក កឹម សុខា ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានសម្រេចឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ ដែលទោសនេះប្រឈមនឹងការជាប់ពន្ធនាគារពី ១៥ ទៅ៣០ឆ្នាំ។ នេះបើតាម លោក លី សុផាណា អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការពិភាក្សាដេញដោលចំពោះមុខ និងសាកសួរចម្លើយជនត្រូវចោទឈ្មោះ កឹម សុខា រួចរាល់ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទឈ្មោះ កឹម សុខា ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ហើយបានអនុវត្តការឃុំខ្លួនតាមនីតិវិធី»។
លោក កឹម សុខា ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលចែងក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរកឃើញថា លោកមានការឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងគោលដៅផ្តល់រំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់សន្តិភាពរបស់ជាតិ ដូចកាលពីឆ្នាំ១៩៧០៕


No comments:

Post a Comment