Wednesday, September 06, 2017

អភិបាលខេត្តស្វាយរៀង ចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ​ក្នុងគោលបំណង​ស្វែងយល់​ និងដោះស្រាយ​សំណូមពរ​ កង្វល់​ និងតម្រូវការ​នានា​

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ដែលរៀបចំនៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង ក្នុងគោលបំណងស្វែងយល់ និងដោះស្រាយសំណូមពរ កង្វល់ និងតម្រូវការនានារបស់មន្ត្រីរាជការ ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តតួនាទីភារកិច្ចរបស់មន្ទីរ ធ្វើយ៉ាងណាជំរុញការអនុវត្តការងារឲ្យបានកាន់តែល្អប្រសើរ រួមចំណែកក្នុងការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ពៅ សុភាព អភិបាលរងខេត្ត លោក សំ សាវុធ ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ចំនួន ១០៧នាក់។

បន្ទាប់ពីមានប្រសាសន៍បង្ហាញពីស្ថានភាពទូទៅ សមិទ្ធផល និងការអភិវឌ្ឍរីកចម្រើនដែលខេត្តសម្រេចបាននាពេលកន្លងមក ក៏ដូចជាគម្រោងអភិវឌ្ឍន៍ខេត្តនៅថ្ងៃខាងមុខជូនមន្ត្រីរាជការ អភិបាលខេត្តក៏បានពន្យល់ និងដោះស្រាយនូវសំណូមពរ និងកង្វល់នានាមួយចំនួនដែលបានលើកឡើង ដោយទទួលបាននូវការសាទរ និងពេញចិត្តពីសំណាក់មន្ត្រីរាជការទាំងអស់៕




No comments:

Post a Comment