Wednesday, September 06, 2017

អភិបាលខេត្តព្រះវិហារអំពាវនាវ ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល ខណៈកម្ពស់ទឹកស្ទឹងសែនប្រកាសអាសន្នរហូត១២,៥០ម៉ែត្រ

ព្រះវិហារ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមដង ស្ទឹងសែន ត្រូវប្រុងប្រយ័ត្នម្តងទៀត ខណៈកម្ពស់ទឹកស្ទឹងសែន ថ្ងៃនេះមានកម្ពស់លើសពីកំរិតប្រកាស អាសន្នរហូត១២,៥០ម៉ែត្រ ដែលកម្រិតប្រកាសអាសន្នត្រឹមតែ១១,៥០ ម៉ែត្រប៉ុណ្ណោះ។
លោកអំពាវនាវបែបនេះ ក្នុងឱកាសដែលលោករួមជាមួយលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ក៏ដូចមន្ត្រីរាជការប្រជាពលរដ្ឋអញ្ជើញ ចូលរួមដាក់វេនបិណ្ឌថ្ងៃទី១ នៅវត្តរាជាប្រាសាទគោគបេង ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោក អ៊ុន ចាន់ដា បានថ្លែងរំលឹកថា កាលពីខែកក្កដា និងខែសីហា កន្លងទៅនេះ ខេត្តព្រះវិហារយើងបាន ទទួលរងគ្រោះនូវទឹកជំនន់ទឹកភ្លៀងបានធ្វើ ឱ្យស្រុក៣រងគ្រោះ ធ្ងន់ធ្ងររួមមាន៖ ស្រុកជាំសាន្ត ស្រុកកូលែន និងស្រុកឆែប បណ្តាលឱ្យលិចលង់ស្រូវស្រែចំការរបស់យើង។ ជាមួយគ្នានេះអាជ្ញាធរខេត្ត បានខិតខំរួមជា មួយថ្នាក់ដឹកនាំ បានចុះជូយសង្រ្គោះប្រជាពលរដ្ឋ ហើយបានផ្តល់នូវស្បៀងអាហារ និងកន្លែងស្នាក់នៅ បណ្តោះអាសន្ន។ ពេលនោះយើងក៏បានផ្តល់នូវពូជស្រូវ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដើម្បីធ្វើការដាំដុះ និងស្តារឡើងវិញ។ ប៉ុន្តែពេលនេះទឹកបានចាប់ផ្តើមបន្តឡើងវិញមកដល់ថ្ងៃនេះ គឺមានកំពស់១២,៥០ម៉ែត្រ គឺលើសពីកំរិតប្រកាសអាសន្ន ដែលមានកម្ពស់ត្រឹមតែ១១,៥០ម៉ែត្រ ប៉ុណ្ណោះដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន សូមមានការប្រុងប្រយ័ត្ន ដោយឡែកអាជ្ញាធរខេត្ត បានត្រៀមលក្ខណដើម្បី ជួយសង្រ្គោះផងដែរ ។
សម្រាប់ថ្ងៃដាក់បិណ្ឌនេះវិញ លោក អ៊ុន ចាន់ដា បានលើកឡើងថា មួយរយៈមកនេះយើងសង្កេត ឃើញ សាសនា របស់យើង ត្រូវបានជនអគតិមួយចំនួនធ្វើការវាយប្រហារ ហើយមានក្រុម ខ្លះបានយក ព្រះពុទ្ធសាសនា ទៅប្រើប្រាស់ក្នុងនយោបាយ ហើយក៏មានក្រុមខ្លះវាយប្រហារព្រះពុទ្ធសាសនាទៅវិញ។
ព្រះពុទ្ធសាសនា ជាសាសនា មួយបរិសុទ្ធមិនពាក់ព័ន្ធនិងនយោបាយ មិនពាក់ព័ន្ធ និងរឿងអ្វីដែលប៉ះពាល់ ដល់ អសន្តិសុខសង្គម ដូច្នេះការបង្កើតឱ្យមានបញ្ហាទាំងឡាយមិនមែន ព្រះពុទ្ធសាសនាទេ គឺជាបុគ្គល់ដែល យកព្រះពុទ្ធសាសនាទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លូនតែប៉ុណ្ណោះ។
ថ្ងៃនេះយើងបានរួបរួមគ្នា ជាមួយមន្ត្រីរាជការ មកកាន់វេនបិណ្ឌទី១ នៅវត្តគោគបេងពិសេស បាននាំយកគ្រឿង ឧបភោគបរិភោគ នឹងបច្ច័យយកមកប្រគេនព្រះសង្ឃឧទ្ទិសដល់បុព្វការីជន មានជីដូនជីតាដែលបានចែកឋាន ទៅ។

ក្នុងឱកាសនោះលោកអភិបាលខេត្តព្រះវិហារ និងប្រធានក្រុមប្រឹក្សខេត្តបានប្រគេនទយ្យទាន បច្ច័យជិត ៥លានរៀល និងបានចូលរួមបច្ច័យដើម្បី កសាងព្រះវិហារ៤២៦០ដុល្លាអាមេរិកផងដែរ ៕






No comments:

Post a Comment