នៅក្នុងលិខិតរបស់លោក សម រង្ស៊ី ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដែលបានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក បានបញ្ជាក់ថា លោក បានសម្រេចចិត្តលាលែងពីតំណែងប្រធាន និងសមាជិកគណបក្សសង្រ្គោះជាតិហើយ។
តាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានឱ្យដឹងថា លោក សម រង្ស៊ី ពិតជាបានសម្រេចចិត្តលាឈប់ពីប្រធាន និងសមាជិក គណបក្សសង្រ្គោះជាតិពិតប្រាកដមែន។ គេមិនទាន់ដឹងថា តើនរណានឹងក្លាយជាប្រធានគណបក្សសង្រ្គោះជាតិបន្តពីលោក សម រង្ស៊ី។
គួរបញ្ជាក់ថា លោក សម រង្ស៊ី បានសម្រេចចិត្តលាលែងតំណែងនេះ គឺ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវ នៃសម្លេងសាសងស្នេហារវាងលោក និងមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិជាច្រើនរូបទៀតជាមួយនារីកំណាន់វ័យក្មេងនៅតាមបណ្តាញសង្គមហ្វេសប៊ុកនាពេលកន្លងមក។ ការបែកធ្លាយសម្លេងលួចលាក់ស្នេហានេះ ទំនងអាចជាមូលហេតុ ដែលធ្វើឱ្យលោក កាន់តែអស់តម្លៃ ក្នុងនាមជាប្រធានគណបក្ស ឬអាចជាការប្រកាសចុះចាញ់ជាមុន មុនពេលដែលច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានដាក់ពិភាក្សា និងអនុម័តនៅពេលខាងមុខឆាប់ៗនេះ ដែលលោកនឹងត្រូវបាត់បង់សិទ្ធិធ្វើនយោបាយ ពីព្រោះច្បាប់ នោះបានកំណត់ថា «អ្នកទោសមិនអាចឈរឈ្មោះជាប្រធានគណបក្សនយោបាយបានឡើយ»។
ដោយឡែកតាមការអះអាងនៅក្នងលិខិតលាឈប់របស់ លោក សម រង្ស៊ី បានបញ្ជាក់ថាមូលហេតុនៃការលាឈប់ដោយសារបញ្ហាផ្ទាល់ខ្លួន៕
No comments:
Post a Comment