Monday, February 13, 2017

រដ្ឋសភាសម្រេចបញ្ជូនសំណើសុំធ្វើ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ទៅកាន់គណៈកម្មការនីតិកម្ម និងយុត្តិធម៌

ភ្នំពេញ៖ បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រដ្ឋសភា បានសម្រេចបញ្ជូនសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ទៅកាន់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដែលដឹកនាំដោយ លោក ប៉ែន បញ្ញា ត្រួតពិនិត្យ មុននឹងដាក់ចូលសភាពេញអង្គបោះឆ្នោតអនុម័ត។ នេះបើតាម លោក ឈាង វុន ប្រធានគណៈកម្មការឃោសនា និងកិច្ចការបរទេស។
លោក ឈាង វុន បានបញ្ជាក់ថា វិសោធនកម្មច្បាប់នេះ មានបន្ថែម ចំណុចសំខាន់ៗ ជាច្រើន ដើម្បីធានាដល់​លទ្ធិប្រជាធិបតេយ្យ ធានារាជបល្ល័ង្ក និងធានាកុំឱ្យអ្នកទោសណាម្នាក់មកធ្វើនយោបាយនៅកម្ពុជាបាន។ លោកបានបន្ថែមថា អ្នកទោសដែលមិនអាចធ្វើនយោបាយបាន គឺស្ថិតនៅក្នុងទោសមជ្ឈឹម និងឧក្រិដ្ឋ។
សូមបញ្ជាក់ថា នៅវេលាម៉ោង៩:០០នាទីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រដ្ឋសភាបានបើកកិច្ចប្រជុំ​គណៈកម្មាធិការអចិន្រ្តៃយ៍មួយ ដើម្បីពិនិត្យមើលសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានតំណាង​គណៈកម្មការទាំង១០នៃរដ្ឋសភាចូលរួម ក្នុងនោះក៏មានតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិផងដែរ។
សំណើសុំធ្វើវិសោធនកម្ម លើច្បាប់ស្តីពីគណបក្សនយោបាយ ដែលរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្ស ប្រជាជនកម្ពុជាចំនួន៦០រូប បានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើងដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តីពីគណបក្សនយោបាយក្នុង នោះច្បាប់ថ្មីនេះនិងមិនអនុញ្ញាតឱ្យអ្នកមានទោស ឬជាទណ្ឌិត ធ្វើជាប្រធាន ឬ អនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្សមិនឱ្យ ធ្វើសកម្មភាពនយោបាយថែមទៀត៕



No comments:

Post a Comment