Monday, February 13, 2017

អ្នកវិភាគនៅក្បែរនាយករដ្ឋមន្រ្តី៖ អ្វីដែល លោក សម រង្ស៊ី ប្រកាសលាលែងពីតំណែងនៅពេលនេះ គ្រាន់តែជាការសម្តែងល្ខោនប៉ុណ្ណោះ

(ភ្នំពេញ)៖ អ្នកវិភាគដែលនៅមិនឆ្ងាយពីនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ការវិភាគដល់​អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា អ្វីដែលលោក សម រង្ស៊ី ប្រកាសលាលែងពីប្រធាន​គណបក្សសង្រ្គោះជាតិនៅរសៀលថ្ងៃសៅរ៍នេះ គឺជាការសម្តែងល្ខោនប្រោកប្រាស់​សាធារ​ណ​ជន​តែប៉ុណ្ណោះ ការធ្វើបែបនេះក្នុង គោលបំណងទាមទារចំណាប់​អារម្មណ៍​ឱ្យថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់សំខាន់ៗ និងសមាជិករបស់គណបក្សសង្រ្គោះជាតិ ចេញញត្តិ ឬដាក់លិខិតស្នើសុំ​អង្វរក លោក សម រង្ស៊ី នៅធ្វើប្រធានគណបក្សដដែល។
អ្នកវិភាគមិនសូវខុសហើយនៅមិនឆ្ងាយពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ដដែលរូបនោះ​បាន​អះអាងទៀតថា ការធ្វើបែបនេះរបស់លោក សម រង្ស៊ី ក៏ព្រោះតែចង់ឱ្យមានការគាំទ្រ រូប​លោកឡើងវិញតែប៉ុណ្ណោះ ព្រោះប្រជាប្រិយភាពរបស់គាត់កំពុងធ្លាក់ចុះយ៉ាងខ្លាំង។
 ប្រសិនបើការលែងលារបស់លោក សម រង្ស៊ី ពិតប្រាកដមែននោះ សូមបងប្អូនប្រជាពលរដ្ឋ​ចាំមើលទាំងអស់គ្នា, ប៉ុន្តែប្រសិនបើការលាលែងនេះដើម្បីគ្រាន់តែ ឆាកល្ខោនបំភ័ន្ត​ភ្នែក​ចង់ឱ្យ​គេចាប់អារម្មណ៍ និងអង្វរ ហើយយល់ព្រមនៅធ្វើជាប្រធានគណបក្សដដែលនោះ តើលោក សម រង្ស៊ី សាកសមជាអ្នកដឹកនាំឬទេ ព្រោះម្តងថាលាលែងម្តងយល់ព្រមធ្វើវិញ?
សូមជំរាបថា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី បានប្រកាស​លាលែងពីប្រធាន និងសមាជិកភាពគណបក្សសង្រ្គោះជាតិ នេះបើយោងតាម Facebook របស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងលិខិតរបស់លោក ដែលបង្ហោះ​លើទំព័រ Facebook របស់លោកថា «ខ្ញុំសូមឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មា​ធិការ​នាយក គណបក្សសង្រ្គោះជាតិ មេត្តាជ្រាបជាព័ត៌មានអំពីសេចក្តីសម្រេចរបស់ខ្ញុំ ហើយចាត់ទុកថា សេចក្តីសម្រេចនេះចូលជាធរមានចាប់ពីថ្ងៃចុះ​ហត្ថលេខារបស់ខ្ញុំ​នេះ​តទៅ»។
នេះជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ដែលមិននឹកស្មានដល់ថា លោក សម រង្ស៊ី សម្រេច​ចិត្ត​លាលែងបែបនេះ។ ការប្រកាសលាឈប់ពីតំណែងប្រធានគណបក្សនេះ បានធ្វើឡើង​បន្ទាប់ពីសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ៦០រូប បានស្នើទៅរដ្ឋសភា ធ្វើ​វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលមិនអនុញ្ញាតឱ្យពិរុទ្ធជន ឬ ទណ្ឌិតធ្វើជា​ប្រធាន​បក្សនយោបាយ។ ការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយនេះ គណៈ​កម្មាធិការអិចន្ត្រៃយ៍រដ្ឋសភាគ្រោងបើកកិច្ចប្រជុំនៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ។
ការលាលែងរបស់ លោក សម រង្ស៊ី ក៏បានកើតមាននៅចំពេលដែលរូបលោក បានបែក​ធ្លាយរឿងអាស្រូវមានសម្ព័ន្ធមេត្រីភាពស្នេហា ជាមួយនារីបម្រើការ​នៅ​តាមភោជនីយ​ដ្ឋាន​ផងដែរ។ ការបែកធ្លាយរឿងអាស្រូវស្នេហ៍នេះ បានជះឥទ្ធិពលអាក្រក់សម្រាប់ភាព ជា​មេដឹកនាំ​បក្សនយោបាយរបស់លោក៕
ប្រភព៖ Fresh News

No comments:

Post a Comment