Monday, February 13, 2017

ប្រមុខរដ្ឋាភិបាលកម្ពុជា៖ សមិទ្ធផលស្ពានកោះធំនេះ គឺជាសមិទ្ធផលពិតប្រាកដ ពុំមែនជាការ ដើរសន្យានោះឡើយ

(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាសមិទ្ធផលស្ពានកោះធំនេះ​គឺជា​សមិទ្ធ​ផលពិតប្រាកដ កើត​ឡើង​ដោយសារការដឹកនាំត្រឹមត្រូវរបស់រដ្ឋាភិបាល​នៅក្នុ​ង​សម័យ​កាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ ដែលមានប្រវែង ៤១៥ម៉ែត្រ ដែលចំណាយអស់ថវិកាជិត២០លានដុល្លារ មានទីតាំងនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មានបុគ្គលមួយចំនួនចង់ធ្វើជានាយករដ្ឋមន្រ្តី ដេកយល់សប្តិចង់ធ្វើនាយករដ្ឋមន្រ្តី បានត្រឹមតែជានាយករដ្ឋមន្រ្តីឧទាហរណ៍ ហើយមិនអាច បំពេញតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋបានឡើយ ព្រោះបានត្រឹមតែការសន្យា។
 នៅក្នុងឱកាសនោះផងដែរ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ក៏បាន​រម្លឹកដល់សម័យមុនថា លោក បានឆ្លងកាត់រួចហើយនូវសម័យគ្មានផ្លូវដើរ គ្មានស្ពាន ដំណាក់​កាលមនុស្សជិះកង់ កង់ជិះមនុស្ស។
 សូមបញ្ជាក់ផងដែរថា ស្ពានមិត្តភាពកម្ពុជា-ចិន នេះគឺមានសារៈសំខាន់បំផុតក្នុងជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំក្នុងការធ្វើដំណើរ ដែលកន្លងមកធ្លាប់តែឆ្លងទូកដរនោះ។ ម្យ៉ាងវិញទៀតស្ពាននេះ នឹងក្លាយជាសរសៃសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ និងមកពីតំបន់ផ្សេងៗទៀតផងដែរ។ មានស្ពានគឺពិតជាមានសង្ឃឹម៕





No comments:

Post a Comment