Monday, July 29, 2019

អភិបាលខេត្តត្បូងឃ្មុំផ្តល់ជូនរង្វាន់កុំព្យូទ័រយួរដៃម្នាក់ ១គ្រឿងសម្រាប់សិស្សប្រលងបាក់ឌុបជាប់និទ្ទេស Aទូទាំងខេត្ត

ត្បូងឃ្មុំ៖ សិស្សានុសិស្សដែលខិតខំប្រឹងប្រែងក្នុងការ សិក្សារៀនសូត្រ រហូតប្រលងបាក់ឌុបជាប់និទ្ទេសA ទូទាំងខេត្តទាំងអស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ សន្យានឹងផ្តល់ជូនកុំព្យូទ័រយួរដៃម្នាក់១គ្រឿង។
ការលើកទឹកចិត្តដល់សិស្សដែលសង្វាតក្នុងការរៀន សូត្រ ដោយផ្តល់ជាកាដូបែបនេះធ្វើឡើងក្នុងឱកាស លោក ជាម ច័ន្ទសោភ័ណ រួមជាមួយមន្ត្រីក្រោមឱវាទ និងសសយកខេត្ត ចុះសំណេះសំណាល ជាមួយលោក គ្រូអ្នកគ្រូចំនួន៤០នាក់ និងសិស្សានុសិស្សជាង៦០០ នាក់ ក្នុងវគ្គបំប៉នត្រៀមប្រលងបាក់ឌុបនៅវិទ្យាល័យទាំង៦ ទូទាំងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពេញ១ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលវិទ្យាល័យទាំង៦នេះ មានវិទ្យាល័យ ហ៊ុនសែន ខ្នារ វិទ្យាល័យហ៊ុនសែន ក្បាលអូរ វិទ្យាល័យហ៊ុនសែន ត្រពាំងឫស្សី វិទ្យាល័យហ៊ុនសែន ពាមជីលាំង វិទ្យាល័យហ៊ុនសែន ទន្លេបិទ និងវិទ្យាល័យ សម្តេចម៉ែ។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងទៅកាន់ក្មួយៗឲ្យខិតខំប្រឹងប្រែងរៀនសូត្រព្រោះថាអនាគតក្មួយៗ ក្រុមគ្រួសារ នឹងសង្គមជាតិទាំងមូលគឺពឹងផ្អែកលើក្មួយៗទាំងអស់នេះហើយដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើងពីព្រោះថាយុវជនគឺជាកោសិកា ជាសសរទ្រូងដ៍រឹងមាំ សម្រាប់អភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលពិសេសប្រកួតប្រជែងលើឆាកអន្តរជាតិ។
លោកអភិបាលខេត្ត បានក្រើនរំលឹកថា អ្នកចេះគឺជាប់ ដូច្នេះត្រូវខិតខំប្រឹងប្រែងសិក្សា យកចំនេះដែលខិតខំកន្លងមក បញ្ចេញឲ្យអស់នាថ្ងៃប្រលង ពិសេសថែរក្សាសុខភាពឲ្យល្អ។

ជាមួយគ្នានោះ លោក ជាម ច័ន្ទសោភ័ណ បានជូនពរដល់ក្មួយៗសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ឱ្យជាប់គ្រប់ៗគ្នាហើយ លោក ក៏បាននាំយកថវិការបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូនដល់លោកគ្រូអ្នកគ្រូ ដែលខិតខំបង្រៀនយ៉ាងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តនាឱកាសនោះផងដែរ៕





No comments:

Post a Comment