Monday, July 29, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពីសមិទ្ធផលស្ពានដែលមិត្តចិនបានជួយដល់កម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលស្ពានដែលមិត្តចិនបានជួយដល់កម្ពុជា ដូចជាស្ពានព្រែកតាម៉ាក់ ស្ពានព្រែកក្តាម ស្ពានជ្រោយចង្វារទី២ ស្ពានព្រែកសំរោង (តាខ្មៅ) ស្ពានកោះធំ (ខេត្តកណ្តាល) ស្ពានស្ទឹងត្រង់-ក្រូចឆ្មា(កំពុងសាងសង់) ស្ពានពីខេត្តក្រចេះទៅខេត្តកំពង់ធំ (កំពុងសិក្សាសាងសង់) រួមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀត រួមទាំងបណ្តាញផ្លូវជាតិសំខាន់ៗ ។ លោក បានថ្លែងដូចនេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលបាននិងកំពុងដំណើរការសាងសង់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងពេលឆាប់ៗខាងមុខនេះ មិត្តចិននឹងផ្តល់ជំនួយតាមរយៈការសាងសង់ផ្លូវជាតិលេខ១០ មួយខ្សែទៀតដោយកាត់ពីខេត្តកោះកុង មកថ្មដាខេត្តពោធិ៍សាត់ និងតមកតំបន់សំឡូតនៃខេត្តបាត់ដំបង ដែលទាំងអស់នេះគឺជាការចូលរួមពីមិត្តចិនក្នុងគម្រោងនៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ របស់ចិន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលកន្លងមកតែងតែបានចូលរួមផ្តល់ជាជំនួយក្នុងការកសាងនូវសមិទ្ធផលជាតិសំខាន់ៗដល់កម្ពុជា រួមទាំងពហុកីឡដ្ឋានជាតិនេះផងដែរ។ បើគ្មានមិត្តចិនទេ យើងមិនអាចទទួលបានសមិទ្ធផលជាតិសំខាន់ៗដែលកំពុងបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើងដូចបានឃើញសព្វថ្ងៃនេះទេ។

ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសដល់បណ្តាប្រទេសនានាផងដែរ បើមានបំណងចង់ជួយក្នុងការកសាងនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺអាចជួយបាន ក្នុងដំណាក់កាលសាង​សង់​ទី៣ដែលផ្តោតទៅលើការរៀបចំទីលានប្រកួតកីឡាផ្សេងៗ តែបើគ្មានជំនួយពីប្រទេសណានោះទេ លោកនឹងបន្តស្នើសុំជំនួយពីមិត្តចិនជាបន្តទៀត៕









No comments:

Post a Comment