Monday, July 29, 2019

លោក ហេង សំរិន គំាទ្រកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញនិងរាជធានីភ្នំពេញ

ក្នុងឱកាសទទួលជួបសម្តែងការគួរសមនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភាជាមួយលោកស្រី ង្វៀន ធី ឡិ (Nguyen Thi Le) អនុលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហេង សំរិន ប្រធានរដ្ឋសភា បានកោតសរសើរ និងគំាទ្រចំពោះកិច្ចសហប្រតិបត្តិការគ្រប់វិស័យយ៉ាងស្អិតរមួតក្នុងក្របខណ្ឌបក្ស រដ្ឋ និងរដ្ឋបាលគ្រប់ផ្នែក រួមទំាងការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ទៅវិញទៅមក រវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ក្រោមពាក្យស្លោក «អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»។
លោកស្រី ង្វៀន ធី ឡិ បានស្នើលោក ហេង សំរិន ប្រធានរដ្ឋសភា គំាទ្រកិច្ចសហប្រតិបត្តិការទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ និងបានបញ្ចាក់ថាទីក្រុងហូជីមិញ បានត្រៀមលក្ខណៈសម្បត្តិគ្រប់ពេលវេលាក្នុងការចែករំលែកបទពិសោធន៍ដល់រាជធានីភ្នំពេញព្រមទាំងបានអបអរសាទរពីការអភិវឌ្ឍរបស់កម្ពុជា នៅក្រោមម្លប់ព្រះករុណាព្រះមហាក្សត្រការដឹកនាំស្ថាប័នសភា និងរាជរដ្ឋាភិបាល។

លោក ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម សម្រេចបានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្ពោះទៅរកវឌ្ឍនភាព ជឿនលឿនយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ លោកបានបង្ហាញការជឿជាក់ថា ការរីកចម្រើនយ៉ាងខ្លំាងរបស់ទីក្រុងហូជីមិញ នឹងអាចធ្វើឲ្យទីក្រុងមួយនេះក្លាយជាទីក្រុងគុជមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះក្នុងពេលអនាគតយ៉ាងខ្លីខាងមុខ៕



No comments:

Post a Comment