Thursday, March 14, 2019

អភិបាលខេត្តសៀមរាបដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមផែនការ និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួត

សៀមរាប៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមផែនការ និង ដោះស្រាយបញ្ហាគ្រោះរាំងស្ងួត នៅពេលចំពោះមុខនេះ ដោយមានការចូលរួមពី សំណាក់អស់លោក លោកស្រីជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង/ស្រុក ក្នុងជួរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ប្រព្រឹត្តទៅនៅសាលាខេត្តសៀមរាប។
បន្ទាប់ពីមានប្រសាសន៍បើកកិច្ចប្រជុំ របស់លោកអភិបាលខេត្តរួចមក គ្រប់បណ្តាគណៈ​កម្មា​ធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង/ស្រុកទាំង១២ នៃខេត្តសៀមរាប និងមន្ទីរ អង្គភាពក្នុងខេត្ត បានធ្វើសេចក្តីរាយការណ៍ ស្តីពីផែនការត្រៀមបម្រុង ក្នុងការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងការបំពាក់នូវឧបករណ៍ មធ្យោបាយក្នុងការចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋនៅតាមតំបន់ដែលរងគ្រោះ ខ្វះខាតទឹកប្រើប្រាស់ និងលើកនូវសំណូមពរដល់អង្គប្រជុំផងដែរ។ ក្នុង​នោះដែរ មន្ទីរធនធានទឹក និងឧតុនិយម ក៏បានឱ្យដឹងផងដែរថា បញ្ហារងការប៉ះពាល់ធ្វើ​ឱ្យ​ប្រទេសកម្ពុជាជួបនឹងគ្រោះសីតុណ្ហភាពកម្តៅ (អែលនីញ៉ូ) តែ៦០%ប៉ុណ្ណោះ ដែលបណ្តាល​ឱ្យតំបន់មួយចំនួនខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ ។
ឆ្លងតាមកិច្ចពិភាក្សា ផ្លាស់ប្តូរនូវមតិយោបល់ និងលើកយកនូវបទពិសោធន៍នាពេលកន្លងមក នៅតាមបណ្តាភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក ដែលជួបរងនូវគ្រោះរីងស្ងួត ខ្វះខាតទឹកប្រើប្រាស់ ដោយមានការធ្វើអន្តរាគមន៍ពីអាជ្ញាធរខេត្ត ក្រុង/ស្រុក និងចូលរួមសហការពីបណ្តាអង្គការដៃគូមួយចំនួនផងដែរ។ មានប្រសាសន៍បូកសរុបនូវកិច្ចប្រជុំនោះ លោកអភិបាលខេត្តក៏បានធ្វើការលើកឡើងនូវចំណុចមួយចំនួន ដែលមានពាក់ព័ន្ធទៅនឹងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ចំពោះបញ្ហាទឹកនេះ។ លោកអភិបាលខេត្តក៏បានបញ្ជាក់ថា ឆ្លងតាមការផ្សព្វផ្សាយនៃការប៉ះពាល់នូវ (អែលនីញ៉ូ) ដែលធ្វើឱ្យមានការខ្វះខាតទឹក ព្រមទាំងនឹងកើតនូវបញ្ហាផ្សេងៗ ដោយ គ្រោះមហន្តរាយនៅតាមបណ្តាក្រុង/ស្រុក នាពេលកន្លងមក តែងតែជួបនូវខ្យល់កន្ទ្រាក់ និងរន្ទះបាញ់។
ក្នុងកិច្ចប្រជុំនេះ ក៏មានធ្វើការផ្លាស់ប្តូរនូវសមាសភាព គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង/ស្រុក ដោយមានសមាសភាពមួយចំនួន គឺការផ្លាស់ប្តូរភារកិច្ច និងការចូលនិវត្តន៍។ ក្នុងនោះដែរ លោកអភិបាលខេត្ត សូមឱ្យគ្រប់បណ្តាក្រុង/ស្រុក ត្រូវមានរបាយការណ៍ជូនមកថ្នាក់ខេត្ត ចំពោះតាមបណ្តាភូមិ ឃុំ ដែលមានជួបបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់។ លោក​ក៏បានធ្វើការកោតសរសើរដល់អាជ្ញាធរក្រុង/ស្រុក ដែលបានខិតខំព្យាយាម រក្សានូវប្រភពទឹក ដើមី្បសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ប្រើប្រាស់នៅក្នុងរដូវប្រាំងនេះ និងបានធ្វើការថ្លែងនូវអំណរគុណដល់មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹក និងឧតុនិយម និងសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងបងប្អូនសប្បុរសជន ដែលបានផ្តល់នូវអណ្តូងទឹកស្អាត ស្រះទឹក សម្រាប់ប្រជាពលរដ្ឋបានប្រើបាស់។ លោកបានឱ្យមន្ទីរធនធានទឹក និងឧតុនិយម​ខេត្ត បន្តធ្វើការស្រាវជ្រាវពីប្រភពទឹកបន្ថែមទៀត ដែលយើងត្រូវការធ្វើការជីកអណ្តូងទឹកបន្ថែមទៀត។

ជាចុងក្រោយ លោកបានសង្កត់ធ្ងន់ចំពោះមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ សំខាន់មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរបរិស្ថាន ត្រូវធ្វើការសិក្សាស្រាវជ្រាវស្វែងរកប្រភពទឹកផ្គត់ផ្គង់ និងអង្គភាពរដ្ឋាករទឹក ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត កងកម្លាំងប្រតិបត្តិការសឹករង រួមទាំងស្នងការបេតិកភណ្ឌ និងអាជ្ញាធរជាតិអប្សរា មន្ទីរសាធារណការ និងវិស័យឯកជន គឺត្រៀមលក្ខណៈនូវគ្រប់វិនាទី ក្នុងការបញ្ចេញរថយន្តដឹកទឹក ចុះជួយប្រជាពលរដ្ឋនៅតាមតំបន់ខ្វះខាតទឹកប្រើប្រាស់នៅពេលខាងមុខនេះ។ រួមជាមួយគ្នានោះមន្ទីរសុខាភិបាលខេត្ត ក៏ដូចមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ ត្រូវត្រៀមក្នុងការអន្តរាគមន៍លើផ្នែកសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងពេលរដូវក្តៅនេះ ជាពិសេសចាស់ជរា និងកុមារតូចៗ៕


No comments:

Post a Comment