Tuesday, August 14, 2018

ក្រុមហ៊ុន MI NER VA INVESTMENT CO,LTD មានគម្រោងបង្កើតរោងចក្រកែច្នៃ និងកំទេចសំណល់ដែលគ្រោះថ្នាក់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំវាយតំលៃផលប៉ះពាល់ពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងបង្កើតរោងចក្រ កែច្នៃ និងកំទេចសំណល់ដែលគ្រោះថ្នាក់។ គម្រោងនេះ គ្រោងសាងសង់នៅលើផ្ទៃដីទំហំ៣០ហិចតា នៅទីតាំងភូមិមណ្ឌល១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយក្រុមហ៊ុន មី នើ វ៉ា អ៊ិនវឹសម៉ិន ខូអិលធីឌី (MI NER VA INVESTMENT CO,LTD) និងក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៏ហ្គ្រីន ខូអិលធិឌី (SUSTINAT GREEN CO,LTD) ដោយគ្រោងចំណាយទុន ៣០០លានដុល្លារ និងមានលទ្ធភាពផ្តល់ការងារ ជូនពលរដ្ឋខ្មែរ បានចំនួន ៥០០នាក់ ក្រោមការគ្រប់គ្រង និងអ្នកបច្ចេកទេសជនជាតិចិនចំនួន ២០នាក់។
តាមការឱ្យដឹងពីតំណាងក្រុមហ៊ុន លោក សុំ ពិសិដ្ឋ បានបញ្ជាក់ថា ប្រសិនជាគ្មានការរាំងស្ទះ ក្រុមហ៊ុនគ្រោង ដំណើរការសាងសង់ នៅចុងឆ្នាំ២០១៨ ដោយត្រូវចំណាយពេលវេលាសាងសង់ចំនួន ២ឆ្នាំ និងចាប់ផ្តើម ដំណើរការសាកល្បងជំហានដំបូងនៅឆ្នាំ២០២១។
លោក សុំ ពិសិដ្ឋ តំណាងក្រុមហ៊ុន ទីប្រឹក្សា SUSTINATGREEN CO,LTD បានឱ្យដឹងថា ទីតាំងដែលគ្រោង សង់រោងចក្រនេះ ជាទីកន្លែងដែលមិនសូវមានដើមឈើ និងសត្វព្រៃរស់នៅទេ តាមលទ្ធផលសិក្សារបស់ ក្រុមហ៊ុន ប្រជាពលរដ្ឋនៅទីតាំងខាងលើ បានគាំទ្រចំពោះក្រុមហ៊ុន ដែលគ្រោងបង្កើតរោងចក្រនៅទីនេះ ដែលជាផ្នែកមួយអាចផ្តល់ការងារ និងប្រាក់ចំណូល ដល់ពួកគាត់ផងដែរ ស្របពេលដែលប្រជាពលរដ្ឋ នៅភូមិសាស្ត្រខាងលើជាអ្នកប្រកបរបរ ដុតឡធ្យូង និងចិញ្ចឹមត្រីឆ្ពង់តិចតួចប៉ុណ្ណោះ។
ជាការឆ្លើយតបទៅនឹងផលប៉ះពាល់តិចតូចនោះ ក្រុមហ៊ុននឹងចូលរូមជាមូលនិធិជូនក្រសួង បរិស្ថានក្នុងមួយ ឆ្នាំចំនួន៨០០០$។ចំពោះប្រភពសំណល់ ដែលយកមកប្រើប្រាស់គឺមានក្រុមហ៊ុនSARRUM TRADING ជាអ្នកប្រមូលជូនពីខេត្តនានាក្នុងប្រទេសកម្ពុជា ដោយមិនមានការនាំចូលសំណល់ពីប្រទេសក្រៅទេ។ ដំណាក់កាលដំបូងតាមការប៉ាន់ប្រមាណនេះ ក្រុមហ៊ុនអាចប្រមូលសំណល់បានចំនួន ១៦៤តោន ក្នុងមួយឆ្នាំ មកពីទីតាំងនានាទូទាំងប្រទេស។
ពាក់ពន្ធ័ទៅនឹងការគ្រប់គ្រងសំណល់រាវ ក្រុមហ៊ុនមានអាងប្រព្រឹត្តិកម្មរួមតាមលក្ខណៈ បច្ចេកទេសមុនបង្ហូរ ចេញទៅក្រៅ។ចំពោះសំណល់រឹងក្រោយការកែច្នៃ ក្រុមហ៊ុននឹងមានសារធាតុបន្សាបជាតិពុល រួចយកទៅ ចាក់នៅទីលានដែលអាចផ្ទុកបានក្នុងរយៈពេល ២០ឆ្នាំ ដោយការពារមិនអោយមានការលេចជ្រាបចុង ក្រោយនឹងយកទៅកប់រូចដាំដើមឈើពីលើ។

ក្រោយបញ្ចប់កិច្ចពិភាក្សា លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានស្នើអោយក្រុមហ៊ុននូវចំណុចមួយចំនួន៖
១-ស្នើអោយក្រុមហ៊ុនកំណត់អោយច្បាស់នូវប្រភពថាមពល ដែលក្រុមហ៊ុនត្រូវប្រើ ថាតើត្រូវដុតអុស ឬដុតប្រេង ឬប្រើថាមពលអគ្គីសនី ក្នុងការបំបែកកែច្នៃសំណល់ទាំងនោះ?
២-ស្នើក្រុមហ៊ុនបញ្ជាក់អោយច្បាស់អំពីដំណើរការនៃអាងប្រព្រឹត្តិកម្ម។
៣-ស្នើអោយមានការសិក្សាអំពីបច្ចេកទេស និងផលប៉ះពាល់បរិស្ថាន អោយបានស៊ីជម្រៅចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាជន និងជីវៈចំរុះនានានៅទីតាំងនោះ ៕


No comments:

Post a Comment