Tuesday, August 14, 2018

ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី មានបំណងចងក្រងសៀវភៅ ពាក់ព័ន្ធនឹងប្រវត្តិរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានទទួលជួបពិភាក្សាការងារជាមួយលោក ក្រាសិ ចាន់ណាវង្ស (Krasae Chanawongse) ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី។
នៅក្នុងជំនួបនេះ លោក Krasae Chanawongse បានអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោត កាលពីពេលថ្មីៗកន្លងទៅនេះ ទទួលបានជោគជ័យ និងដំណើរការទៅបានយ៉ាងល្អឥតខ្ចោះ។
ក្នុងឱកាសនោះ លោកក៏បានបញ្ជាក់ពីគោលបំណងរបស់លោក ក្នុងការចងក្រងសៀវភៅ ពាក់ព័ន្ធនឹងប្រវត្តិរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង និងក៏បានរាយការណ៍ជូនលោកអំពីមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីផង និងជូនអាហារូបករណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងបានជម្រាបជូន ពីបំណង ក្នុងការបង្កើតសាខាសាកលវិទ្យាល័យរបស់លោក ក្នុងព្រះរាជាណាចក្រកម្ពុជាផង។
ជាការឆ្លើយតបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះលោក Krasae Chanawongse ដែលបានតាមដាន យ៉ាងយកចិត្តទុកដាក់ និងបានអបអរសាទរកម្ពុជា ក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតកន្លងទៅ។ លោកក៏បានថ្លែងអំណរគុណផងដែរ ចំពោះលោក Krasae Chanawongse ដែលយកចិត្តទុកដាក់ចង់ចងក្រងអំពីប្រវត្តិរបស់លោក ហើយក៏បានជម្រាបជូន លោក Krasae Chanawongse អំពីការត្រៀមរបស់កម្ពុជា ក្នុងនាមជាសមាជិករបស់មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី នោះគឺសភាកម្ពុជា បានផ្តល់សច្ចាប័ណ្ណឲ្យកម្ពុជាហើយ ក្នុងការចូលរួមជាសមាជិក ហើយកម្ពុជាក៏មានគណៈកម្មាធិការ បង្ការគ្រោះមហន្តរាយផងដែរ ដែលយន្តការនេះ អាចទៅជាផ្នែកមួយសម្រាប់មជ្ឈមណ្ឌល ត្រៀមបង្កាគ្រោះមហន្តរាយនេះ។

ជារួមកម្ពុជាបានត្រៀមខ្លួនជាស្រេច ជាសមាជិករបស់គណៈកម្មាធិការ។
ដោយឡែក ចំពោះការផ្តល់អាហារូបករណ៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណចំពោះ លោក Krasae Chanawongse ផងដែរថា នេះគឺជាកត្តាសំខាន់ចំពោះកម្ពុជា ព្រោះកម្ពុជាកន្លងមក ទទួលបានជោគជ័យ ដោយសារតែការបណ្តុះបណ្តាលលើធនធានមនុស្សបានល្អៗនេះឯង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណចំពោះការផ្តល់ជូនអាហារូបករណ៍ចំនួន ១០កន្លែង ដែលមានឈ្មោះរបស់លោក ហើយពាក់ព័ន្ធនឹងការបង្កើតសាខាសាកលវិទ្យាល័យ របស់លោក Krasae Chanawongse នៅក្នុងប្រទេសកម្ពុជានោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនក៏បានស្វាគមន៍ផងដែរ៕






No comments:

Post a Comment