Tuesday, August 14, 2018

ក្រុមប្រឹក្សាធម្មនុញ្ញ និង គ.ជ.ប មិនទទួលបានបណ្តឹងជំទាស់លទ្ធផលបោះឆ្នោតបណ្តោះអាសន្ននោះឡើយ ដូច្នេះការប្រកាសលទ្ធផលផ្លូវការ នឹងធ្វើតាមការគ្រោងទុកនៅថ្ងៃស្អែកនេះ

ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលមួយ ក្នុងការដោះស្រាយវិវាទលើការងារបោះឆ្នោត ក៏ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងដូចគ្នាថា ខ្លួនមិនទទួលបានបណ្តឹង ពីគណបក្សនយោបាយណាមួយជំទាស់ ទៅនឹងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ បណ្តោះអាសន្ន ដែលប្រកាសកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នោះឡើយ។
តាមរយៈការមិនទទួលបានបណ្តឹងនេះ គឺជាការបើកផ្លូវឲ្យ គ.ជ.ប បន្តនីតិវិធីរបស់ខ្លួន ប្រកាសលទ្ធផល បោះឆ្នោតផ្លូវការ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ ដូចកាលបរិច្ឆេទបានកំណត់។
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ គ.ជ.ប បានប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត ដោយបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ មានប្រជាពលរដ្ឋ ចេញទៅបោះឆ្នោតចំនួន ៦,៩៥៦,៩០០នាក់ ស្មើនឹង ៨៣.០២ភាគរយ នៃចំនួនប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះ បោះឆ្នោតសរុប ៨,៣៨០,២១៧នាក់។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ជាគណបក្សទទួលបានសំឡេង គាំទ្រច្រើនលើសលប់ រហូតដល់ ៤,៨៨៩,១១៣នាក់។
យោងតាមមាត្រា១៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រគ្រប់គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោត អាចប្តឹងតវ៉ាអំពីលទ្ធផលបណ្តោះអាសន្នមួយផ្នែក ឬទាំងអស់នៃការ បោះឆ្នោតទៅ គ.ជ.ប ឬ ទៅក្រុមប្រឹក្សាធម្មនុញ្ញដោយផ្ទាល់ក៏បានក្នុងរយៈពេល ៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត។
ក្នុងលិខិតផ្ញើជូនលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមជម្រាបជូនដំណឹងដល់ឯកឧត្តមប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតជ្រាបថា ក្នុងរយៈពេល៧២ម៉ោង បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន តាមរយៈសេចក្តីសម្រេចលេខ ៣៧០ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញ ពុំទទួលពាក្យបណ្តឹងតវ៉ាដោយផ្ទាល់ ជាលាយលក្ខណ៍អក្សររបស់គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោតនោះទេ»។
ទន្ទឹមនឹងក្រុមប្រឹក្សាធម្មនុញ្ញប្រកាសពីការមិនទទួលបានពាក្យបណ្តឹង ពីគណបក្សនយោបាយហើយនោះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ លោក ស៊ិក ប៊ុន ក៏បានធ្វើលិខិតទៅកាន់លោក អ៊ឹម ឈុនលឹម ផងដែរ ដោយជម្រាបថា គ.ជ.ប ទទួលបានពាក្យបណ្តឹងតែមួយគត់ ពីគណបក្សយុវជនកម្ពុជា តែបណ្តឹងនោះត្រូវ បានដកទៅវិញ ហើយកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ។

តាមរយៈការប្រកាសរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក៏ដូចជា គ.ជ.ប ពីការមិនទទួលបានពាក្យបណ្តឹងនេះ វាជាការ បើកផ្លូវឲ្យ គ.ជ.ប បន្តនីតិវិធីរបស់ខ្លួនទៅមុខទៀត។ នីតិវិធីបន្ទាប់របស់ គ.ជ.ប នោះ គឺការប្រកាសលទ្ធផល បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ជាផ្លូវការនៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ ៕


No comments:

Post a Comment