Friday, January 06, 2017

យោធាតៃវ៉ាន់ប្រហែលជាទទួលនូវការរងគ្រោះដំបូង​នៅក្នុង​វិបត្តិសោធន​និវត្តន៍​​

មូលនិធិសោធននិវត្តន៍យោធាតៃវ៉ាន់ប្រហែលជាមានបញ្ហាត្រឹមឆ្នាំ២០២០ បន្ទាប់ពីច្រើនឆ្នាំនៃឱនភាពកាន់តែរីកធំឡើង។ នេះបានបង្កឱ្យមានការប្រកាសអាសន្នអំពីស្ថិរភាពនៃការការពារជាតិរបស់កោះនេះ នៅពេលដែលភាពតានតឹងកំពុងតែងើបឡើងជាមួយនយោបាយរបស់សត្រូវគឺប្រទេសចិននោះ។
រដ្ឋាភិបាលតៃវ៉ាន់បានឱ្យដឹងថា ការរុះរើជាបន្ទាន់នូវប្រព័ន្ធសោធននិវត្តន៍ចាំបាច់ត្រូវតែធ្វើឡើង ខណៈដែលការចំណាយយ៉ាងច្រើនមិនមានស្ថិរភាពចំពោះសេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយសារតែមានការរំខានពីការធ្លាក់ចុះនៃសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ១៩៩០ និងការកើនឡើងយ៉ាងលឿននៃប្រជាជនដែលមានវ័យចំណាស់ ពោលគឺបំរែបំរួលនៃប្រជាសាស្ត្រ។
អ្នកទទួលបានសោធននិវត្តន៍យោធាប្រហែលជា ១២០.០០០ នាក់ និងមន្ត្រីរាជការប្រមាណជា ២០០.០០០ នាក់ កំពុងតែភ័យព្រួយអំពីការកែទម្រង់សោធននិវត្តន៍នេះ។ ការកែទម្រង់នេះគឺជាអាទិភាពរបស់ លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ។ គម្រោងដែលត្រូវកែប្រែឡើងវិញនេះអាចបង្កឱ្យមានការរងចាំយូរជាងមុនដើម្បីចូលនិវត្តន៍ ព្រមទាំងទទួលបានការទូទាត់ប្រាក់តិចជាងមុន។
លោក Hu Chu-Sheng អតីតឧត្តមសេនីយទោ ដែលបំរើការងារយោធាជាង ៤០ ឆ្នាំនោះបានមានប្រសាសន៍ថា បញ្ហាធំជាងគេបំផុត ដែលយើងកំពុងតែប្រឈមជាមួយនឹងការកែទម្រង់នោះគឺការភ័យខ្លាច។ វាធ្វើឱ្យអ្នករាល់គ្នាមានភាពលំបាក និងបារម្ភ។
លោក Hu បានបន្តទៀតថា «នៅពេលដែលយោធាមិនអាចផ្តោតការយកចិត្តទុកដាក់ទៅលើតួនាទីរបស់ពួកគេនោះ វានឹងធ្វើឱ្យប្រសិទ្ធិភាពនៃកងកម្លាំងយោធារបស់តៃវ៉ាន់កាន់តែចុះខ្សោយ។ ហើយវានឹងធ្វើឱ្យចិនមានភាពងាយស្រួលក្នុងការយកបានតៃវ៉ាន់ដោយមិនធ្វើឱ្យកាំបិតរបស់ពួកគេប្រឡាក់ឈាម»។
ចិនបានចាត់ទុកតៃវ៉ាន់ជាខេត្តបែកខ្ញែកមួយ ដែលគួរតែត្រូវបង្រួមឡើងវិញជាមួយចិនដីគោក តាមរយៈការប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់នោះ។
ភាពមិនងាយស្រួលដល់សោធននិវត្តន៍នេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យផ្សេងៗទៀត។ បំណុលនៃប្រាក់សោធននិវត្តន៍នៃវិស័យពលករ និងសាធារណៈត្រូវបានគេរំពឹងថានឹងឈានដល់១៨ទ្រីលានដុល្លារតៃវ៉ាន់ (៥៧០ពាន់លានដុល្លារសហរដ្ឋអាមេរិក)កាលពីឆ្នាំ២០១៦ កើនឡើង ៩ដង បើធៀបនឹងថវិកាចំណាយប្រចាំឆ្នាំរបស់រដ្ឋាភិបាលនេះ ហើយគឺជាការកើនឡើងដ៏ធំពីចំនួន ១២លានដុល្លារតៃវ៉ាន់ កាលពី ១០ឆ្នាំមុន។
លោក Lu Ming-tai ប្រធាននាយកដ្ឋានសង្គ្រោះជីវិត និងការចូលនិវត្តន៍នៃក្រសួងមុខងារសាធារណៈតៃវ៉ាន់បានមានប្រសាសន៍ថា ប្រសិនបើយើងមិនមានស្ថិរភាពនៅក្នុងរយៈពេល ២០ ឬ៣០ឆ្នាំក្រោយនោះ វាមិនអាចជៀសផុតបានទេថា វានឹងបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុចំពោះរដ្ឋាភិបាល។
ការងើបឡើងនៃបំណុលចាប់តាំងពីឆ្នាំ២០០៨នោះ បានបង្កឱ្យមានការកែទម្រង់សោធននិវត្តន៍ភ្លាមៗ។
ការកែទម្រង់ប្រព័ន្ធសោធននិវត្តន៍ប្រកបដោយជោគជ័យ នឹងមានសារៈសំខាន់ ចំពោះប្រធានាធិបតី Tsai។ លោកស្រីបានមានប្រសាសន៍ថា ការកែទម្រង់គឺចាំបាច់ ហើយលោកស្រីចង់ឃើញសេចក្តីព្រៀងច្បាប់ស្តីពីការកែទម្រង់សោធននិវត្តន៍នេះត្រូវបានអនុម័តដោយសភា នៅក្នុងរដូវផ្ការីកខាងមុខនេះ។
យ៉ាងណាក៏ដោយ ខណៈដែលមានការសង្ស័យកំពុងតែងើបឡើងជុំវិញសមត្ថភាពរបស់រដ្ឋាភិបាលទៅលើការធានាសោធននិវត្តន៍ និងសុខភាពនោះ យុវជនរបស់តៃវ៉ាន់មានអារម្មណ៍មិនសូវជឿជាក់ទេ។
លោក Chu Ying-ju  អាយុ ២៣ និស្សិត និងជាសមាជិកក្រុមពិគ្រោះយោបល់ស្តីពីការកែទម្រង់សោធននិវត្តន៍ថា ប្រសិនបើប្រព័ន្ធសោធននិវត្តន៍ មិនត្រូវបានធ្វើការកែទម្រង់ឱ្យកាន់តែឆាប់នោះទេ យុវជននឹងមិនមើលឃើញសេចក្តីសង្ឃឹមនាពេលអនាគតទេ៕

ប្រភព : The Reuter ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧

No comments:

Post a Comment