Friday, January 06, 2017

ទស្សនៈមិត្តអ្នកអាន៖ ការចល័តរថពាសដែកកាលពី៣៨ឆ្នាំមុនដើម្បីរំដោះប្រទេស តែការចល័តរថពាសដែក៣៨ឆ្នាំក្រោយនេះគឺបង្ហាញពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍

សំឡេងជជែកគ្នាពេញរោងកាហ្វេនាព្រឹកព្រលឹមរបស់ចាស់ៗមួយក្រុម បានរំលឹកអំពីប្រវត្តិជូរចត់ដែលខ្លួនធ្លាប់បានហែលឆ្លងកាត់ក្នុងសម័យបនប្រល័យពូជសាសន៍ប៉ុលពត និងការចាកចេញផុតពីរណ្ដៅមរណៈដែលអង្រួនប្រទេសកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។
ពិតណាស់សំឡេងរថពាសដែក និងរថយន្តយោធាបើកបរចូលក្រុងភ្នំពេញកាលពីដើមខែមករា ៣៨ឆ្នាំមុន ជាតឹកតាងនៃការរំដោះប្រជាជនកម្ពុជាចេញពីរបបអាវខ្មៅយង់ខ្នងកាប់សម្លាប់ប្រជាជនឯងអស់ជាង ៣លាននាក់។ ក៏ប៉ុន្ដែសំឡេងរថពាសដែក និងរថយន្តយោធាដែលបើកបរចូលក្រុងភ្នំពេញនៅក្នុងរយៈពេល ៣៨ឆ្នាំក្រោយនេះ គឺបង្ហាញពីសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ។
ហេតុអ្វីបានជារថពាសដែក និងរថយន្តយោធាបរចូលក្រុងនាពេលនេះ ជាន័យតំណាងឲ្យសន្ដិភាព?
វត្តមាននៃយានប្រយុទ្ធទាំងនេះ បើតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ គឺដើម្បីអបអរសាទរការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ ដែលប្រព្រឹត្តធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងធំៗចំនួន៣៖ ទី១- ដើម្បីរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិថ្ងៃជ័យជំនះពីរបបប្រល័យពូជសាសន៍ប៉ុលពត ( ៧ មករា ១៩៧៩ – ៧ មករា ២០១៧) ទី២- ដើម្បីប្រមូលមូលនិធិគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា និងទី៣- ដើម្បីបង្ហាញដល់សាធារណជន និងមហាជនស្វែងយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ព ក្នុងការចូលរួមថែរក្សាសុខសន្ដិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។
កម្ពុជានាពេលបច្ចុប្បន្នគ្មានឡើយពាក្យថា សង្គ្រាម គ្មានឡើយពាក្យថា ចលាចល ហើយក៏មិនត្រូវការដែរ កងឧទ្ទាម ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាព។ អ្វីដែលកម្ពុជាមាននាពេលនេះ គឺក្ដីសុខរបស់ប្រជាជនទូទាំងប្រទេស ការរីកចម្រើនលើគ្រប់វិស័យ និងភាពស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។ សន្ដិភាព គឺជាបុព្វហេតុដ៏ចម្បង និងដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាឲ្យដើរទន្ទឹមគ្នា។ ពីអំណើះតទៅប្រជាជនកម្ពុជា នឹងសម្លឹងមើលទៅឃើញអនាគតកាលប្រកបដោយក្ដីសុទិដ្ឋិនិយម និងការជឿជាក់នៅក្នុងចិត្តដោយឈរលើមូលដ្ឋាននៃសមិទ្ធិផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក តាមរយៈការបង្រួបបង្រួមជាតិ ការឯកភាពជាតិ ការធ្វើសម្បទាន និងការអធ្យាស្រ័យអត់ឱនអោយគ្នា ដោយប្រកាន់យកប្រយោជន៍ជាតិក្នុងរយៈពេលដ៏យូរអង្វែងតទៅទៀត។ ទាំងនេះ គឺជាសូចនាករសង្គម ដែលទទួលបាននូវការវាយតម្លៃខ្ពស់ពីសាធារណៈជនមតិជាតិ និងអន្ដរជាតិ។
ប្រសិនបើយើងក្រឡេកទៅអតីតកាលក្នុងចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩វិញ តើពេលនោះប្រជាជនខ្មែរទាំងអស់មានអារម្មណ៍បែបណាពេលដែលលឺសំឡេងរថយន្ដកុំថាឡើយរថពាសដែកបរចូល ឬឆ្លងកាត់សហករណ៍របស់ខ្លួននោះ? គ្មានឡើយក្រៅពីការបន់ស្រន់កុំឲ្យអង្គការចង្អុរចំឈ្មោះខ្លួន ដើម្បីបញ្ជូនទៅរៀនសូត្រ (តែធាតុពិតយកទៅសម្លាប់) ។ ពលរដ្ឋមិនអាចត្រឡប់មកវិញ និងអារម្មណ៍ដ៏សែនតក់ស្លុតចំពោះវត្តមានរបស់ពួកក្រុមអាវខ្មៅដែលមានចិត្តឃោរឃៅ។ ទោះយ៉ាងនេះក្ដី ទិដ្ឋភាពទាំងនោះបានត្រឹមរំលេចចេញតាមខ្សែភាពយន្ដឯកសារសម្រាប់ចាក់ផ្សាយក្នុងថ្ងៃរំលឹកខួបជ័យជំនះ ៧មករា ដែលកម្ពុជាតែងតែធ្វើឡើងជារៀងរាល់ឆ្នាំចាប់រាប់ពីឆ្នាំ១៩៧៩ មក។
សរុបមកវិញ ប្រជាជនជាទូទៅគ្មានអ្នកណាចំណេញពីសង្គ្រាមនោះទេ ហើយក៏មិនស្រឡាញ់សង្គ្រាមដែរ។ ប៉ុន្ដែក្នុងរយៈពេល ៣៨ឆ្នាំមកនេះ កម្ពុជាតាមរយៈរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានបញ្ចប់សង្គ្រាមបានដោយជោគជ័យត្រចះត្រចង់ ខុសទៅនឹងបក្សប្រឆាំងដែលតែងតែយកថ្ងៃជ័យជំនះនេះទៅវាយប្រហារដើម្បីនយោបាយប្រជាភិថុតរបស់ខ្លួនទៅវិញ៕

No comments:

Post a Comment