Tuesday, January 03, 2017

ក្រសួង​​មហា​ផ្ទៃ នឹង​​បង្កើន​​ចំនួន​ម​ន្រ្តីនគ​រ​បាលចរា​​ចរណ៍ ក្នុង​រាជធា​នី​ភ្នំពេញ​​

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការងារអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំ ឆ្នាំ២០០៦ និងទិដៅការងារឆ្នាំ២០១៧ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឯកភាពតាមសំណើរបស់អភិបាលរាជធានីភ្នំពេញក្នុងការបង្កើននូវចំនួនមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកជាប់កិច្ចសន្យាបន្ថែមទៀតដើម្បីចូលរួមដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលកំពុងប្រឈមក្នុង ពេលបច្ចុប្បន្ននេះ។
លោក ស ខេង បានលើកឡើងថា ការបង្កើនចំនួនមន្រ្តីនគរបាលចរាចរណ៍ក្នុងក្របខណ្ឌជាប់កិច្ចសន្យា នេះ គឺអាចធ្វើទៅបាន ហើយវាជាផែនការថ្មីក្នុងការកាត់បន្ថយការចំណាយរបស់រដ្ឋថែមទៀតដោយកម្រិតនូវ ក្របខណ្ឌកម្លាំងនគរបាលទាបជាង ហើយពឹងផ្អែកលើកម្លាំងមហាជនដែលមកចូលរួមក្នុងការសម្រួលបញ្ហា ចរាចរណ៍នេះ។ ការឯកភាពលោក ស ខេង ធ្វើឡើងបន្ទាប់ពី លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានស្នើបង្កើនកម្លាំងនគរបាលចរាចរណ៍ជាប់កិច្ចសន្យាបន្ថែមទៀត ខណៈដែល បច្ចុប្បន្នកំណើននៃការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញមានការកើនឡើង ស្របពេលដែលចំនួនមន្រ្តីនគរបាលចរាចរណ៍មានតែចំនួនជាង៤០០នាក់ប៉ុណ្ណោះ។
លោក ប៉ា សុជាតិវង្ស បានឱ្យដឹងដែរថា ការបន្ថែមចំនួននគរបាលចរាចរណ៍ជាប់កិច្ចសន្យានេះ គឺដើម្បីយក ទៅដាក់បញ្ជានៅទីតាំងមានការកកស្ទះចរាចរណ៍ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា កន្លែងដែលកកស្ទះក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ មានចំនួន ១៨២គោលដៅ ហើយបើ គ្មានកងកម្លាំងនគរបាលចរាចរណ៍ ក៏ដូចជាកងរាជអាវុធហត្ថទៅអន្តរាគមន៍ក្នុងរយៈពេលត្រឹម ៣០នាទីទេ ការកកស្ទះនឹងកើតឡើងភ្លាម។
លោក បន្តថា ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍នេះ សាលារាជធានីភ្នំពេញ ក៏បានប្រឹងប្រែងពង្រីក និងសាងសង់ផ្លូវបន្ថែម ហើយក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះសាលារាជធានីភ្នំពេញ បានសាងសង់ផ្លូវ ប្រវែងសរុបជាង ៤០០គីឡូម៉ែត្រ។
សូមជម្រាបផងដែរថា ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នមានយានយន្តចំនួន ៤០ម៉ឺនរថយន្ត និងម៉ូតូ ១លាន ៤សែនគ្រឿង និងមានប្រជាពលរដ្ឋជិត ៣លាននាក់៕


No comments:

Post a Comment