Friday, January 06, 2017

ឥណ្ឌូ​នេស៊ី​បាន​ផ្អាក​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​យោ​ធា​ជា​មួយ​នឹង​អូ​ស្រ្តា​លី​

អ្នកនាំពាក្យយោធា ឧត្តមសេនីយ៍ត្រី Wuryanto បាននិយាយថា ការផ្អាកកិច្ចសហប្រតិបត្តិការនេះបានចូលជាធរមានកាលពីខែធ្នូ ហើយសកម្មភាពធំៗមួយចំនួនត្រូវរងផលប៉ះពាល់ រាប់បញ្ចូលទាំងការធ្វើសមយុទ្ធរួមគ្នាផងដែរ។
ក្រុមមន្រ្តីក្រសួងការពារជាតិអូស្រ្តាលីបានអះអាងថា ប្រទេសឥណ្ឌូនេស៊ីបានផ្អាកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិទាំងអស់លើ «សម្ភារៈបង្រៀន»។
ទំនាក់ទំនងទ្វេភាគីមានភាពតានតឹងជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទោះបីជាមានសញ្ញាថ្មីៗមួយចំនួនថា មានភាពប្រសើរឡើងក៏ដោយ។
ឧត្តមសេនីយ៍ត្រី Wuryanto បាននិយាយថា «គ្រប់ទម្រង់ទាំងអស់នៃកិច្ចសហប្រតិបត្តិការជាមួយនឹងយោធាអូស្រ្តាលី រាប់បញ្ចូលទាំងការធ្វើសមយុទ្ធរួមគ្នា ត្រូវបានគេផ្អាកជាបណ្តោះអាសន្ន។ ខ្ញុំសង្ឃឹមថា វាអាចនឹងត្រូវបានគេដោះស្រាយក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន»។
រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្រ្តាលី លោក Marise Payne បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ក្តីព្រួយបារម្ភកាលពីចុងឆ្នាំមុន ដែលបានលើកឡើងដោយមន្រ្តីកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូនេស៊ី (TNI) អំពីសម្ភារៈបង្រៀន និងសុន្ទរកថានៅឯទីតាំងបណ្តុះបណ្តាលភាសាយោធាក្នុងប្រទេសអូស្រ្តាលី»។
គាត់បាននិយាយថា «យោធាអូស្រ្តាលីបានពិនិត្យដោយយកចិត្តទុកដាក់ពីក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ ដែលត្រូវបានលើកឡើង និងការស៊ើបអង្កេតចំពោះឧបទ្ទវហេតុដែលកំពុងត្រូវបានបញ្ចប់នេះ»។
សម្ភារៈសម្រាប់ធ្វើការវាយបក
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអូស្រ្តាលី ABC បានឱ្យដឹងថា ក្រុមកងកម្លាំងពិសេសឥណ្ឌូនេស៊ី ដែលមានឈ្មោះថា Kopassus បានធ្វើសមយុទ្ធជាមួយនឹងកងទ័ពអាកាសពិសេសនៅក្នុងទីក្រុង Perth។
សារព័ត៌មានឥណ្ឌូនេស៊ីមានឈ្មោះថា Kompas បានរាយការណ៍ថា គ្រូបង្វឹកកងកម្លាំងពិសេសឥណ្ឌូនេស៊ី Kopassus បានរកឃើញ «សម្ភារៈដែលអ៊ុតប្លាស្ទិក» នៅឯទីតាំងហ្វឹកហ្វឺន ដែលគាត់គិតថា គឺជាការប្រឆាំងទៅនឹងគោលការណ៍មូលដ្ឋាន Pancasila របស់ឥណ្ឌូនេស៊ី។
នៅពេលត្រូវបានគេសួរអំពីបញ្ហានេះ ឧត្តមសេនីយ៍ត្រី Wuryanto បាននិយាយថា មានហេតុផលជាច្រើនក្នុងការផ្អាកកិច្ចសហប្រតិបត្តិការនេះ ដោយគ្មានការផ្តល់ព័ត៌មានបន្ថែមទៀតទេ។
តើអ្វីទៅជា Pancasila ?
គឺមានន័យថា មូលដ្ឋានបែបទស្សនវិជ្ជាជាផ្លូវការរបស់រដ្ឋឥណ្ឌូនេស៊ី។
មានពាក្យជ្វាពីរម៉ាត់ ដែលមានដើមកំណើតចេញពីបាលីសំស្រ្កឹតថា «panca» មានន័យថា ប្រាំ ហើយពាក្យថា «sila» មានន័យថា គោលការណ៍។
គោលការណ៍ទាំងនោះគឺ៖ មានប្រព័ន្ធដែលគោរពព្រះតែមួយ (monotheism) មនុស្សជាតិដែលមានយុត្តិធម៌ និងស៊ីវីល័យ ការបង្រួបបង្រួមនៃប្រទេសឥណ្ឌូនេស៊ី លទ្ធិប្រជាធិបតេយ្យ និងយុត្តិសង្គមសម្រាប់ទាំងអស់គ្នា។
ការព្រងើយកន្តើយនឹងគោលការណ៍ទាំងនេះ គឺវាខុសច្បាប់។ ឧទាហរណ៍ ប្រជាជនឥណ្ឌូនេស៊ីត្រូវតែកាន់សាសនា ដោយសារតែហេតុផលទី១ ដែលថាអ្នកដែលមិនជឿសាសនា គឺខុសច្បាប់នៅក្នុងប្រទេសនេះ។
កងទ័ពជើងទឹករបស់ប្រទេសមួយចំនួនត្រូវបានគេរំពឹងថា នឹងចូលរួមនៅក្នុងសមយុទ្ធចម្រុះជាតិសាសន៍នៅខែក្រោយ។
ឧត្តមនាវីឯកទី១ Jonias Mozes Sipasulta មកពីកងទ័ពជើងទឹកឥណ្ឌូនេស៊ីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអូស្រ្តាលី ABC ថា «ទោះបីជាយើងបន្ត ឬមិនបន្តនៅក្នុងសមយុទ្ធរួមក៏ដោយ ខ្ញុំនឹងត្រូវតែឆ្លើយតបចំពោះបញ្ហានេះទៅអ្នកវិញ»។
ចំណងទំនាក់ទំនងការពារជាតិ
កាលពីមុន ប្រទេសអូស្រ្តាលីបានបញ្ឈប់ការធ្វើសមយុទ្ធរួមគ្នាជាមួយនឹងកងកម្លាំងពិសេសឥណ្ឌូនេស៊ី Kopassus បន្ទាប់ពីមានការចោទប្រកាន់ថា មានការរំលោភបំពានរបស់អង្គភាពនេះនៅប្រទេស East Timor កាលពីឆ្នាំ១៩៩៩ ក្នុងព្រឹត្តិការណ៍ដែលឈានទទួលបានឯករាជ្យពីអតីតទឹកដីឥណ្ឌូនេស៊ី។
កិច្ចសហប្រតិបត្តិការនេះបានបន្តនៅឆ្នាំ២០០៦ ចំពេលដែលមានការពិនិត្យឡើងវិញផ្តោតលើការប្រឆាំងភេរវកម្ម បន្ទាប់ពីក្លឹបរាត្រីចំនួនពីរនៅលើកោះបាលីត្រូវបានវាយប្រហារដោយគ្រាប់បែកកាលពីឆ្នាំ២០០២ ដែលបានសម្លាប់មនុស្សចំនួន២០២ នាក់ ហើយនៅក្នុងនោះមានជនជាតិអូស្រ្តាលីចំនួន៨៨ នាក់ផងដែរ។
បន្ថែមទៅលើការចោទប្រកាន់កាលពីឆ្នាំ២០១៣ ស្តីពីការឈ្លបយកការណ៍របស់អូស្រ្តាលីនោះ ចំណងទំនាក់ទំនងត្រូវបានរម្គោះរម្គើផងដែរនៅឆ្នាំ២០១៥ ក្រោយពីប្រទេសឥណ្ឌូនេស៊ីបានប្រហារជីវិតអ្នករត់ពន្ធគ្រឿងញៀនជនជាតិអូស្រ្តាលីពីររូប គឺលោក Myuran Sukumaran និងលោក Andrew Chan និងការរិះគន់របស់ប្រទេសនេះលើគោលនយោបាយការពារព្រំដែនរបស់អូស្រ្តាលី។
នៅឆ្នាំ២០១៥ ប្រទេសទាំងពីរបានចុះហត្ថលេខាលើ MOU មួយ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីបានចាប់ខ្លួនមនុស្ស៩ នាក់ ដោយចោទប្រកាន់ថា មានការគំរាមកំហែងធ្វើភេរវកម្ម ក្រោយពីមានការរាយការណ៍សម្ងាត់ពីប៉ូលិសសហព័ន្ធអូស្រ្តាលី។
នៅខែកញ្ញា ឆ្នាំមុន សមយុទ្ធរួមគ្នាលើកដំបូងនៅលើទឹកដីអូស្រ្តាលី ចាប់តាំងពី១៩៩៥ ដែលត្រូវបានគេធ្វើឡើងនៅទីក្រុង Darwin ភាគខាងជើង៕
ប្រភព: BBC News ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧

No comments:

Post a Comment