Friday, January 06, 2017

អាជ្ញាធរជាតិអប្សរាបន្តជំរុញប្រជាពលរដ្ឋក្នុងឧទ្យានអង្គរឱ្យប្រើប្រាស់បង្គន់អនាម័យ

ការមានបង្គន់ប្រើប្រាស់ត្រឹមត្រូវ គឺជាផ្នែកមួយដ៏សំខាន់ដែលជួយឲ្យបរិស្ថានស្អាត និងទប់ស្កាត់ការចម្លងមេរោគផ្សេងៗ។ នេះជាសារដ៏សំខាន់ដែលអាជ្ញាធរជាតិអប្សរាកំពុងតែផ្សព្វផ្សាយនិងជម្រុញដល់ប្រជាពលរដ្ឋក្នុងតំបន់អង្គរដើម្បីលើកកម្ពស់សុខុមាលភាពរបស់ខ្លួន។
អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) បានចុះអប់រំនិងក្រើនរំលឹកប្រជាពលរដ្ឋក្នុងឧទ្យានអង្គរឱ្យប្រើប្រាស់បង្គន់អនាម័យ ឱ្យបានត្រឹមត្រូវ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧នេះ ក្រុមការងារបានចុះទៅផ្សព្វផ្សាយនៅភូមិលាងដៃ ដែលជាភូមិមួយស្ថិតនៅក្នុងរមណីយដ្ឋានអង្គរភាគខាងលិចនៃតំបន់អង្គរធំ។
មានប្រសាសន៍ក្នុងកម្មវិធីផ្សព្វផ្សាយនេះ អ្នកស្រី ឌួង ឆម មេភូមិលាងដៃបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋភូមិលាងដៃជាង៣០០គ្រួសារ យ៉ាងហោចណាស់ក៏មានជាង១០០គ្រួសារដែរ ដែលមិនទាន់មានបង្គន់អនាម័យប្រើប្រាស់ត្រឹមត្រូវ។ អ្នកស្រីបន្តថា ការមិនមានបង្គន់ប្រើប្រាស់នេះ ដោយសារគ្រួសារទាំងនោះមិនសូវមានការយល់ដឹងអំពីផលប៉ះពាល់នៃការ បន្ទោបង់ពាសវាលពាសកាល ហើយអ្នកខ្លះទៀត ចង់មានបង្គន់ប្រើប្រាស់ដែរ តែមិនមានលទ្ធភាពគ្រប់គ្រាន់។ ទោះជាយ៉ាងណា អ្នកស្រីមេភូមិសង្ឃឹថា តាមរយៈកម្មវិធីផ្សព្វផ្សាយនេះ អ្នកភូមិភាគច្រើននឹងបានយល់ដឹងអំពីផលប៉ះពាល់ ហើយនឹងសន្សំលុយកាក់ដើម្បីសាងសង់បង្គន់អនាម័យប្រើប្រាស់។
សូមបញ្ជាក់ថា គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា ប្រទេសបារាំង និងសាលាខេត្តសៀមរាប។ បច្ចុប្បន្ន ក្រុមអនុវត្តគម្រោងនៃអាជ្ញាធរជាតិអប្សរា កំពុងតែបន្តផ្សព្វផ្សាយនៅក្នុងភូមិចំនួន៤នៃឧទ្យានអង្គរ គឺភូមិលាងដៃនៅឃុំលាងដៃស្រុកអង្គរធំ ភូមិរហាលនិងស្រះស្រង់ខាងជើងនៅសង្កាត់នគរធំ ក្រុងសៀមរាប និងភូមិស្រែចង្ហូតនៅឃុំរុនតាឯកស្រុកបន្ទាយស្រី។
មកទល់នឹងពេលនេះ ក្រុមការងារបានផ្សព្វផ្សាយក្នុងមួយភូមិបានចំនួន៣លើករួចមកហើយ ដោយផ្តោតលើប្រធានបទ ការគ្រប់គ្រងសំរាម ការទប់ស្កាត់ការចម្លងមេរោគ និងការប្រើប្រាស់បង្គន់អនាម័យ៕



No comments:

Post a Comment