Thursday, October 03, 2019

កម្ពុជា-អារ៉ាប់ប៊ីសាអូឌីត ឯកភាពបង្កើតអនុស្សរណៈលើវិស័យទេសចរណ៍ និងជំរុញការតភ្ជាប់ជើងហោះហើរ

ក្នុងជំនួបពិភាក្សាជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំវៀតណាម-កម្ពុជា លោក Saud F.M Suwelim បានឯកភាពនឹងសំណើរៀបចំអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីរួមចំណែកជំរុញឱ្យវិស័យដ៏សំខាន់នេះបន្តការអភិវឌ្ឍបន្ថែមទៀត។
កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ក្នុងនោះលោករដ្ឋមន្ត្រី ថោង ខុន បានស្នើបន្ថែមទៅកាន់លោកឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត ធ្វើយ៉ាងណាជួយជំរុញឱ្យមានការហោះហើរត្រង់ពីអារ៉ាប់ប៊ីសាអូឌីតមកកាន់កម្ពុជា ឬតាមរយៈការឆ្លងកាត់ប្រទេសជិតខាងណាមួយក៏បាន។
លោកឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតបានបញ្ជាក់ថា ចំណុចនេះ ខាងភាគីអារ៉ាប់ប៊ីសាអូឌីតបាននិងកំពុងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដើម្បីពន្លឿនការហោះហើរពីអារ៉ាប់ប៊ីសាអូឌីតមកកម្ពុជា ដោយឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិនៅហាណូយ។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការរៀបចំដំណើរទស្សនកិច្ចសិក្សា (Fam Trip) របស់ក្រុមអ្នកសារព័ត៌មាន អ្នកវិនិយោគ និងទេសចរមកពីអារ៉ាប់ប៊ីសាអូឌីតមកកាន់កម្ពុជា ហើយកម្ពុជាក៏សន្យាធ្វើបែបនោះដូចគ្នា ដើម្បីផ្លាស់ប្ដូរទស្សនកិច្ចលើវិស័យទេសចរណ៍ពីគ្នាទៅវិញទៅមក។
ក្រៅពីនោះ ភាគីកម្ពុជាក៏បានស្នើឱ្យមានការតភ្ជាប់ដំណើរទេសចរណ៍តាមនាវាសមុទ្រពីអារ៉ាប់ប៊ីសាអូឌីតមកកាន់ក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា ដើម្បីទទួលយកដំណើរទេសចរណ៍បន្ថែមនៅទីនោះផង និងអាចហួសមកទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាបផង។
លោកឯកអគ្គរាជទូត Saud F.M Suwelim បានទទួលយកសំណើទាំងនេះ ដើម្បីលើកឡើងទៅកាន់រាជរដ្ឋាភិបាលរបស់លោកបន្តទៀត។
លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបប្រាប់លោក Saud F.M Suwelim បន្តទៀតថា កម្ពុជាកំពុងរៀបចំឱ្យមានម្ហូបអាហារហាឡាល់ (Halal Food) សម្រាប់ទទួលស្វាគមន៍ និងបម្រើដល់តម្រូវការរបស់ភ្ញៀវទេសចរឥស្លាម ខណៈកម្ពុជាកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញផ្ទៃប្រទេស ដែលជាទីប៉ងប្រាថ្នារបស់ភ្ញៀវទេសចរ។
សូមជម្រាបថា ចំពោះការរៀបចំបង្កើតអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ខាងលើនោះ លោករដ្ឋមន្ត្រី ថោង ខុន បានចាត់ចែងក្រុមការងារតាមនាយកដ្ឋានជំនាញ សហការគ្នាធ្វើសេចក្ដីព្រាងអនុស្សរណៈ ដើម្បីត្រៀមចុះហត្ថលេខាជាមួយគ្នា នៅពេលមានដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ឬក្នុងពេលសមស្របណាមួយនាថ្ងៃខាងមុខ ៕



No comments:

Post a Comment