Thursday, October 03, 2019

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស និងតាមដានពិនិត្យបច្ចុប្បន្នភាពការងារដែលក្រុមប្រឹក្សាខេត្តសៀមរាប សម្រេចបាន

សៀមរាប៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅរដ្ឋបាលខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរអប្សរា លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរ-អង្គភាព ជុំវិញខេត្ត អភិបាល អភិបាលរង ក្រុង ស្រុក ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន នៃរដ្ឋបាលខេត្តសៀមរាប។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យ តាមដាន ធ្វើបច្ចុប្បន្នភាព និងអនុម័ត ទៅលើរបៀបវារៈនៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៩ និងពិនិត្យទៅលើការដោះស្រាយលើសំណួរ-សំណូមពរ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ២០១៧-២០១៨។
ជាមួយគ្នានេះដែរ លោក ង៉ាន់ ភិរុណ ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់មន្ទីរ អង្គភាព ជុំវិញខេត្ត អោយត្រៀមនូវឯកសារ ព្រមទាំងរូបភាព និងខ្សែវីដេអូមួយចំនួនដែលថ្នាក់ដឹកនាំមន្ទីរ អង្គភាព ដែលជាសមិទ្ធិផលរបស់ខ្លួនកន្លងមក ដើម្បីផលិតជាខ្សែវីដេអូខ្លីមួយ សម្រាប់ចាក់បញ្ចាំងនៅពេលដែលរដ្ឋបាលខេត្ត រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩៕



No comments:

Post a Comment