Thursday, October 03, 2019

កម្ពុជា-អារ៉ាប៊ីសាអូឌីត ប្តេជ្ញារួមគ្នាថែរក្សាស្ថិរភាព ការពារសន្តិសុខ សន្តិភាព ការអភិវឌ្ឍទាំងក្នុងតំបន់ និងសាកលលោក

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នៅវិមានរដ្ឋសភា លោក សាអ៊ូត អាល់ សូវ៉េលីម (Saud F.M. Al Suwelim) ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានជម្រាបប្រធានរដ្ឋសភាថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជាលោកនឹងខិតខំជំរុញបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា និងអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសជួយជំរុញលើកទឹកចិត្តប្រជារាស្រ្តអារ៉ាប៊ីសាអូឌីតមកធ្វើវិនិយោគ និងធ្វើទេសចរណ៍នៅកម្ពុជា។
លោក ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងមានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរបានបង្កើតនូវកិច្ចព្រមព្រៀងជាមួយគ្នាមួយចំនួន ជាពិសេសការគាំទ្រគ្នាទៅវិញ ទៅមកនៅក្នុងវេទិកាអង្គសហប្រជាជាតិ ក្នុងការរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាស្ថិរភាព សន្តិសុខ សន្តិភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសាកលលោកផងដែរ។ លោក ហេង សំរិន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ដែលកន្លងមកបានជួយផ្តល់អាហារូបករណ៍ដល់និសិ្សតកម្ពុជា បានទៅសិក្សានៅអារ៉ាប៊ីសាអូឌីត និងការបន្តបង្កើនការផ្តល់អាហារូបករណ៍បន្ថែមទៀត ដល់និសិ្សតកម្ពុជា ។
លោក សាអ៊ូត អាល់ សូវ៉េលីម បានវាយតម្លៃខ្ពស់ចំពោះការផ្តល់សិទ្ធិសេរីភាពខាងជំនឿសាសនា របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋទូទៅ ដែលធ្វើឱ្យប្រជាពលររដ្ឋខ្មែរ-អ៊ីស្លាម និងសាសនាដ៏ទៃទៀត បានប្រណិបត្តិជំនឿសាសនារបស់ខ្លួន បានយ៉ាងពេញលេញ។ ឯកអគ្គរាជទូតបានគោរពអញ្ជើញលោក ហេង សំរិន ប្រធានរដ្ឋសភាទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។ ការគោរពអញ្ជើញនេះ លោក ហេង សំរិន បានទទួលយកដោយបានបញ្ជាក់ថានឹងរកពេលវេលាសមស្របណាមួយ៕







No comments:

Post a Comment