Saturday, January 12, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សហគមន៍អឺរ៉ុបមិនគួរបន្តប្រព្រឹត្តកំហុសជាលើកទី៣ចំពោះកម្ពុជាទៀតទេ

លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់លោក Enda សមាជិកសភា នៃសាធារណរដ្ឋអៀកឡង់ថា សហគមន៍អឺរ៉ុប មិនគួរបន្តប្រព្រឹត្តកំហុសជាលើកទី៣ទេចំពោះកម្ពុជា ដែលកំហុសទី១ គឺគាំទ្រការផ្តួលរំលំ អតីតព្រះមហាក្សត្រ ព្រះបរមរដ្ឋតនកោដ្ឋ ព្រះនរោត្តម សី ហនុ ដែលជាអតីតរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា កំហុសទី២ គឺការគាំទ្រខ្មែរក្រហមនៅអង្គការសហ​ប្រជាជាតិជាង ១២ឆ្នាំ នៅពេលដែលខ្មែរក្រហមបានកាប់សម្លាប់ប្រជាជនខ្មែរអស់រាប់លាននាក់ និងកំហុសទី៣​ គឺការប្រើប្រាស់ EBA មកគម្រាមកំហែង និងដាក់ ទណ្ឌកម្មមកលើកម្ពុជា គម្រាមដក EBA ពីកម្ពុជា និងយកប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ១៦លាននាក់ជាចំណាប់ខ្មាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងដូចនេះនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នេះ ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Enda Patrick Kenny សមាជិកសភា នៃសាធារណរដ្ឋអៀកឡង់ នៅវិមានសន្តិភាព។​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមបញ្ជូនសារនេះទៅតាម លោក Enda ដើម្បីជម្រាបនិងពន្យល់ដល់សហភាពអឺរ៉ុបឱ្យបានយល់អំពីសភាពការពិតនៃកម្ពុជា ដែលមានចំណុចខ្លះអាចនិយាយគ្នាបាន ចំណុចខ្លះអាចសម្រួលគ្នាបាន និងចំណុចខ្លះមិនធ្វើអាច។
លោក Enda បានគោរពជម្រាបជូនអំពីដំណើរទស្សន កិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺឆ្លើយតបទៅនឹងការអញ្ជើញរបស់លោក Dr.Haruhisa Handa ដែលបានអញ្ជើញរូបលោកមកចូលរួមក្នុងគម្រោងពាក់ព័ន្ធក្នុងវិស័យអប់រំ និងវិស័យដទៃទៀតនៅកម្ពុជា។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Enda ដែលបានអញ្ជើញមកកម្ពុជាបានឃើញពីសភាពការណ៍ពិតនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណដល់ Dr. Haruhisa Handa ដែលបានជួយដល់កម្ពុជាលើវិស័យអប់រំនេះ ជាពិសេសផ្តល់អាហារូបករណ៍យ៉ាងច្រើនឱ្យនិស្សិតកម្ពុជាបានសិក្សានៅសាកលវិទ្យាល័យកម្ពុជា និងគម្រោងដទៃទៀតដែលលោកមាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរចំពោះសារធារណរដ្ឋអៀកឡង់ដែលបានជួយដល់កម្ពុជាយើង ជាពិសេស បានផ្តល់ជំនួយក្នុងការកាត់ ទោសអតីតមេដឹកនាំខ្មែរក្រហម។ ជាមួយគ្នានេះដែរ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍ អឺរ៉ុប លោកនាយករដ្ឋមន្ត្រី បានជម្រាបជូនសង្ខេបដល់លោក Enda ដែលមកទល់ពេលនេះ គឺការរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់អឺរុបបានឡើយ។
លោក Enda បានកោតសរសើរនិងពេញចិត្តចំពោះស្ថិរ​ភាពនយោបាយ និងការរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្នដែលមានសេដ្ឋកិច្ចរីកលូតលាស់ក្នុងរង្វង់ ៧.៧% នៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសជាតិ លោក Enda បានគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្រិតសាកលវិទ្យាល័យដល់យុវជនវ័យក្មេងឱ្យបានច្រើន​ប្រកបដោយគុណភាពដែលពួកគេជាអនាគតពិត​ប្រាកដរបស់ប្រទេសជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក Enda និងជូនពរលោកទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ហើយសង្ឃឹមថានៅថ្ងៃណាមួយ ក្នុងពេលដែលលោកអញ្ជើញទៅលេងចៅដែលកំពុងសិក្សានៅប្រទេសអង់គ្លេស លោកនឹងឆ្លៀត​ឱកាសទៅលេងប្រទេសអៀកឡង់ជាមិនខាន៕












No comments:

Post a Comment