Thursday, July 18, 2019

ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពុំមែនជាកិច្ចការផ្តាច់មុខរបស់អ្នកម្នាក់នោះទេ ជាការងាររួមរបស់យើងទាំងអស់គ្នា

ស្វាយរៀង : នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំធំ អគារ”ឃ”សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំពង្រឹងកិច្ចប្រតិបត្តិការ បង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងកន្លែងសប្បាយដ្ឋានក្នុងខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន។
ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកអភិបាល ក្រុង-ស្រុក ក្រុងលោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក អធិការនគរបាល នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ប្រធានទីស្នាក់ការព្រំដែនទាំង៨ កងកម្លាំង ព្រមទាំងតំណាងម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត និងខារ៉ាអូខេដែលមានមូលដ្ឋានក្នុងខេត្តសរុបប្រមាណ ៥៦៥នាក់។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពុំមែនជាកិច្ចការផ្ដាច់មុខរបស់អ្នកណាម្នាក់នោះទេ ជាការងាររួមដែលទាមទារឲ្យមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ និងឯកជនទើបការងារនេះ អាចសម្រេចទៅបានដោយរលូន និងទទួលបានលទ្ធផលជោគជ័យ ហើយប្រសិនបើខ្វះការចូលរួមដោយពេញលេញពីភាគីណាមួយនោះ ទាំងរដ្ឋក្ដី និងឯកជនក្ដី នោះនឹងធ្វើឲ្យយើងពិតជាមានការលំបាកក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។
ជាមួយគ្នានោះ លោកក៏បានថ្លែងនូវការអរគុណចំពោះម្ចាស់ទីតាំងផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល និងខារ៉ាអូខេនៅក្នុងខេត្ត ដែលបានសហការចុះកិច្ចសន្យាស្ដីពីកិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើស គ្រឿងញៀនជាមួយស្នងការដ្ឋាននគរបាលដ្ឋានខេត្ត និងសូមស្នើដល់ម្ចាស់ទីតាំងអាជីវកម្ម ទាំងអស់ដែលមិនទាន់បានចុះកិច្ចសន្យា សូមចូលរួមសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត អនុវត្តកិច្ចការនេះ ឲ្យបានល្អប្រសើរ។
លើសពីនោះ លោកអភិបាលខេត្តស្វាយរៀង បានផ្ដាំផ្ញើដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំ និងការអនុវត្តវិធានការរដ្ឋបាលឲ្យបានកាន់តែសកម្ម និងផុលផុសថែមទៀត។
ក្នុងករណីមានការសង្ស័យថាមានជួញដូរ ចែកចាយ ឬប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួនសូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិត បំផុតឲ្យបានឆាប់ដើម្បីមានវិធានការបង្ក្រាបឲ្យបានទាន់ពេលវេលា ហើយសមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវជៀសវាងឲ្យបានដាច់ខាតនូវ កុំ “៤” គឺកុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍…៕






No comments:

Post a Comment