Thursday, September 28, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ក្រោយក្រសួងធនធានទឹក បញ្ជាក់ថាស្ទឹងព្រែកត្នោតជាកន្លែងគ្រោះថ្នាក់ជាងគេ

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលអាចរងគ្រោះដោយឥទ្ធិពលជំនន់ទឹកភ្លៀងនាពេលប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសក្នុងរាជធានីភ្នំពេញ កណ្តាល និងស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យចេនឡាចំនួន ២,៨៣៨ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ទន្ទឹមនឹងការអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននោះ លោក ក៏បានស្នើឱ្យក្រសួងធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធត្រូវត្រៀមវិធានការ ឱ្យបានខ្ពស់សម្រាប់រំដោះជំនន់ទឹកភ្លៀងពិសេសប្រសិនបើទឹកស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ មានការកើនឡើង ត្រូវជម្លៀសកុំឱ្យចូលរាជធានីភ្នំពេញ។ លោក ក៏បានរំលឹកពីស្ថានភាពគ្រោះមហន្តរាយកាលពីឆ្នាំ២០០០ ដោយសារតែជំនន់ទឹកព្រែកត្នោត ខេត្តកំពង់ស្ពឺ បានបុកទម្លាយចូលមកនៅតំបន់សាក់សំពៅ តំបន់មួយចំនួនខាងលិច ដែលកាលនោះត្រូវកាត់ផ្លូវជាតិលេខ២ ម្ដុំព្រែកអាទាំងដើម្បីបង្ហូរបញ្ជៀសចេញ។

សូមរម្លឹកថា ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបញ្ជាក់ថា បណ្តារាជធានី ខេត្តចំនួន១៧ នៃប្រទេសកម្ពុជា អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃនេះដល់់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។ រាជធានីខេត្តទាំង១៧នោះរួមមាន៖ ភ្នំពេញ កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ។ ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលនេះ លើផ្ទៃសមុទ្រ នឹងមានភ្លៀងធ្លាក់ខ្លាំងរលកសមុទ្រខ្ពស់ៗ។ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្របង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕





No comments:

Post a Comment