Thursday, September 28, 2017

អាជ្ញាធរជាតិអប្សរាជួបពិភាក្សាជាមួយស្ថាប័នឯកជនដើម្បីបង្កើនគុណភាពវិស័យទេសចរណ៍នៅតំបន់អង្គរ

សៀមរាប៖ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់អង្គរឱ្យបានកាន់តែល្អប្រសើរ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧អាជ្ញារធរជាតិអប្សរាបានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនឯកជនដែលកំពុងប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដូចជាវិស័យសណ្ឋាគារ មគ្គុទ្ទេសក៍ទេសចរណ៍​និងភ្នាក់ងារទេសចរណ៍​ជាដើម។

កិច្ចប្រជុំនេះរៀបចំនៅបន្ទប់ប្រជុំនៃសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ក្រោមអធិបតីភាពលោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដោយមានការ​អញ្ជើញ​ចូល​​រួមពីថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនឯកជនចំនួន១៥ ដែលជាសមាជិកនៃក្រុមប្រឹក្សាយោបល់​ដើម្បី​អភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ។

គោលបំណងចម្បងនៃការជួបជុំនេះ គឺដើម្បីបង្ហាញដល់ក្រុមហ៊ុនឯកជននានាដែលប្រតិបត្តិការលើ​វិស័យ​ទេសចរណ៍នូវការវិវត្តផ្សេងៗដែលកើតមានឡើងក្នុងការងារអភិវឌ្ឍទេសចរណ៍ក្នុងតំបន់អង្គរ និងការ​ពិភាក្សា​រកចំណុចខ្វះខាតមួយចំនួនក្នុងដំណើរការអភិវឌ្ឍទេសចរណ៍អង្គរ ដើម្បីស្វែងរកដំណោះស្រាយ​រួមគ្នារវាង​រដ្ឋនិងវិស័យឯកជន ធ្វើឱ្យភ្ញៀវទេសចរដែលមក​ទស្សនាអង្គរទទួលបានបទ​ពិសោធន៍ដ៏ល្អក្នុង​ដំណើរកម្សាន្ត​របស់ខ្លួន។

ជាមួយគ្នានេះដែរ លោក សុខ សង្វារ បានលើកឡើងនូវដំណើរការវិវត្តជា​ច្រើនដែលអាជ្ញាធរជាតិ​អប្សរា​សម្រេច​​បានកន្លងមកទាក់ទងនឹងការអភិវឌ្ឍទេសចរណ៍អង្គរដូចជា ការរៀបចំបញ្ជីឈ្មោះប្រាសាទ ការតម្លើង​បង្គោលអង់តែនសិប្បនិមិត្តដើម្បីបំពាក់សេវាទូរសព្ទ និងការដាក់ឱ្យប្រើប្រាស់ស្ពានបណ្តែត​ទឹកមុខប្រាសាទ​អង្គរវត្តជាដើម។

ជាមួយគ្នានេះ លោកក៏បានលើកយកសេចក្តីសម្រេច និងសេចក្តីប្រកាសផ្សេងៗរបស់រាជរដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដើម្បីជាព័ត៌មានដល់ក្រុមហ៊ុននិងត្រៀមខ្លួនចូលរួមអនុវត្តទាំងអស់គ្នា៕




No comments:

Post a Comment