Friday, January 08, 2021

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញនិងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រដើម្បីសម្រេចសមិទ្ធផលថ្មីៗទៀតក្នុងការកសាងនិងការពារជាតិមាតុភូមិ

 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិទាំងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត ដើម្បីសម្រេចសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិជាទីស្នេហានៃយើង។ នេះបើយោងតាមខ្លឹមសារនៅក្នុងសារអបអរសាទររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសរំលឹកខួបទី៤២ នៃទិវាជ័យជម្នះ ៧មករា។

នៅក្នុងសារលិខិតដដែលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពានវានដល់ជនរួមជាតិបន្តអនុវត្តខ្ជាប់ខ្ជួននូវរាល់វិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ព្រមទាំងជម្នះផលវិបាកដែលជំងឺនេះបង្ករឡើងនិងផលវិបាកនៃគ្រោះទឹកជំនន់ឆ្នាំ២០២០កន្លងទៅ សំដៅធ្វើឱ្យមានប្រក្រតីភាពឡើងវិញឆាប់រហ័សនូវដំណើរការរីកចម្រើននៃសង្គមសេដ្ឋកិច្ចកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមទៀតថា សម្រាប់ឆ្នាំ២០២១នេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដែលជាវិបត្តិសុខភាពសាកល បាននិងកំពុងបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គមសេដ្ឋកិច្ចកម្ពុជានោះ បានតម្រូវឱ្យយើងត្រូវផ្អាកការជួបជុំធ្វើមីទ្ទីង ដើម្បីប្រមូលផ្តុំការប្រឹងប្រែងប្រយុទ្ធទប់ស្កាត់ និងបង្ការជំងឺដ៏កាចសាហាវនេះ។ ទោះបីជាយ៉ាងនេះក្តី ក៏អត្ថន័យនិងស្មារតីជ័យជម្នះ៧មករា ស្ថិតនៅរស់រវើកជានិច្ចក្នុងមនសិការរបស់ប្រជាជនកម្ពុជា។ បើគ្មានជ័យជម្នះ៧មករាទេ យើងពិតជាគ្មានជីវិត និងគ្មានអ្វីៗទាំងអស់ដូចបច្ចុប្បន្ននេះឡើយ៕






No comments:

Post a Comment