Monday, February 13, 2023

វិភាគអន្តរជាតិ៖ តើ «វត្ថុអាថ៌កំបាំង» ដែលសហរដ្ឋអាមេរិកបាញ់ទម្លាក់ គឺជាអ្វីឱ្យប្រាកដ?


(វ៉ាស៊ីនតោន)៖ ការបាញ់ទម្លាក់បាឡុងមួយរបស់ចិនដែលមន្ទីរបញ្ចកោណចោទថាជាបាឡុងស៊ើបការណ៍ ដោយយោធាអាមេរិក ព្រមទាំងការបាញ់ទម្លាក់ «វត្ថុមិនស្គាល់អត្តសញ្ញាណ» នៅក្នុងដែនអាកាស រដ្ឋអាឡាស្កា និងកាណាដា ក៏ដូចជាការបាញ់ទម្លាក់ «វត្ថុមិនស្គាល់អត្តសញ្ញាណ» មួយដាច់ដោយឡែកផ្សេងទៀតនៅលើបឹង Lake Huron កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បាននិងកំពុងបង្កជា ការព្រួយបារម្ភយ៉ាងខ្លាំងពីសន្តិសុខតំបន់អាមេរិកខាងជើង និងអនាគតទំនាក់ទំនងតានតឹងជាមួយចិន។ ក៏ប៉ុន្តែ ក្រៅពីបាឡុងរបស់ចិន វត្ថុទាំង៣ចុងក្រោយមិនទាន់ត្រូវបានអាមេរិក បញ្ជាក់ថាតើពួកវាជាអ្វី ឱ្យប្រាកដនោះទេ។ ដូច្នេះ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលគេគួរដឹងពីស្ថានការណ៍មួយនេះ៖


* តើវត្ថុទាំង ៤នោះគឺជាអ្វី?

មកទល់នឹងពេលនេះ ក្រៅតែពីបាឡុងរបស់ចិន វត្ថុទាំង៣ចុងក្រោយមិនទាន់ត្រូវបានសហរដ្ឋអាមេរិក បញ្ជាក់ថាតើពួកវាមានប្រភពមកពីណា ជាកម្មសិទ្ធិរបស់នរណា ឬជាអ្វីឱ្យប្រាកដនោះទេ ដោយគ្រាន់តែ ប្រើពាក្យហៅថា «វត្ថុមិនស្គាល់អត្តសញ្ញាណតែប៉ុណ្ណោះ»។ ភាពភ្ញាក់ផ្អើលបានកើតឡើងកាលពីចុងខែមករាកន្លងទៅនេះ បន្ទាប់ពីបាឡុងដ៏ធំមួយត្រូវបានគេប្រទះឃើញនៅក្នុងដែនអាកាសអាមេរិក ហើយ មន្ទីរបញ្ចកោណបានចោទថាវាជាបាឡុងស៊ើបការណ៍របស់ចិន។ រហូតដល់ថ្ងៃទី៤ ខែកុម្ភៈ បាឡុងនេះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលមួយគ្រាប់បាញ់ចេញពីយន្ដហោះចម្បាំង F-22 តាមបញ្ជារបស់ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន។


បើតាមមន្ទីរបញ្ចកោណ បាឡុងរបស់ចិនមានទំហំប៉ុនរថក្រុង៣គ្រឿង និងមានទម្ងន់លើស ១តោន រួមទាំងមានបំពាក់ទៅដោយអង់តែនជាច្រើន និងផ្ទាំងសូឡាដ៏ធំមួយដើម្បីផ្ដល់ថាមពលដល់ស៉ិនស័រ ប្រមូលព័ត៌មានសម្ងាត់។ ក៏ប៉ុន្តែ ចិនបានទទូចថាបាឡុងរបស់ខ្លួនគឺជាបាឡុងស៊ីវិលធម្មតាដែលផ្ដោតលើការសិក្សាស្រាវជ្រាវឧតុនិយមតែប៉ុណ្ណោះ។ បន្ទាប់មកទៀត នៅថ្ងៃទី១០ ខែកុម្ភៈ យន្ដហោះចម្បាំង អាមេរិក F-22 បានបាញ់ទម្លាក់វត្ថុមួយនៅក្នុងដែនអាកាសរដ្ឋអាឡាស្កា ហើយនៅថ្ងៃទី១១ ខែកុម្ភៈ យន្ដហោះចម្បាំងធុន F-22 ដដែលបានបាញ់ទម្លាក់វត្ថុមួយផ្សេងទៀតដែលហោះនៅរយៈកម្ពស់ ១២,២០០ម៉ែត្រ នៅលើតំបន់យូកូន (Yukon) ដែលស្ថិតនៅចម្ងាយ១៦០គីឡូម៉ែត្រពីព្រំដែនអាមេរិក។ បើតាមអាជ្ញាធរកាណាដា វត្ថុនេះមានរាងស៊ីឡាំង តែមិនបានបញ្ជាក់ថាតើវាមានប្រភពដើមមកពីណា ឬជាអ្វីឱ្យប្រាកដនោះទេ។


ដោយឡែក យោធាសហរដ្ឋអាមេរិកកាលពីថ្ងៃទី១២ ខែកុម្ភៈ (ម៉ោងនៅវ៉ាស៊ីនតោន) បានបន្តបាញ់ទម្លាក់វត្ថុម្យ៉ាងមានរាង ៨ជ្រុង នៅលើបឹង Huron។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យ មន្ទីរបញ្ចកោណ លោក Patrick Ryder បានបញ្ជាក់ថាដោយអនុវត្តតាមបញ្ជារបស់លោកប្រធានាធិបតី ចូ បៃដិន យន្ដហោះ F-16 មួយគ្រឿងរបស់យោធាអាមេរិកបានបាញ់ទម្លាក់វត្ថុមិនស្គាល់ អត្តសញ្ញាណខាងលើ នៅវេលាម៉ោង ២៖៤២នាទីរសៀល (ម៉ោងនៅសហរដ្ឋអាមេរិក) នៅពីលើបឹង Huron ជាប់ព្រំដែនរវាងសហរដ្ឋអាមេរិក និងកាណាដា។ អ្នកនាំពាក្យរូបនេះបានបន្ថែមថាវត្ថុនេះ មិនបានបង្កការគំរាមកំហែងខាងយោធានោះទេ តែវាអាចបង្កគ្រោះថ្នាក់ដល់ការធ្វើចរាចរណ៍ហោះហើររបស់យន្ដហោះស៊ីវិល ដោយសារតែវាហោះនៅរយៈកម្ពស់ ៦,១០០ម៉ែត្រ និងអាចមានសមត្ថភាព ឈ្លបយកការណ៍ទៀតផង។


មន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងវត្ថុមិនស្គាល់អត្តសញ្ញាណនេះទំនងជាវត្ថុតែមួយដែលត្រូវបានចាប់សញ្ញាកាលពីពេលថ្មីៗនេះនៅក្បែរមូលដ្ឋានយោធាសំខាន់ៗមួយចំនួន នៃរដ្ឋ Montana ដោយបង្ខំឱ្យអាជ្ញាធរបិទដែនអាកាសជាបណ្ដោះអាសន្ននៅពេលនោះ។ ជាមួយគ្នានោះដែរ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានថាតើវត្ថុទាំងនោះអាចជាយានមនុស្សក្រៅ ឬអេលៀនដែរឬទេ? លោកឧត្ដមសេនីយ៍កងទ័ពអាកាសអាមេរិក Glen Van Herck បានឆ្លើយតបថាលោកមិនអាចច្រានចោលលទ្ធភាពណាមួយបាននោះទេ នៅក្នុងពេលបច្ចុប្បន្ន ហើយថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក កំពុងព្យាយាមស្វែងរកការពិត។


* តើមានអ្វីខ្លះដែលត្រូវបានគេរកឃើញ?

ក្រុមមន្ត្រីយោធាអាមេរិក មានទាំងយន្ដហោះ ទូក និងនាវាមុជទឹកធុនតូចជាច្រើនគ្រឿង បានស្រង់យកបំណែកនៃបាឡុងចិន ចេញពីផ្ទៃទឹកនៃរដ្ឋ South Carolina។ ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI កំពុងធ្វើការវិភាគលើបំណែកបាឡុងចិន ហើយប្រតិបត្តិការស្រង់យកវត្ថុទី២ នៅតែបន្តធ្វើឡើងនៅឡើយនៅឯរដ្ឋអាឡាស្កា នៅក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាក ដោយសារខ្យល់បក់ និងព្រិលធ្លាក់ខ្លាំង ខណៈក្រុមអ្នកជំនាញគាំទ្រដោយយន្ដហោះ CP-140 របស់កាណាដា កំពុងស្វែងរកបំណែកនៃវត្ថុទី៣ ដែលត្រូវបានបាញ់ទម្លាក់នៅលើតំបន់Yukon។ ចំណែកឯ វត្ថុមិនស្គាល់អត្តសញ្ញាណទី៤ មិនទាន់ មានព័ត៌មានបញ្ជាក់អ្វីឡើយទេ។


គួរបញ្ជាក់ថា ឧប្បត្តិហេតុបាឡុងចិន បានបង្ខំឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន លុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីដើមខែកុម្ភៈកន្លងទៅ។ ទីក្រុងវ៉ាស៊ីនតោន ក៏បានដាក់ទណ្ឌកម្មលើអង្គភាពចំនួន៦ របស់ចិនដែលសេតវិមានចោទថាគាំទ្រដល់កម្មវិធីបាឡុងស៊ើបការណ៍របស់ចិនផងដែរ។ ទីក្រុងប៉េកាំងបានថ្កោលទោសយ៉ាងខ្លាំងលើសហរដ្ឋអាមេរិក ចំពោះការបាញ់ទម្លាក់បាឡុងរបស់ខ្លួន ដោយចាត់ទុកថាវាជាទង្វើបំពានច្បាប់អន្តរជាតិ និងព្រមានថារក្សាសិទ្ធិចាត់វិធានការឆ្លើយតបទៅនឹងស្ថានការណ៍ដូចគ្នានេះ៕ Fresh News

No comments:

Post a Comment