Thursday, August 10, 2017

រាជរដ្ឋាភិបាល ប្រាប់អាជ្ញាធរមូលដ្ឋានថ្នាក់​ក្រោមជាតិ​បញ្ឈប់ការ​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែលមិនបានបង់​ពន្ធប្រថាប់ត្រា​

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីការពង្រឹងការគ្រប់គ្រងប្រមូលពន្ធប្រដាប់ត្រានៅរាជធានីភ្នំពេញ និងបណ្តាខេត្តទាំង២៤ ដែលទើបនឹងដាក់ចូលក្រសួងដែនដី នគរូបនីយកម្ម និងសំណង់នៅខែមករា ឆ្នាំ២០១៧នេះ បានប្រាប់ទៅដល់អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ឬ ក្រុង ស្រុក ខណ្ឌ ត្រូវបញ្ឈប់ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យទាំងអស់ដែលមិនបានបង់ពន្ធប្រថាប់ត្រា។

តាមរយៈសេចក្តីជូនដំណឹងនេះ ក៏បានណែនាំផងដែរថា អចលនទ្រព្យដែលពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ដែលបានផ្ទេរសិទ្ធិកាន់កាប់នៅថ្នាក់ឃុំ សង្កាត់ ឬ ក្រុង ស្រុក ខណ្ឌ ដែលមានសាវតាផ្ទេរបន្តដៃគ្នាច្រើនដងមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាតែមួយលើកចុងក្រោយដោយអនុគ្រោះឱ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រា ៦រយលានរៀល ប្រហែលប្រមាណ១៥ម៉ឺនដុល្លារ សម្រាប់តែអចលនទ្រព្យដែលបានស្នើសុំចុះបញ្ជីដំបូងនៅរដ្ឋបាលសុរិយោដីប៉ុណ្ណោះ។

សេចក្តីជូនដំណឹង បានបញ្ជាក់ទៀតថា ការផ្តល់អនុគ្រោះឱ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រា ៦រយលានរៀលនេះ គឺមានសុពលភាពអនុវត្តសម្រាប់តែអចលនទ្រព្យ ដែលបានស្នើសុំចុះបញ្ជីដំបូងនៅរដ្ឋបាលសុរិយោដីត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ដោយឡែកអចលនទ្រព្យ ដែលពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ដែលបានផ្ទេរសិទ្ធិកាន់កាប់បន្តដៃគ្នាជាច្រើនដងមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ត្រូវបង់ពន្ធប្រថាប់ត្រាមួយដងលើកចុងក្រោយ (ដោយមិនអនុញ្ញាតឱ្យដកនូវមូលដ្ឋានគិតពន្ធ ៦រយលានរៀល ដូចអចលនទ្រព្យដែលបានស្នើចុះបញ្ជីនោះឡើយ)។

សេចក្តីជូនដំណឹង បានបន្ថែមថា ការកំណត់ថ្មីលើការប្រមូលពន្ធប្រថាប់ត្រាអចលនទ្រព្យនេះ ដើម្បីពង្រឹងការគ្រប់គ្រងប្រមូលពន្ធប្រថាប់ត្រាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព អស់សក្តានុពល និងផ្តល់សេវាបង់ពន្ធនេះឱ្យកាន់តែមានភាពងាយស្រួល ព្រមទាំងជំរុញលើកទឹកចិត្តដល់ការចុះបញ្ជីដំបូងនៅរដ្ឋបាលសុរិយោដី៕



No comments:

Post a Comment