Thursday, August 10, 2017

លិខិតមិត្ត​អ្នក​អាន កង្វះ​អ្នក​មាន​សមត្ថភាព ធ្វើ​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​ជួប​គ្រោះ​ធំ

តាមរយៈការធ្វើវិសោធនកម្ម​ច្បាប់​ស្តីពីគណបក្ស​នយោបាយលើក​ទី​២ ដែល​ត្រូវ​បាន​ចូល​ជាធរមាន​កាល​ពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៧កន្លង​ទៅនេះ បាន​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជួប​គ្រោះ​ធំ ដោយសារតែ​វិបត្តិ​​ខ្វះធន​ធាន​មនុស្ស និង​​អ្នក​មាន​សមត្ថភាព​គ្រប់​គ្រាន់ដើម្បីជួយ​ដល់​គណបក្ស​ មួយនេះ ព្រោះ​សូម្បី​តែ​ប្បញ្ញត្តិដែលមានចែងក្នុង​ច្បាប់​ស្តី​ពី​គណ​បក្ស​នយោបាយ ក៏ក្រុមអ្នកច្បាប់របស់​បក្ស​ប្រឆាំង ​មិន​មាន​សមត្ថភាពមើល​​​យល់ ​មិន​ដឹង​ទិស​តំបន់​ផង​។

ជាក់​ស្តែង​យោង​តាម​មាត្រា​ ៦ថ្មី(ពីរ) ត្រង់​ចំណុច​ទី៦ ចែង​យ៉ាង​​ច្បាស់​​ថា គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើ​ប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយ​លក្ខណ៍​​អក្សរ ឬ​សកម្ម​ភាព​របស់​ទណ្ឌិត​ជាប់​ទោស​​ពី​បទឧក្រិដ្ឋ ឬពី​បទ​មជ្ឈិម ដើម្បី​ជា​ផលប្រយោជន៍​នយោ​បាយ​​សម្រាប់​​គណបក្ស​នយោ​បាយ​របស់​ខ្លួន។ ចំណុច​នេះ គឺត្រូវអនុវត្តភ្លាមតាម​អនុភាព​នៃការប្រកាស​ជា​ការ​ប្រញាប់​នៃច្បាប់ មាន​ន័យថា រូបទណ្ឌិត សម រង្ស៊ី ត្រូវតែដកចេញ​ពី​ស្លាក​គណ​បក្ស​សង្គ្រោះជាតិ​ឱ្យ​អស់​នៅ​ទូទាំង​​ប្រទេស​កម្ពុជា នៅ​​ពេល​ច្បាប់​នេះ​ចូល​ជា​ធរ​មានភ្លាមៗ។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​មិន​​យល់​​ ឬ​​មិនបាន​សិក្សា​ឲ្យ​លំអិតស៊ីជម្រៅ​ ពីប្បញ្ញត្តិ​ច្បាប់​នេះទេ គឺ​​នៅ​​តែ​​បន្តតាំង​រូប​ទណ្ឌិត សម រង្ស៊ី នៅ​លើ​ស្លាក​គណបក្ស​ដដែល បើ​ទោះ​បី​ច្បាប់​នេះ​ ត្រូវ​បាន​ចូល​ជា​ធរមាន​អស់​រយៈពេល ជាង ១​សប្តាហ៍​ហើយក្តី។

ពាក់​ព័ន្ធរឿងនេះ ​អ្នក​វិភាគ​ ចៅ ចាក់​ស្មុក បាន​សរសេរលិខិត​មិត្ត​អ្នក​អាន​​​មួយច្បាប់​​រំលឹក និង​ពន្យល់​​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​មាត្រាមួយ​ចំនួន ​នៃ​វិសាលភាពវិសោធនកម្ម​ច្បាប់​​ស្តីពី​គណបក្ស​នយោបាយ ដែល​អាច​នឹង​ធ្វើ​​​ឲ្យ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ ត្រូវប្រឈមមុខទី១-ផ្អាក​សកម្ម​ភាព​​គណ​បក្សរយៈពេល ៥ឆ្នាំ ឬ​ទី២​-រំលាយ​គណ​បក្ស​ចោល ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​អនុវត្ត​​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ការ​ដក​រូប​ទណ្ឌិត សម រង្ស៊ី ចេញ​ពីស្លាកគណបក្ស​មិនមែន​ត្រូវ​​ប្រើ​រយៈ​ពេល ៩០ថ្ងៃ ក្រោយ​​​ច្បាប់​​ស្តីពី​គណ​បក្ស​​​នយោ​បាយ​ចូល​ជា​ធរ​មាន​នោះ​​ឡើយ គឺ​ត្រូវអនុវត្តភ្លាមៗតែម្តង។ យោង​មាត្រា ៤៥ ថ្មី (ស្ទួន) គណ​ប​ក្ស​នយោ​បាយ​ដែ​ល​ត្រូវ​បាន​សម្រេចផ្អាកសកម្មភាព មិនត្រូវបានអនុញ្ញាត​ឱ្យ​ចូល​​រួម​​​ប្រកួត​​ប្រជែង​ក្នុង​ការ​បោះឆ្នោតឡើយ។ ត្រូវ​លុប​ឈ្មោះចេញពីបញ្ជីគណបក្សនយោបាយឈរឈ្មោះ​បោះ​ឆ្នោត ក្នុង​ករណី​គណ​​បក្សនយោបាយនោះ ត្រូវ​បាន​សម្រេច​ផ្អាកសកម្មភាព ឬត្រូវសម្រេចរំលាយ​ស្រប​តាម​ច្បាប់​នេះ។

តាម​ពិតការទុករយៈពេល ៩០ ថ្ងៃយ៉ាងយូរ គិតចាប់​ពី​ថ្ងៃ​ដែល​ច្បាប់នេះ​ចូលជាធរមាន គឺ​ច្បាប់​ចង់​សំដៅ​តែទៅលើគណបក្សណាដែលយកឈ្មោះ ឬរូបរបស់រូបវ័ន្តបុគ្គល ធ្វើជាឈ្មោះ និងរូបសញ្ញា (Logo) របស់​បក្សប៉ុណ្ណោះ ដូចមានចែងក្នុង​មាត្រា៤៨ ថ្មី(ស្ទួន)។ គឺចង់សំដៅទៅលើឈ្មោះ ស្លាកសញ្ញាបក្ស (Logo) ដោយ​មិន​ត្រូវ​យក​រូប​វ័ន្ត​បុគ្គល​យក​មក​ដាក់ ដើម្បី​កុំ​ឲ្យ​គណបក្ស​ក្លាយ​ជា​របស់​បុគ្គល នេះ​គឺ​ជា​ចេតនា​ល្អ​របស់​ច្បាប់​។ តែ​សម្រាប់​ករណី​រូបទណ្ឌិត សម រង្ស៊ី គឺ​តម្រូវ​ឱ្យ​ដក​ចេញភ្លាមៗតាមអនុភាពនៃច្បាប់ដែលប្រកាស​ជាការ​ប្រញាប់​នេះ។ ដូច្នេះ​ គឺ​មិន​ពាក់​ព័ន្ធ​ទៅនឹង​ការ​ប្រើ​ Logo របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយក៏មិន​ពាក់​ព័ន្ធ​ការ​ប្រើ​រូប​លោក កឹម សុខា ដែរ តែ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​​រូប​ភាពទណ្ឌិត សម រង្ស៊ី។ ត្រង់​គណបក្ស​សង្គ្រោះ​ជាតិ​​ យក​ទាំង​រូប​​លោក កឹម សុខា ចេញ គឺ​ជា​សិទ្ធិ​ស័្វយ​សម្រេច​​របស់​គណបក្ស​។

ក្រោយ​ការ​ពន្យល់​យ៉ាង​ក្បោះ​ក្បាយ​របស់​ ចៅ ចាក់​ស្មុក​ ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​តាម​បណ្តាញ​សារ​ព័ត៌​​មាននានា បាន​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ពិសេស​លោក កឹម សុខា ចលាចល និង​បញ្ជារ​ឲ្យ​គណ​បក្ស​​នៅ​មូល​ដ្ឋាន​ទូទាំង​ប្រទេស​ត្រូវ​បក​រូប​ទណ្ឌិត សម រង្ស៊ី ចេញ​ភ្លាមៗ បើ​ទោះ​បី​ជា​និមិត្ត​សញ្ញា​​គណបក្ស​ថ្មី (Logo) មិន​ទាន់​ធ្វើ​ហើយ​ក៏ដោយ។

ដូចគ្នា​នេះ​ដែរ កាលពីសមាជបក្សរបស់​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ដើម​ឆ្នាំ​២០១៧នេះ  អ្នកច្បាប់​គណ​បក្ស​សង្គ្រោះជាតិ មើលមិនយល់ពី​លក្ខន្តិកៈ​បក្សខ្លួនឯង រហូតលុតជង្គង់​អង្វរ​ក្រសួង​មហាផ្ទៃ​ជួយ​ប្រាប់​ថា តើ​ខុស​អ្វីខ្លះ? ហើយម៉េចៗ ឥឡូវនេះ កុំឱ្យគេប្តឹងទាន់រឿងបន្តកេងចំណេញ​នយោបាយ​ពីការប្រើប្រាស់​រូប​ទណ្ឌិត​ ​សម រង្ស៊ី បើពុំនោះទេ បក្សសង្គ្រោះ​ជា​តិនេះអាចនឹងត្រូវរំលាយចោល​ទទេៗបាន ស្របតាមច្បាប់​ស្តីពី​គណ​បក្សនយោបាយថ្មី។

​          អ្នក​ច្បាប់ អ្នក​វិភាគ និង​អ្នក​តាម​ដានស្ថានការណ៍​នយោបាយ​​បានលើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​គួរ​តែ​អរគុណ​ដល់​អ្នក​វិភាគ​ ចៅ ចាក់​ស្មុក ដែល​បាន​ក្រើន​រំលឹក​ និង​ជួយសង្គ្រោះ​​ដល់​បក្ស​សាងគ្រោះ​ជាតិ​ ពីរ​ដង​​រួច​មកហើយ ដើម្បី​​គេច​ចេញ​ពី​ការ​រំលាយ​បក្ស​ចោល។ ការ​ណ៍នេះ បាន​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ពី​អសមត្ថ​ភាព​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ការគ្មាន​ធន​ធាន​មនុស្ស​ធ្វើការ​ កុំ​ថាឡើយ​ចង់​ដឹកនាំ​ប្រទេស សូម្បី​តែ​ដឹកនាំ​បក្ស​ខ្លួន​ឯង​ក៏​គណបក្ស​នេះមិន​អាច​ធ្វើ​បាន​ផង៕
ដោយ សុខ សុវណ្ណ


No comments:

Post a Comment