Thursday, August 10, 2017

ការ​ឈប់​សំចត​របស់​លោក Tillerson នៅ​ក្នុង​ប្រ​ទេស​ថៃ បាន​ដាក់​ទំនាក់​ទំនង​កូរ៉េ​ខាង​ជើង​ជា​ប្រ​ធាន​បទ​ដ៏​លេច​ធ្លោ ​​​​

រដ្ឋ​មន្រ្តី​ការ​បរ​ទេស​សហ​រដ្ឋ​អា​មេ​រិក លោក Rex Tillerson បាន​ឈប់​សំចត​នៅ​ក្នុង​ទី​ក្រុង​បាង​កក​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​​​អំពាវ​នាវ​​ដល់​​ព្រះ​រាជា​ណា​ចក្រ​មួយ​នេះមិន​ឱ្យ​​មាន​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជា​មួយ​នឹង​កូរ៉េ​ខាង​ជើងទេ​​ ខណៈ​ដែលកិច្ច​ខិត​ខំ​ប្រឹង​ប្រែងរបស់​​​ទី​ក្រុង​វ៉ាស៊ីន​តោនបាន​​ប្រ​មូល​ផ្តុំ​សម្ព័ន្ធ​មិត្តដើម្បី​បញ្ឈប់​មហិច្ឆ​តា​​នុយ​ក្លេ​អ៊ែរ​របស់​ទី​ក្រុង​ព្យុង​យ៉ាង។

លោក Tillerson គឺ​ជា​អ្នក​ការ​ទូតអា​មេ​រិក​ថ្នាក់​ខ្ពស់​បំផុត​ដែល​មក​បំពេញ​ទស្ស​ន​កិច្ច​នៅ​ក្នុង​ប្រ​ទេស​ថៃ ចាប់​តាំង​ពី​រដ្ឋ​​ប្រ​ហារ​ឆ្នាំ​២០១៤ បាន​ធ្វើ​ឱ្យ​ទំនាក់​ទំនង​​​រវាង​មិត្តភាព​ជា​​យូរ​ឆ្នាំ​​នេះ​មាន​ភាព​តានតឹង​ ហើយ​បាន​មើល​ឃើញ​ការ​ទំនុកបម្រុង​​របស់​ចិន​មក​លើ​ទី​ក្រុង​បាង​កកជា​មួយ​នឹង​ការ​លក់អាវុធដ៏​ច្រើន​សន្ធឹក​សន្ធាប់​ និង​កិច្ច​ព្រម​ព្រៀងផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ។

ថៃ​គឺ​ជា​ប្រ​ទេស​មួយ​ក្នុង​ចំណោម​ប្រ​ទេស​ជា​ច្រើន​ទៀត​នៅ​តំបន់​អា​​​​​ស៊ី​អាគ្នេយ៍​ ដែល​ទទួល​ស្ថាន​ទូត​កូរ៉េ​ខាង​ជើង និង​​ទទួល​ផល​ប្រ​យោជន៍​​ពាណិជ្ជ​កម្ម​ទ្វេ​ភាគីដ៏​មាន​តម្លៃ​ជាមួយ​នឹង​របប​ឯកោ​មួយ​នេះ។

បើយោង​តាម​ក្រសួង​ការបរ​ទេស​របស់​ថៃ​បាន​ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​​២០១៤ ប្រ​ទេស​ទាំង​ពីរ​បាន​ធ្វើ​ពាណិជ្ជកម្ម​រួម​គ្នា​ដែល​មាន​ទឹក​ប្រាក់​ចំនួន ​១២៦ លាន​ដុល្លារ​អា​មេ​រិក ដែល​កើន​ឡើង​ជិត​៣ ដង​ ចាប់​តាំង​ពី​ឆ្នាំ​២០០៩ មក។

បើយោង​តាម​លោក​ស្រី Susan Thornton ដែល​ជា​ឧប​ការី​រង​​ក្រសួង​ការ​បរ​ទេស​សហ​​រដ្ឋ​អា​មេ​រិក​ទទួល​បន្ទុក​កិច្ច​ការ​នៅ​តំបន់​អាស៊ី​បូព៌ាបាន​ឱ្យ​ដឹង​ថា ប៉ុន្តែអា​មេ​រិក​ចង់​ឱ្យ​​ថៃ​បង្រ្កាប​ក្រុម​ហ៊ុន​របស់​កូរ៉េ​ខាង​ជើង​ដែល​ប្រើ​ប្រាស់​ទី​ក្រុង​បាង​កក​ជាមជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ ដោយ​យក​កិច្ច​ការ​ធុរ​កិច្ច​ជាជួរ​មុខ​។​​

លោក​ស្រី Thornton បាន​បន្ថែម​ថា លោក Tillerson នឹង​ពឹងពាក់​ប្រ​ទេស​ថៃ​ផង​ដែរ ដើម្បី​រឹត​បន្តឹង​នូវ​តម្រូវ​ការ​ទិដ្ឋា​ការ​​​ចំពោះ​​ជន​ជាតិ​កូរ៉េ​​ខាង​ជើង​ដែល​ចូល​មក​ក្នុង​ប្រ​ទេស​ថៃ និង​ត្រួត​ពិនិត្យ​មើល​បេ​សកកម្ម​ការ​ទូត​របស់​ខ្លួន​។

ប្រ​មុខ​របប​យោ​ធា​ថៃ លោក Prayut Chan-O-Cha បាន​សម្តែង​នូវ​ក្តី​​រីក​រាយ​ ខណៈ​ដែល​​គាត់ទទួល​​ស្វាគមន៍​បេ​សកជន​សហ​រដ្ឋ​អា​មេ​រិកមក​កាន់​វិ​មាន​រដ្ឋា​ភិបាល។

បន្ទាប់​ពី​ជំនួប​របស់​ពួក​គេ អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​ថៃ​បាន​និយាយ​ថា ប្រ​ទេស​ថៃ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ និង​ផ្តល់​នូវ​ការ​គាំ​ទ្រ​របស់​ខ្លួន​ក្នុង​ការ​ដោះ​ស្រាយ​វិ​បត្តិ​នៅ​ឧ​ប​ទ្វីប​កូរ៉េ ដោយ​គាត់​បាន​បន្ថែម​ថា ប្រ​ទេស​ថៃ​កំពុង​តែ​អនុ​វត្ត​ន៍​តាម​​ការប​​ង្កើននូវ​ការ​ដាក់​ទណ្ឌ​កម្មរបស់​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​លើ​ទី​ក្រុង​ព្យុង​យ៉ាង។

ការ​ដាក់​ទណ្ឌ​កម្ម​ទាំង​នោះ​អាច​ធ្វើ​ឱ្យកូរ៉េ​ខាង​ជើង​​​អន្តរាយ​ទឹក​ប្រាក់​ចំនួន​១ ពាន់​លាន​ដុល្លារ​អា​មេ​រិក​ក្នុងមួយ​ឆ្នាំ​។

ដំណើរ​ទស្ស​ន​កិច្ច​រយៈ​ពេល​មួយ​ថ្ងៃ​របស់​លោក Tillerson បន្ទាប់​ពី​វេទិ​កា​ថ្នាក់​តំបន់​ក្នុង​ទី​ក្រុង​ម៉ានីល ជា​ទី​កន្លែង​​ដែល​អតីត​ CEO នៃក្រុម​ហ៊ុន ExxonMobil បាន​សាទរ​ចំពោះ​ការ​ដាក់ទណ្ឌ​កម្ម​ថ្មីៗ​លើ​របប​កូរ៉េ​ខាង​ជើង​ចំពោះ​ការ​បង្កើន​​ផលិត​អា​វុធ​នុ​យ​ក្លេ​អ៊ែរ​របស់​ខ្លួន។

ការ​ដាក់​ទណ្ឌ​កម្ម​ទាំង​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​មី​ស៊ីល​សាក​ល្បង​ឆ្លង​ទ្វីប​ចំនួន​ពីរ​លើក​កាល​ពី​ខែ​មុន។

លោក​ស្រី Thornton បាន​ថ្លែង​​មុន​ដំណើរ​ទស្ស​ន​កិច្ច​ថា ស្ថាន​ភាព​មាន​ទាំង​ល្អមាន​ទាំង​អាក្រក់​ ដែល​​​អា​មេ​រិក​កំពុង​តែ​ទាម​ទារប្រ​ទេស​ថៃផង​ដែរ ឱ្យ​ទទួល​យក​ជន​ភៀស​ខ្លួន​កូរ៉េ​ខាង​ជើង​បន្ថែម​ទៀត​។

ប្រ​ទេស​ថៃគឺ​ជា​កន្លែង​ឆ្លង​កាត់​ជា​យូរ​មក​ហើយ​សម្រាប់​អ្នក​​​រត់​ចោល​ស្រុក​ ដែល​ធ្វើ​ដំណើរ​ជាជួរឆ្លងកាត់​ប្រ​ទេស​ចិន បន្ទាប់​មក​ចូល​ទៅ​ក្នុង​ប្រ​ទេស​ឡាវ ឬ​ក៏​កម្ពុជា​ និង​ថៃ ជា​ទី​កន្លែង​ដែល​ពួក​គេ​ស្វែង​រក​ទី​ជម្រក​នៅឯ​ស្ថាន​ទូត​កូរ៉េ​ខាង​ត្បូង។ ប៉ុន្តែ​ស្ថាន​ភាព​នេះ គឺ​មិន​បាន​ទទួល​ស្គាល់​ពួក​គេ​ជា​ផ្លូវ​ការ​ថា ជា​ជន​ភៀស​ខ្លួន​ឡើយ។

ក្រុម​អ្នក​វិ​ភាគ​​​បាន​និយាយ​ថា ប្រ​ទេស​ថៃ​ទំនង​ជា​នឹង​មិន​ផ្តាច់​ទំនាក់​ទំនង​របស់​ខ្លួន​ពី​កូរ៉េ​ខាង​ជើង​ឡើយ៕
​ប្រភព: AFP ចុះថ្ងៃទី០៩ ខែ​​​​​​សី​ហា​​​ ឆ្នាំ២០១៧




No comments:

Post a Comment