Thursday, August 10, 2017

កម្ពុជា នឹងបញ្ជូនពលការិនីជំនួយការមេផ្ទះជាលើកដំបូងទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង

រាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: កំពុងរៀបចំធ្វើការ ជ្រើសរើស និងបណ្តុះបណ្តាលគ្រប់គ្រង និងបញ្ជូនពលការិនីជាជំនួយការមេផ្ទះ ទៅធ្វើការនៅ តំបន់រដ្ឋបាលពិសេសហុងកុងនៅចុងឆ្នាំ២០១៧ខាងមុខ។ នៅក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងបញ្ជូនពលការិនីជំនួយការមេផ្ទះនេះ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានប្រសាសន៍ថា ការងារជំនួយការមេផ្ទះនៅហុងកុងនេះមានលក្ខខណ្ឌការងារល្អ ប្រាក់ឈ្នូលចាប់ពី៥០០ដុល្លារឡើងទៅ រូមនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត។

លោក ក៏បានបញ្ជាក់ថា គម្រោងដែលកម្ពុជាធ្វើការបញ្ជូនពលការិនីជំនួយការមេផ្ទះទៅតំបន់រដ្ឋបាលពិសេសហុងកុងនេះ មិនមានការកំណត់នោះទេ ប៉ុន្តែជាជំហានដំបូងនោះនឹងធ្វើការបញ្ជូនប្រមាណជា១ពាន់នាក់ ប្រសិនបើមានប្រជាពលរដ្ឋមានការចាប់អាម្មណ៍ចំពោះការងារនេះ។ ការជ្រើសរើសឱ្យចូលទៅបម្រើការងារនេះ ក្រសួង បានប្រគល់សិទ្ធិទៅឱ្យក្រុមហ៊ុនជ្រើសរើសពលករមានអាជ្ញាប័ណ្ណពីក្រសួង ចំនួន៥ជាអ្នកធ្វើការជ្រើសរើសចៀសវាងមានក្រុមហ៊ុនបន្លំបោកប្រាស់។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បានបញ្ជូនពលករទៅបម្រើការងារនៅប្រទេសចំនួន៥ប្រទេសមាន ថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន និងសិង្ហបុរី។ ការបញ្ជូនពលការិនីទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសហុងកុងនេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងល្អជាមួយនឹងប្រទេសចិនផងដែរ៕






No comments:

Post a Comment