Thursday, August 10, 2017

ការ​ពិចារណាហ្មត់​ចត់​អំពី​ការ​គ្រប់គ្រង​អាវុធ​របស់​អាស៊ី

ក្នុង​ខណៈ​ដែល​ការ​យក​ចិត្ត​ទុក​ដាក់​ភាគ​ច្រើន​លើ​សណ្តាប់​ធ្នាប់​នុយក្លេអ៊ែរ​របស់​អាស៊ី​ត្រូវ​បាន​ផ្តោត​​តែ​លើ​ឧបទ្វីបកូរ៉េ​នោះ កម្មវិធី​អាវុធនុយក្លេអ៊ែរ​​ដែល​កាន់តែ​ជឿជាក់​របស់​ក្រុង​ព្យុង​យ៉ាង​​នោះ​​គឺគ្រាន់តែ​ចំណុច​តូច​មួយ​ប៉ុណ្ណោះ។​ តំបន់​មួយ​ដែល​ធ្លាប់តែ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​កន្លែង​​គ្រប់​​គ្រង​នុយក្លេអ៊ែរ​នោះ​ហាក់បីដូចកំពុង​ផ្លាស់ប្តូរ​​យ៉ាង​ខ្លាំង។ ពេល​វេលា​ក្នុងការ​ពិចារណា​យ៉ាង​ហ្មត់​​ចត់​អំពី​​ទស្សនៈ​​ក្នុងការ​គ្រប់គ្រង​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​អាស៊ី​បាន​ឈាន​មក​ដល់​ហើយ។​

គម្រោង​ធ្វើ​ទំនើប​កម្ម​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំង​​អស់​គឺ​ជា​ស្នូល​នៃ​សក្តានុពល​នុយក្លេអ៊ែរ​បច្ចុប្បន្ន​របស់​អាស៊ី។ នេះគឺមិន​ត្រឹមតែ​ការ​ដាក់​ជំនួស​ប្រព័ន្ធ​អាវុធ​ចាស់ៗ​ប៉ុណ្ណោះទេ។ គម្រោង​ធ្វើ​ទំនើប​កម្ម​អាវុធ​នុយក្លេអ៊ែរ​ទាំង​នេះ​នឹង​ផ្តល់​ឲ្យ​ប្រទេស​ទាំង​នោះ​នូវ​រយៈ​ចម្ងាយ​គ្រា​ប់​មីស៊ីល​កាន់តែ​ឆ្ងាយ បច្ចេកវិទ្យា​ក្បាលគ្រាប់​កាន់តែ​ទំនើប​ នាវាមុជ​ទឹក​បំពាក់​នុយក្លេអ៊ែរ​កាន់តែ​ច្រើន​ដែល​កំពុង​ល្បាត​ផ្លូវ​ទឹក​របស់​អាស៊ី និង​ក្នុងករណីខ្លះ មាន​ឃ្លាំង​អាវុធ​កាន់តែ​ធំ​ទៀត​ផង។ ការ​រីក​ចម្រើន​ដល់​ឃ្លាំង​អាវុធ​របស់​ប្រទេស​ធំៗ​​ដូចជា​អាមេរិក រុស្ស៊ី ចិន ឥណ្ឌា និង​ប៉ាគីស្ថាន រួម​ទាំង​ការ​រីក​ចម្រើន​សព្វាវុធ​​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​នោះ បាន​បង្ហាញ​​ពី​អនាគត​នុយក្លេអ៊ែរ​ផ្សេង​មួយ​​សម្រាប់​តំបន់​នោះ។​

ស្ថិរភាព​ក្នុង​ទំនាក់ទំនង​នុយក្លេអ៊ែរ​ក៏​ត្រូវ​បាន​ជួប​ប្រទេះ​​ដោយ​ការ​កើន​ឡើង​នៃ​ភាព​មាន​ប្រៀប​នៃ​អាវុធ​ទំនើបៗ។ អាមេរិក​ធ្លាប់​ជា​ប្រទេស​តែមួយ​គត់​លើ​បច្ចេកវិទ្យា​អាវុធ​ទំនើប​ៗ​ដូចជា​ការ​ការ​ពារ​គ្រា​ប់​មីស៊ីល​អន្តរទ្វីប គ្រា​ប់​មីស៊ីល​សម្រាប់​វាយប្រហារ និង​សមត្ថភាព​​ប្រឆាំង​ផ្កាយ​រណប​និង​អ៊ីនធឺណិត ដែល​ទាំង​អស់​នោះ​បូក​បញ្ចូល​គ្នា​អា​ច​ធ្វើ​ឲ្យ​មាន​អតុល្យភាព​របស់អាវុធ​នុយក្លេអ៊ែរ​ទៅ​ហើយ។ ប៉ុន្តែ​ ការ​ប្រណាំង​ប្រជែង​កំពុង​តែ​កើន​ឡើង​នៅ​ចិន រុស្ស៊ី និង​ឥណ្ឌា​ថែម​ទៀត​ដើម្បី​​បន្ថយ​​ការ​នាំ​មុខ​របស់​វ៉ាស៊ីនតោន។​

ទោះបីជា​តួនាទី​សំខាន់​ដែល​កិច្ច​ព្រមព្រៀង​គ្រប់គ្រង​អាវុធ​បាន​ដើរ​តួ​ក្នុងការ​កាត់​បន្ថយ​ការ​គំរាម​​កំហែង​ពីនុយក្លេអ៊ែរ​ពិភព​លោក​នៅ​អតីតកាល​ក៏​ដោយ ក៏​មនុស្សជាច្រើន​បាន​កត់​សម្គាល់​អំពី​ការ​ខ្វះ​​កិច្ច​ព្រមព្រៀង​ផ្លូវ​ការ​រវាង​រដ្ឋ​មាន​អាវុធនុយក្លេអ៊ែរ​នៅ​អាស៊ីដែរ។ ពេល​វេលា​បាន​មក​ដល់​សម្រាប់​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ហ្មត់​ចត់​​ក្នុងការ​គ្រប់គ្រង​អាវុធ​នៅយុគ្គ​ថ្មី​នេះ។ នៅមុន​ពេល​មាន​ការ​ផ្តួច​ផ្តើម​គំនិត​ណាមួយ​ឡើង ការ​មូល​មតិ​គ្នា​មានភាព​ចាំបាច់​លើ​ថា តើ​​សណ្តាប់​ធ្នាប់​នុយ​ក្លេ​អ៊ែរ​​ប្រកប​ដោយ​ស្ថិរភាព​នៅ​អាស៊ី​គួរ​តែ​មាន​លក្ខណៈ​ដូចម្តេច? មាន​ចំណុច​លេច​ធ្លោរ​ចំនួន ៣ គឺ៖

ទីមួយ តើ​តួអង្គ​មួយ​ណា​នឹង​ត្រូវ​តែ​ជា​អ្នក​ចាប់​ផ្តើម​ដំបូង​គេ? ទោះបីជា​មាន​​ការ​កាត់​បន្ថយ​គួរ​សម​ចាប់​ពី​សង្គ្រាម​ត្រជាក់​ក៏​ដោយ ក៏​អាមេរិក ​និង​រុស្ស៊ី​នៅតែ​មាន​ចំនួន​ច្រើន​ជាង​រដ្ឋផ្សេង​ទៀត​ក្នុង​ចំនួន​អាវុធ​ក្នុង​ឃ្លាំង​របស់​គេ។ ការ​រីក​ចម្រើន​លើ​ការ​គ្រប់គ្រង​អាវុធ​នៅ​អាស៊ី​ហាក់ដូចជា​នៅតែ​ភ្ជាប់​ទៅ​នឹង​ទំនាក់ទំនង​រវាង​អាមេរិក ​និង​រុស្ស៊ី។ បើគ្មាន​ការ​រីក​ចម្រើន​បន្ថែម​លើ​ការ​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក ​និង​រុស្ស៊ី​ទេ ចិន​មិន​ទំនង​ជា​ចូល​រួម​​ក្នុង​ភាគី​នោះទេ។ ទោះបី​ចិន​ចូល​រួម ក៏​ឥណ្ឌា​​នូវ​តែ​ដើ​រ​អូសជើង​​ដោយ​សារតែ​ភាពរីក​ច្រើន​នុយក្លេអ៊ែរ​របស់​ប៉ាគីស្ថាន​។

ទីពីរ តើ​គោល​ការណ៍​នៃ​ភាព​ងាយ​រងគ្រោះ​ទៅ​វិញ​ទៅ​មក​នៅតែ​បង្អាក់​ទំនាក់​ទំនង​នុយក្លេ​អ៊ែរ​​នៅ​គ្រប់ដំណាក់កាលនៃ​ការ​ចរចា​​លើការ​គ្រប់​គ្រង​អាវុធ​មែន​ទេ? សំណួរ​នេះ​គឺ​ស្ថិត​នៅ​លើ​ទំនាក់ទំ​នង​​​នុយក្លេអ៊ែរ​យុទ្ធ​សាស្ត្រ​របស់​អាមេរិក ​និង​ចិន​ ព្រមទាំង​ការ​ឆ្លើយ​តប​​ទៅ​នឹង​កម្ម​វិធី​អាវុធ​នុយ​ក្លេអ៊ែរ​របស់កូរ៉េខាង​ជើង។​

ទាក់ទង​ទៅ​នឹង​ទំនាក់ទំនង​រវាង​អាមេរិក ​និង​ចិន គួរ​តែ​មាន​ការ​កត់​សម្គាល់​អំពី​ការ​កើន​ឡើង​ការ​បន្ទរ​របស់​អ្នក​វិភាគ​​ដែល​ព្រមាន​ថា គោល​នយោ​បាយ​ភ្លោះ​របស់​ចិន​នៃ​ “ការ​មិន​ប្រើ​មុន​គេ” និង​ជំហរ​នៃ​ “ការ​ទប់ស្កាត់​អប្បរមា” ​អាច​ផ្លាស់ប្តូរនៅពេល​ឆាប់​ៗនេះ​​។ នេះ​កើត​ចេញពី​ការ​គ្មាន​ឆន្ទៈ​របស់​វ៉ាស៊ីនតោន​ក្នុងការ​ទទួល​យក​ទំនាក់ទំនង​នៃ​ភាព​ងាយ​រង​គ្រោះទៅ​វិញទៅ​មក​ជា​មួយ​ប៉េកាំង។

គោលន​យោ​បាយ​ការ​ពារមីស៊ីល​អន្តរទ្វីប​ដាច់​ដោយ​ឡែក​ និង​ការ​ពិនិត្យ​ឡើងវិញ​អំពី​ជំហរ​​លើ​នុយក្លេអ៊ែរ​ដែល​កំពុង​ដំណើរ​ការ​នៅពេល​បច្ចុប្បន្ន​នៅ​អាមេរិក​នោះ​បាន​ផ្តល់​ឱកាស​​ក្នុងការ​គិត​គូយ៉ាង​ប្រុង​ប្រយ័ត្ន​អំពី​បញ្ហា​នេះ។ ការ​ទាត់​ចោល​របស់​រដ្ឋបាល​ ត្រាំ អំពី​កង្វល់របស់ចិន​លើ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការ​ពារ​មីស៊ីល​នៅ​កូរ៉េខាង​ត្បូង​​នោះ​គឺជា​សញ្ញា​ដំបូង​ដែល​ថា ឱកាស​នេះ​នឹង​អាច​បាត់​បង់។​ កង្វល់​របស់​ប៉េកាំង​ ដែល​បន្ទរ​ដោយ​ក្រុង​មូស្គូ គឺពាក់​ព័ន្ធ​ភាគ​ច្រើន​លើ​អ្វីដែល​​ប្រព័ន្ធ​ការ​ពារ​គ្រាប់​មីស៊ីល​នោះ​បង្ហាញ​ជា​សញ្ហា​នៃ​ភាព​ស្ទាក់​ស្ទើ​របស់​វ៉ាស៊ីន​តោន​ក្នុង​ការ​ទទួល​​ភាព​ងាយ​រង​គ្រោះ​ទៅវិញទៅមក​។​

ភាពងាយរង​គ្រោះ​នោះក៏​ជា​ចំណុច​ស្នូល​ដល់ការ​ជជែក​ដេញ​ដោល​លើ​ថា តើ​វា​ដល់​ពេល​ក្នុងការ​ទទួល​យកកូរ៉េខាងជើង​យ៉ាង​ស្ទាក់ស្ទើ​មក​ធ្វើ​ជា​រដ្ឋ​មាន​អាវុធនុយក្លេអ៊ែរ។ ដោយ​ខ្វះ​ការ​ចរចា​ផ្ទាល់ ការ​បង្កើត​ទំនាក់ទំនង​ទប់ស្កាត់​រវាង​វ៉ាស៊ីន​តោន ​និង​ព្យុងយ៉ាង​គឺគ្រាន់តែ​ជា​វិធី​មួយ​ប៉ុណ្ណោះ​ក្នុងការ​ដាក់កម្រិត​លើ​ទំហំ​នៃ​ឃ្លាំង​អាវុធ​របស់កូរ៉េខាង​ជើងប៉ុណ្ណោះ។ ទំនាក់ទំនង​នេះ​នឹង​កាន់តែមាន​ដំណើរការ​ ប្រសិន​បើ​វ៉ាស៊ីន​តោន​ទទួល​យក​កម្រិត​ខ្លះនៃ​ភាព​ងាយ​រងគ្រោះ។ បើ​មិន​អញ្ចឹង​ទេ គ្មាន​មូល​ហេតុ​អ្វីដែល​ក្រុង​ព្យុងយ៉ាង​​ជឿថា វ៉ាស៊ីន​តោន​មិន​បញ្ឈប់​ផែន​ការ​វាយ​ប្រហារ​នោះទេ។

ទីបី​គឺកម្រិត​ដែល​ចំណង​រវាង​អាវុធ​ធម្មតា ​និង​អាវុធ​នុយក្លេអ៊ែរ​នោះ​អាច​ត្រូវ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​​ក្នុងការ​ផ្តួច​ផ្តើម​ការ​គ្រប់គ្រង​អាវុធ។ ប្រសិនបើ​អាវុធ​ធម្មតា​ទំនើប​របស់​សត្រូវ​​គំរាម​ដល់​ភាព​ជឿជាក់​នៃ​សមត្ថភាព​វាយប្រហារ​របស់​រដ្ឋ​មួយ​ ចេតនា​ក្នុងការ​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ​នោះ​បាន​កើន​ឡើង​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ដូចដែល​អ្នក​ស្រាវជ្រាវ​បាន​លើក​ឡើង​ជា​យូរ​មក។​

អញ្ចឹង សំណួរ​នោះគឺថា តើ​ការ​ផ្តួច​ផ្តើម​គំនិត​ថ្មី​នោះមាន​គោល​ដៅ​ក្នុងការ​នាំ​យក​មហា​អំណាច​នុយក្លេ​អ៊ែរ​របស់​អាស៊ី​​ឲ្យ​ស្ថិត​ក្នុងក្រុម​គ្រប់គ្រង​អាវុធ​នោះ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា? សន្ធិសញ្ញា​ប្រឆាំងគ្រប់មីស៊ីល​នោះ​បាន​បង្ហាញ​ថា ការ​ដោះ​ស្រាយ​​ការ​ភ្ជាប់​​ចំណង​រវាង​អាវុធ​ធម្មតា​ និង​អាវុធ​នុយក្លេអ៊ែរ​តាម​ការយៈការ​គ្រប់គ្រង​អាវុធ​នោះ​អាច​កើត​មាន​ឡើង​ជា​ទ្រឹស្តី។ អាស៊ី​អាច​ផ្តល់​នូវ​ការ​សាកល្បង​ជាយថាហេតុថា តើ​រឿង​នេះ​នឹង​អាច​ទៅ​រួច​ម្តង​ទៀត​ដែរឬទេ?

ការ​ស្វែង​រក​ការមូល​មតិ​គ្នា​លើ​ការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​នៅ​អាស៊ី​នឹង​មិន​ងាយ​ស្រួល​នោះទេ ជា​ពិសេស​នៅពេល​ការ​ធ្វើតេស្ត​សាកល្បង​គ្រាប់​មីស៊ីល​ និង​នុយក្លេអ៊ែរ​របស់​កូរ៉េខា​ង​ជើង​បន្ថែម​ទៀត​ទំនង​ជា​នៅតែ​បន្តអូសបន្លាយពេល​ និង​បង្វែចំណាប់​អារម្មណ៍នោះ។ ប៉ុន្តែ​​សារៈ​សំខាន់នៃក្រុម​ការងារ​នោះ​មិន​ទាត់​ចោល​នូវ​ការ​សន្យា​​អំពី “សតវត្សរ៍អាស៊ី” នោះ​អាស្រ័យ​លើ​ការ​បង្កើត​សណ្តាប់​ធ្នាប់​សន្តិសុខ​ប្រកប​ដោយ​ស្ថិរភាព​មួយ។ បណ្តា​រដ្ឋ​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​អាស៊ី​បាន​ខិត​ខំ​ជៀស​វាង​​ការ​ចរចា​គ្រប់គ្រង​អាវុធ​ផ្លូវការ​​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ពេល​វេលា​នោះ​បាន​មក​ដល់​ទី​បញ្ចប់​ហើយ​នាពេល​នេះ៕

ប្រភព៖ East Asia Forum ចុះថ្ងៃ០៩ ខែសីហា​ ​ឆ្នាំ២០១៧


No comments:

Post a Comment