Thursday, August 10, 2017

KCNA៖ កូរ៉េខាងជើងនិយាយថា ខ្លួនកំពុងពិចារណាយ៉ាងហ្មត់ចត់លើផែនការវាយប្រហារកោះ Guam

កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងត្រួតពិនិត្យផែនការយ៉ាងយកចិត្តទុកដាក់សម្រាប់ការវាយប្រហារមីស៊ីលលើកោះ Guam នៃទឹកដីអាមេរិក គ្រាន់តែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់ទៅកូរ៉េខាងជើងថា ការគំរាមកំហែងណាមួយចំពោះអាមេរិក នឹងទទួលរងផលវិបាកនូវការបាញ់ប្រហារមកវិញដោយគ្មានត្រាប្រណី។

ប្រទេសកូរ៉េខាងជើងមិនបានលាក់បាំងពីផែនការអភិវឌ្ឍមីស៊ីល ដែលមានសមត្ថភាពនុយក្លេអ៊ែរអាចវាយប្រហារអាមេរិក និងមិនអើពើចំពោះការអំពាវនាវជាអន្តរជាតិឱ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។

អ្នកនាំពាក្យរបស់កងទ័ពប្រជាជនកូរ៉េ Korean People’s Army (KPA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងថា ផែន​ការវាយប្រហារនេះនឹងត្រូវអនុវត្តន៍នៅពេលណាមួយដែល​មេដឹកនាំ Kim Jong Un ធ្វើការសម្រេច​ចិត្ត។

កងកម្លាំងយុទ្ធសាស្រ្តរបស់ KPA ឥឡូវនេះកំពុងពិនិត្យមើលផែនការប្រតិបត្ដិការយ៉ាងយកចិត្តទុកដាក់ចំពោះការបាញ់គ្រប​ដណ្តប់លើតំបន់ជុំវិញកោះ Guam ដោយគ្រាប់មីស៊ីលយុទ្ធសាស្រ្ត Hwasong-12 ដែលអាចបាញ់ពីរយៈ​ចម្ងាយ​មធ្យមទៅ​រយៈ​ចម្ងាយ​ឆ្ងាយ​ដើម្បីការពារមូលដ្ឋានយោធាសំខាន់ៗរបស់អាមេរិកនៅលើកោះ Guam រួមទាំងមូលដ្ឋានកងទ័ពអា​កាស Anderson​ ផងដែរ»។

អ្នកនាំពាក្យរូបនោះបាននិយាយថា ផែនការនេះនឹងត្រូវបានរាយការណ៍ទៅមេបញ្ជា ការជាន់ខ្ពស់របស់កូរ៉េខាងជើងក្នុងពេលឆាប់ៗនេះ។

មន្ត្រីអាមេរិកម្នាក់បាននិយាយថា កាលពីថ្ងៃចន្ទយន្តហោះទម្លាក់គ្រាប់បែក B-1 របស់អាមេរិកចំនួនពីរគ្រឿង​បាន​ហោះ​ពី​កោះ Guam ទៅឧបទ្វីបកូរ៉េ ជាផ្នែកមួយនៃវត្តមានរបស់យន្តហោះទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់ខ្លួន ដែលជាសញ្ញាបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្ត្រដែល​កោះ Guam មាន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងពីអ្នកនាំពាក្យយោធាម្នាក់ផ្សេងទៀតបានឱ្យដឹងថា កូរ៉េខាងជើងក៏​បាន​ចោទ​ប្រកាន់អាមេរិកថា បានគាស់កកាយ «សង្គ្រាមទប់ស្កាត់ជាមុន» ហើយ​បាន​និយាយ​ថា ផែនការណាមួយដើម្បីធ្វើ​សង្រ្គាម​នេះនឹងជួបជាមួយ «សង្គ្រាមពេញទំ​ហឹង​នៃ​ការបោសសំអាតមូលដ្ឋានដ៏រឹងមាំងទាំងអស់របស់សត្រូវរួមទាំង​អាមេរិកដែនគោក»។

អ្នកនាំពាក្យកងទ័ពរូបនេះបាននិយាយថា អាមេរិកគួរតែបញ្ឈប់ «ការញុះញង់ផ្នែកយោធាដ៏ធ្វេសប្រហែសរបស់ខ្លួន» របស់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើង ដើម្បីចៀសវាងសកម្ម​ភាពយោធា។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើការដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើងកាល​ពី​ថ្ងៃ​សៅរ៍ជុំវិញការ​សាក​ល្បង​មីស៊ីលរបស់ខ្លួន។

លោក Trump បានលើកឡើងពីវោហាសាស្ត្រប្រឆាំងនឹងកូរ៉េខាងជើងកាលពីថ្ងៃអង្គារដោយនិយាយថា ទីក្រុងព្យុងយ៉ាងមិនគួរធ្វើការគំរាមកំហែងណាមួយប្រឆាំងនឹងអាមេរិកនៅក្នុងកិច្ចប្រជុំជាមួយអ្នកយកព័ត៌មាននៅ Trump National Golf Club នៅ Bedminster ក្នុងរដ្ឋ New Jersey នោះទេ៕

ប្រភព៖ Reuters ចុះថ្ងៃទី០៩ ខែសីហា​​ ឆ្នាំ២០១៧


No comments:

Post a Comment