Thursday, August 10, 2017

មតិមហាជន៖ សូមកុំប្រែក្លាយបទល្មើសព្រហ្មទណ្ឌ ទៅជារឿងនយោបាយ!

បន្ទាប់ពីប្រធានប្រតិបត្តិគណបក្សប្រឆាំងលោក ម៉ន ផល្លា បានរត់គេចខ្លួនទៅក្រៅប្រទេសអស់រយៈពេលជាង១ខែកន្លងទៅ ក្រោយពីមានការបញ្ជាឲ្យចូលខ្លួនដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧មកនោះ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ ព្រះរាជអាជ្ញារងដដែលរូបនេះ បានចេញដីកាមួយទៀតដោយបញ្ជាឲ្យសមត្ថកិច្ចនាំខ្លួនលោក ម៉ន ផល្លា ឲ្យទៅបង្ហាញមុខនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿង ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ។
យោងតាមដីការបស់តុលាការបានបញ្ជាក់ថា ការចេញបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនាំខ្លួនលោក ម៉ន ផល្លា ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ដើម្បីសាកសួរនេះ គឺពាក់ព័ន្ធនឹងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទៅលើយុវជនម្នាក់នៅខណ្ឌមានជ័យ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីពេលកន្លងទៅនេះ។

សូមរម្លឹកថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ យុវជនម្នាក់ឈ្មោះ សេក សាម៉ុន អាយុ២៧ឆ្នាំ ជាអ្នកបើកគ្រឿងចក្រកាយដី មានស្រុកកំណើតនៅខេត្តស្វាយរៀង ត្រូវបានសកម្មជនគណបក្សសង្គ្រោះជាតិទាំងហ្វូងព្រួតគ្នាវាយធ្វើបាប ទាត់ធាក់ ខណៈយុវជនរូបនេះគ្រាន់តែជិះម៉ូតូឆ្លងកាត់ក្បួនដង្ហែបក្សរបស់ពួកគេដែលកំពុងឃោសនាបោះឆ្នោតតែប៉ុណ្ណោះ បណ្តាលឲ្យយុវជនរូបនេះត្រូវសកម្មជនបក្សសង្គ្រោះជាតិវាយឲ្យរងរបួសជាំហើមភ្នែកខាងឆ្វេង របួសក្បាល និងលើខ្លួនប្រាណជាច្រើនកន្លែង។ មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ យុវជនរងគ្រោះ សេក សាម៉ុន ក៏បានដាក់ពាក្យប្តឹងក្រុមអ្នកគាំទ្របក្សសង្គ្រោះជាតិទាំងនេះ នៅប៉ុស្តិ៍នគរបាលសង្លាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលបានវាយទាត់ធាក់ទៅលើរូបគាត់។
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបញ្ជាទៅលោក ម៉ន ផល្លា ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិឲ្យបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ ប៉ុន្តែ ភ្លាមៗ បន្ទាប់ពីមានអំពើហិង្សាបានកើតឡើង លោក ម៉ន ផល្លា ត្រូវបានគេរាយការណ៍ថា បានរត់គេចខ្លួនទៅរស់នៅឯក្រៅប្រទេសបាត់ឈឹងរហូតមកដល់សព្វថ្ងៃនេះ។

ជាញឹកញាប់ គេបានកត់សម្គាល់ឃើញថា រាល់ការប្រព្រឹត្តបទល្មើសណាមួយរបស់ថ្នាក់ដឹកនាំ ឬសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលមាននិន្នាការគាំទ្របក្សប្រឆាំង ជាពិសេសក្រុមប្រឆាំងតែម្តង តែងតែនិយាយមួលបង្កាច់ បំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិថា ប្រព័ន្ធតុលាការស្រុកខ្មែរ ឬបក្សកាន់អំណាចគាបសង្កត់ផ្នែកនយោបាយ គំរាមកំហែងបំបិទសិទ្ធិទៅលើបក្សប្រឆាំង ដោយពួកគេមិនបានលើកឡើងមួយម៉ាត់ណាសោះអំពីសកម្មភាពល្មើស បំពានច្បាប់ដែលពួកគេបានប្រព្រឹត្តឡើយ ក្នុងនោះមានជាអាថ៌ អំពើញុះញង់ ដុតកំហឹងជាតិសាសន៍ បង្កចលាចលសង្គម ការផ្សាយព័ត៌មានបំភ្លើស បរិហារកេរ្តិ៍ប៉ះពាល់ដល់សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់អ្នកដទៃ រហូតមានការចាប់ឃុំខ្លួន និងផ្តន្ទាទោសដោយតុលាការជាបន្តបន្ទាប់។ ពួកគេធ្វើបំពានច្បាប់ គឺត្រូវបានក្រុមអ្នកប្រឆាំងមិនមានភាពក្លាហាននិយាយនូវការពិតឡើយ តែជាជំនួសមកវិញ គឺពួកគេមានភាពក្លាហានណាស់ក្នុងការបំពុលព័ត៌មាន ដែលនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំពីដំណើរការពង្រឹងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដែលបាននិងកំពុងមានភាពល្អប្រសើរ។

ដូចគ្នានេះដែរ ករណីការចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាំលោក ម៉ន ផល្លា ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិឲ្យចូលបំភ្លឺក្នុងបទសង្ស័យ ហិង្សាដោយចេនាមានស្ថានទម្ងន់ទោសនេះ គឺជារឿងព្រហ្មទណ្ឌសុទ្ធសាធ ។ ដូច្នេះ សូមកុំប្រែក្លាយបទល្មើសព្រហ្មទណ្ឌទៅជារឿងនយោបាយ។
រាល់ជនដែលបានប្រព្រឹត្តបទល្មើស បំពានច្បាប់ គឺគ្រប់រូបត្រូវហ៊ានប្រឈមចំពោះមុខច្បាប់ មិនថាឡើយជននោះមានអំណាចក្នុងជួររដ្ឋាភិបាល ឬក្រុមប្រឆាំងនោះឡើយ។ នេះជាដំណើរអនុវត្តច្បាប់នៅកម្ពុជាដែលជារដ្ឋឯករាជ អធិបតេយ្យ។

គួរបញ្ជាក់ដែរថា យុវជនរងគ្រោះឈ្មោះ សេក សាម៉ុន ដែលបានដាក់ពាក្យប្តឹងលោក ម៉ន ផល្លា និងក្រុមសកម្មជនបក្សប្រឆាំងដែលបានប្រើអំពើហិង្សាលើរូបគាត់ គឺយុវជនរូបនេះទារសំណងជម្ងឺចិត្តក្នុងទឹកប្រាក់តែ២ម៉ឺនដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕





No comments:

Post a Comment