Thursday, August 10, 2017

ខេត្តស្វាយរៀង ជូនដំណឹងស្តីពីរការសម្រួលការស្នាក់នៅដល់សិស្សានុសិស្ស ត្រៀមប្រលងបាក់ឌុប

ដើម្បីជួយសម្រួល ដល់ការស្នាក់នៅរបស់ប្អូនៗ មកពីបណ្តាស្រុក ក្រុង នានា នៃខេត្តស្វាយរៀង ដែល មានជីវភាពខ្វះខាត គ្មានលទ្ធភាពជួលផ្ទះសំណាក់ និងគ្មានបងប្អូនញាតិមិត្តនៅក្នុងការស្នាក់នៅនោះ រដ្ឋបាលខេត្តស្វាយរៀង បានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ត្រៀមរៀបចំកន្លែងស្នាក់នៅក្នុងវត្តអារាមដើម្បីជួយ សម្រួលដល់ប្អូនៗ ដែលត្រូវប្រលង បាក់ឌុបឆ្នាំនេះ។
គួររំលឹកផងដែរថា កាលព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ពិសេសការងារសម្របសម្រួលបេក្ខជនក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិសម័យប្រឡង ២១ សីហា ២០១៧ ។
លោកបានមានប្រសាសន៍ណែនាំដល់ក្រុង ស្រុកដែលមានមណ្ឌលប្រឡងស្ថិតនៅ ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធជាពិសេសមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរធម្មការ និងសាសនា ជួយសម្រួល រៀបចំកន្លែងស្នាក់នៅជូនបេក្ខជនដែលមានតម្រូវការ នៅក្នុងវត្ត ឬសាលារៀន ដែលនៅជិតមណ្ឌលប្រឡង ។ ទន្ទឹមនេះលោកអភិបាលខេត្តក៏បាន អំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍ដូចជាម្ចាស់ សណ្ឋាគារ ឫផ្ទះសំណាក់ជាដើម សូមកុំឲ្យដំឡើងថ្លៃស្នាក់នៅក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយឡែក សម្រាប់ការផ្ញើកង់ ម៉ូតូ គឺត្រូវរៀបចំឲ្យមានសណ្ដាប់ធ្នាប់ និងមានសុវត្ថិភាព កុំឲ្យមានការបាត់បង់ ចំពោះថ្លៃផ្ញើកង់ ម៉ូតូ គឺសាលាខេត្តជាអ្នកជួយរ៉ាប់រ៉ងចំណាយដោយមិនតម្រូវឲ្យបេក្ខជន ប្រឡងបង់ថ្លៃនោះទេ ៕




No comments:

Post a Comment