Thursday, August 10, 2017

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឱ្យកម្លាំងនគរបាលទាំង១២ខណ្ឌ បង្កើនការបង្ក្រាបបទល្មើសតាមមូលដ្ឋានជាពិសេសប្លន់ ឆក់ និងគ្រឿងញៀន

(ភ្នំពេញ)៖​ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានដាក់បទបញ្ជាទៅកងកម្លាំងនគរបាលទាំង១២ខណ្ឌ និងនគរបាលជំនាញរបស់ស្នងការ បន្ដបើកប្រតិបត្តិការបង្ក្រាបបទល្មើស កាន់តែខ្លាំងឡើងតាមមូលដ្ឋាន ទិសដៅរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសនោះបទល្មើសប្លន់ បទល្មើសឆក់ និងគ្រឿងញៀនដែលថ្នាក់ដឹកនាំព្រួយបារម្ភ និងយកចិត្តទុកដាក់យ៉ាងខ្លាំង។

ការដាក់បទបញ្ជាសារជាថ្មី របស់នាយឧត្តមសេនីយ៍ខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិជូននគរបាល រាជធានីភ្នំពេញ ចំនួន១១១នាក់ ក្នុងនោះផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន៦១នាក់ ចាប់ពីនាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាល រហូតដល់នាយរងការិយាល័យ និងបំពាក់ឋានន្ដរស័ក្ដិ វរសេនីយ៍ត្រី វរសេនីយ៍ទោ ចំនួន៥០នាក់ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ។ នៅចំពោះមុខកងកម្លាំងនគរបាលទាំងអស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា បទល្មើសនានាជាពិសេសឆក់ និងគ្រឿងញៀន បានកើតឡើងគួរឱ្យព្រួយបារម្ភ ដូច្នេះអធិការខណ្ឌទាំង១២ និងនាយការិយាល័យជំនាញរបស់ស្នងការដ្ឋាន ត្រូវបង្កើនប្រតិបត្តិការចុះស្រាវ​ជ្រាវ និងបង្ក្រាបខ្លាំងណាស់ឡើង ដើម្បីរក្សាសុវត្ថិភាព សន្ដិសុខ និងសណ្ដាប់ធា្នប់ជូនប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ បានបន្ដទៀតថា យុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់រយៈពេល៦ខែ ត្រូវបានបញ្ចប់ហើយយុទ្ធនាការថ្មី បានចាប់ផ្ដើមបន្ដតាំងពីថ្ងៃទី០១ ខែកក្កដា ដូច្នេះកងកម្លាំងនគរបាលទាំងអស់ត្រូវបង្កើនការងារនេះ ប្រកបដោយការទទួលខុសត្រូវ និងមានឆន្ទៈពិតប្រាកដ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំឱ្យ និងជំរុញដល់នគរបាលទាំង១១១នាក់ ទើបទទួលការផ្ទេរភារកិច្ចតែងតាំងមុខតំណែងថ្មី និងបំពាក់ឋានន្ដរស័ក្ដិ នៅពេលនេះ ត្រូវខិតខំបន្ដការងារឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសនគរបាលទាំងអស់ ត្រូវរួមគ្នាបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យមានប្រសិទ្ធិភាពជាទីបំផុត៕

(ប្រភព៖ Fresh News)






No comments:

Post a Comment